គិរីដង​រ៉ែក A រំពឹង​លើក​ពាន​ Tiger Street Football Festival​ 2017 ​​លើក​ទី​៣​

  • 2017-02-24 03:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​ជើង​ឯក​ប្រចាំ​មណ្ឌល​សៀមរាប​ពីរ​ឆ្នាំ​ជាប់​គ្នា២០១៥​ និង​២០១៦ គិរី​ដង​រ៉ែក​ A រំពឹង​លើក​ពាន​ Tiger Street Football 2017 ​ប្រចាំ​មណ្ឌល​មួយ​នេះ​​​ជា​លើក​ទី​៣ ។

អេង ស៊ីន​តារា(ខ្ពស់​ជាង​គេ និង​យុវជន​គិរីដងរ៉េក)

​គិរីដង​រ៉ែក​ជា​​ក្រុម​បាល់ទាត់​ខ្លាំង​មួយ​​ក្នុង​ខេត្ត​សៀមរាប ដែល​គ្រប់​មហាជន​ក្នុង​​ខេត្ត​មួយ​​នេះ​​​ដឹង​ថា ​ ជា​ក្រុម​​មាន​​កីឡាករ​ល្អ​ៗ​ច្រើន​​ទាំង​យុវជន និង​​ឈុត​ធំ​។ ជាង​នេះ​ទៅ​ទៀត​ក្រុម​មួយ​នេះ​ធ្លាប់​ចូលរួម​លេង​ពាន​រង្វាន់​មហាជន និង​ពានរង្វាន់​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ក្នុង​ខេត្ត។ ​

​​បើ​តាម​លោក អេង ស៊ីន​តារា អ្នក​ដឹក​នាំ​ក្រុម​​គិរី​ដង​រ៉ែក​បាន​ឲ្យ​ដឹង​ថា​ ​​​ក្នុង​ពាន​រង្វាន់​ខាង​លើ​​​​នា​រដូវ​កាល​នេះ​ក្រុម​​បាល់ទាត់​​​របស់​លោក​បាន​បែងចែក​ជា ៥​ក្រុម​​​​។ ​ក្រុម​ទាំង​៥ នេះ​មាន​មួយ​ក្រុម​ដែល​លោក​គិត​ថា អាច​លើក​ពាន​​គឺ​គិរីដង​រ៉ែក​ A ​ដែល​មាន​សុទ្ធ​តែ​កីឡាករ​ឆ្នើម​ៗ​ទាំង​អស់​តែ​ម្ដង​។

​អ្នក​ដឹក​នាំ​វ័យ​ក្មេង​រូប​នេះ​បន្ថែម​ថា រដូវ​កាល​នេះ​មាន​ក្រុម​ចូល​រួម​ច្រើន​មែន​ទែន​នៅ​សៀមរាប​​រហូត​ដល់​ទៅ​១០៨​ក្រុម​ ។ ប៉ុន្តែ​លោក​នៅ​តែ​សង្ឃឹម​លើក​ពាន​ ដោយ​លើក​ហេតុ​ផល​ថា​​ក្នុង​ចំណោម​ក្រុម​ទាំង​អស់​មាន​មួយ​ចំនួន​ធំ​លោក​ដឹង​សមត្ថភាព ហើយ​​មួយ​​ផ្នែក​​តូច​ជា​ក្រុម​ថ្មី​ទើប​បង្កើត​ឡើង​ ដែល​​​មិន​មាន​ឈ្មោះ​ល្បី​។

​ការ​ប្រកួត​បាល់ទាត់ ​Tiger Street Football Festival 2017 ប្រចាំ​មណ្ឌល​សៀមរាប​ចាប់​ផ្ដើម​វគ្គ​​ជម្រុះ​​ព្រឹក​​មិញ​នេះ​ ដែល​មាន​២២​គូ​ នឹង​គ្រោង​រក​ឃើញ​ជើង​ឯក​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ។ ខណៈ​ក្រុម​គិរី​ដង​រ៉េក​​ A នឹង​ចាប់​ផ្ដើម​ប្រកួត​ជម្រុះ​​រសៀល​ស្អែក​។

សូម​បញ្ជាក់​ថា ​​ប្រាក់​រង្វាន់​នៅ​សៀមរាប​អ្នក​លេខ​១ទទួល​បាន​១៥០០ដុល្លារ​អាមេរិក លេខ២ទទួល​បាន​១០០០​ដុល្លារ​អាមេរិក លេខ​៣ទទួល​បាន​៥០០ដុល្លារ​អាមេរិក និង​លេខ​៤​ទទួល​បាន​២០០​ដុល្លារ​អាមេរិក។ មណ្ឌល​សៀមរាប​​កំណត់​យក​ចំនួន​១០​ក្រុម​ទៅ​ធ្វើ​ការ​ប្រកួត​​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ​​នៅ​ភ្នំពេញ​នា​​ថ្ងៃ​ទី១១​ ខែ​មីនា ឆ្នាំ​២០១៧៕​​

សកម្មភាព​ប្រកួត​ព្រឹក​មិញ​៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​