ធនាគារ ស្ថាបនា ប្រកាស​ប្ដូរ Logo របស់​ខ្លួន​ឆាប់ៗ​នេះ

  • 2017-02-24 11:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដែល​ទើប​បង្ហោះ​លើ​បណ្ដាញ​សង្គម​ប៉ុន្មាន​នាទី​មុន​នេះ ធនាគារ ស្ថាបនា ភីអិលស៊ី ដែល​ត្រូវ​ជា​បុត្រ​សម្ព័ន្ធ​របស់ MARUHAN Japan Group បាន​បញ្ជាក់​ថា​នឹង​ប្ដូរ Logo (និមិត្ត​សញ្ញា) របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដោយ​បច្ចុប្បន្ន​កំពុង​សិក្សា​ឲ្យ​បាន​ច្បាស់។

Logo បច្ចុប្បន្ន​របស់ ធនាគារ ស្ថាបនា ភីអិលស៊ី

ធនាគារ ស្ថាបនា ភីអិលស៊ី គឺ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ទី៣ ដែល​ត្រូវ​ផ្លាស់​ប្ដូរ Logo របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ច្រឡំ​ជាមួយ​ស្ថាប័ន​រដ្ឋ។ កន្លង​មក ស្ថាប័ន​ហិរញ្ញវត្ថុ​ធំ២ ដែល​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្ដូរ​ Logo (និមិត្តសញ្ញា​) របស់​ខ្លួន និង​កំពុង​ផ្លាស់​ប្ដូរ​។ ក្នុង​នោះ មាន​ធនាគារ​អេស៊ីលីដា កំពុង​ដំណើរ​ការ​ប្ដូរ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង ៣​លាន​ដុល្លារ។ ចំណែក គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រាសាក់ ត្រូវ​បាន​សម្ដេច​តេជោ ហ៊ុន សែន ប្រាប់​ឲ្យ​ប្ដូរ​ Logo បន្ទាន់​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ក្នុង​រង្វង់​ប្រមាណ ១​លាន​ដុល្លារ។

កាល​ពីថ្ងៃ​ទី២១ កុម្ភៈ​កន្លង​ទៅ  ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​​មួយ ដោយ​ស្នើ​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ព្រម​ទាំង​ប្រតិបត្តិករ​មីក្រូ​ហិរញ្ញវត្ថុ ដែល​មាន Logo (និមិត្ត​សញ្ញា) ស្រដៀង​ក្រសួង-ស្ថាប័ន​រដ្ឋ ដូច​ជា​មាន​រូប “៛” ឬ​រូប “សឹង្ហ” ជា​ដើម ធ្វើ​ការ​ផ្លាស់​ប្ដូរ​ចេញ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ថា​ជា​របស់​រដ្ឋ។

ធនាគារ​ជាតិ​បាន​បញ្ជាក់​តាម​សេចក្ដី​ជូន​ដំណឹង​នោះ​ថា ជាក់​ស្តែង គ្រឹះ​ស្ថាន​ទាំងនោះ គឺ​ជា​គ្រឹះស្ថាន​ឯកជន ធ្វើ​អាជីវកម្ម​រក​ប្រាក់​ចំណេញ ។ ដូច្នេះ​រាល់​ការ​ខ្ចី​ប្រាក់ ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន និង​ប្រើ​ប្រាស់​តាម​គោល​ដៅ ព្រោះ​រាល់​ការ​ខ្ចី ត្រូវ​សង​វិញ​តាម​លក្ខខណ្ឌ​ក្នុង​កិច្ច​សន្យា​ដែល​មាន​សុពល​ភាព​ផ្លូវ​ច្បាប់។

ម៉្យាងវិញទៀត ធនាគារ​ជាតិ​នៃ​កម្ពុជា តម្រូវ​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ​និង​មីក្រូ​ហិរញ្ញវត្ថុ និង​ប្រតិបត្តិករ​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ប្ដូរ​និមិត្តសញ្ញា (Logo) ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​និមិត្ត​សញ្ញា​របស់​ស្ថាប័ន​រដ្ឋ ដូច​ជា រូប “៛” “រូប​សឹង្ហ” ជាដើម ដែល​អាច​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ថា​គ្រឹះស្ថាន​ទាំង​នោះ ជា​គ្រឹះស្ថាន​របស់​រដ្ឋ៕

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម