ប្រាសាក់ ប្ដូរ​និមិត្ត​សញ្ញា​ថ្មី ឲ្យ​សាធារណជន​ងាយ​ចំណាំ

  • 2017-02-25 03:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុលោម​តាម​ប្រសាសន៍​ណែនាំ​​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧ និង​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ ២០១៧ តំណាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់ បាន​ជួប​ពិភាក្សា​ជាមួយ​តំណាង​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​សុំ​ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​ថ្មី និង​ការ​ប្រតិបត្តិ​តាម​ច្បាប់​ស្តី​ពី​ម៉ាក​ពាណិជ្ជ​នាម នៅ​រសៀល​ថ្ងៃ​ទី​២២ ដដែល។

ក្នុង​កិច្ច​ប្រជុំ​នេះ ថ្នាក់​ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ឡើង​ពី​ច្បាប់​ស្ដី​ពី​ម៉ាក​ពាណិជ្ជ​នាម និង​បញ្ជាក់​ពី​ការ​ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​ថ្មី​របស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​នានា ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ពី​សាធារណជន។ ថ្នាក់​ដឹកនាំ​ក្រសួង​ក៏​បាន​ស្នើ​ដល់​មន្ត្រី​នៃ​នាយកដ្ឋាន កម្មសិទ្ធិ​បញ្ញា សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់ ដើម្បី​រៀបចំ​លិខិត​ស្នាម​ចុះ​បញ្ជី​ការ​និមិត្ត​សញ្ញា​ថ្មី។

ជា​ការ​ឆ្លើយ​តប ថ្នាក់​គ្រប់​គ្រង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់ បាន​ឯកភាព​ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​ថ្មី ដែល​ប្ដូរ​សញ្ញា​ប្រាក់​រៀល «៛៛៛» ចេញ និង​ជំនួស​វិញ​ដោយ​ពាក្យ «ប្រាសាក់» ដែល​ធ្វើ​ឲ្យ​អតិថិជន​កាន់​តែ​ងាយ​ចំណាំ និង​មិន​ភ័ន្តច្រឡំ​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់ ជា​គ្រឹះស្ថាន​របស់​រដ្ឋ​នោះ​ទេ។ ថ្នាក់​គ្រប់​គ្រង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់ ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង និង​មន្ត្រី​ជំនាញ ដែល​បាន​ជួយ​សម្រប​សម្រួល​ដំណើរការ​រៀបចំ​ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​ថ្មី ដើម្បី​គ្រឹះស្ថាន​អាច​បន្ត​ការ​បម្រើ​សេវា​ហិរញ្ញ​វត្ថុ​ជូន​ប្រជាជន​កម្ពុជា​បន្ត​ទៀត។

បញ្ជាក់​ជា​ថ្មី​ថា គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់ ជា​គ្រឹះស្ថាន​ឯកជន និង​មិន​មែន​ជា​គ្រឹះស្ថាន​របស់​រដ្ឋ​ទេ ហើយ​គ្រឹះស្ថាន​បាន​ដក​ចេញ​និមិត្ត​សញ្ញា (Logo) បច្ចុប្បន្ន​របស់​ខ្លួន​ពី​បណ្ដា​អគារ​ការិយាល័យ សម្ភារៈ ឯកសារ​ផ្សព្វផ្សាយ និង​ពី​បណ្ដាញ​ផ្សព្វផ្សាយ​នានា ដើម្បី​កុំ​មាន​ការ​ភ័ន្តច្រឡំ​ពី​អតិថិជន និង​សាធារណជន។ អំឡុង​ពេល​ដំណើរ​ការ​ផ្លាស់​ប្ដូរ​និមិត្ត​សញ្ញា​ថ្មី​នេះ ប្រាសាក់ នៅ​តែ​បើក​បម្រើ​សេវា​ជូន​អតិថិជន និង​សាធារណជន​ដូច​ធម្មតា៕

ដោយ៖ សុផាត