ផលិតផល​ថ្មី​មួយ​ទៀត​នឹង​មាន​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​ឆាប់ៗ

  • 2017-02-25 15:27:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​ផល​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស លីមីតធីត ដែល​ផលិត​ស្រាបៀរ​កម្ពុជា នឹង​ចាប់​ផ្តើម​មាន​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​នរណា​ម្នាក់​អាច​បញ្ជាក់​បាន​ទេ​ថា នេះ​ជា​ផលិតផល​អ្វី។

ការ​លើក​ឡើង​បែប​នេះ ដោយសារ​ក្នុង​ពេល​ថ្មីៗ​នេះ ឃើញ​មាន​វីដេអូ​ពាណិជ្ជកម្ម​របស់​ផលិតផល​ថ្មី​មួយ បាន​ចាប់​ផ្តើម​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នានា និង​ឃើញ​ផ្ទាំង​ពាណិជ្ជកម្ម​ផលិត​ផល​ដដែល​នេះ បង្ហាញ​ខ្លួន​តាម​ដង​វិថី​សំខាន់ៗ​មួយ​ចំនួន​នៅ​កម្ពុជា រួម​មាន នៅ​ជិត​អាកាស​យាន្ត​ដ្ឋាន​ភ្នំពេញ​អន្តរជាតិ ជិត​រង្វង់​មូល​សម្តេច​សង្ឃ​ជួន​ណាត លើ​ផ្លូវ​ជាតិ​លេខ​៤ ច្រក​ចូល​ក្រុង​ព្រះសីហនុ និង​តាម​វិថី​មួយ​ចំនួន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា។

ក្នុង​ផ្ទាំង​ពាណិជ្ជកម្ម គេ​ឃើញ​បុរស​ម្នាក់​ក្នុង​ឈុត​ខ្មៅ​កំពុង​ដើរ​សំដៅ​ទៅ​រក​រទេះ​មួយ​ក្នុង​ចម្ការ​ស្រូវ​សាលី​ពណ៌​លឿង​ទុំ​យ៉ាង​ស្រស់​ស្អាត អម​ដោយ​ពាក្យ​ស្លោក «ស្វែង​រក​ពិភព​អច្ឆរិយ​ពណ៌​ខ្មៅ​ដ៏​អស្ចារ្យ​របស់​អ្នក ឬ FIND YOUR BLACK WONDERLAND»។

ផេក​ហ្វេសប៊ុក​ថ្មី​មួយ​ឈ្មោះ​ថា «Barrley Black» ត្រូវ​បាន​បង្កើត​ឡើង ដោយ​ប្រើ​ប្រាស់​ផ្ទាំង​ពាណិជ្ជកម្ម​ផលិត​ផល​មួយ​នេះ​ជា​រូប​ក្នុង Profile និង Cover Page ។

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ទាយ​ថា “Barrley Black” ជា​ឈ្មោះ​ស្រាបៀរ​ទឹក​ខ្មៅ​ប្រភេទ​ថ្មី​របស់​ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស លីមីតធីត ប៉ុន្តែ​ខាង​ក្រុមហ៊ុន​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​នោះ​ទេ​ថា “Barrley Black” ពិត​ជា​ឈ្មោះ​ផលិតផល​ថ្មី ហើយ​វា​ពិតជា​ស្រាបៀរ​ទឹក​ខ្មៅ​មែន​ឬ​យ៉ាង​ណា​នោះ​ទេ៕

អត្ថបទ៖ ពាណិជ្ជកម្ម