ត្រាំ ប្រកាស​មិន​ចូល​រួម​ទទួល​ទាន​អាហារ​ប្រចាំ​ឆ្នាំ​ជាមួយ​អ្នក​កាសែត

  • 2017-02-26 04:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ដូណាល់ ត្រាំ បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី១ ក្នុង​រយៈ​ពេល ៣៦​ឆ្នាំ​ចុង​ក្រោយ ដែល​ប្រកាស​មិន​ចូល​រួម​ពិធី​ទទួល​ទាន​អាហារ​ប្រចាំ​ឆ្នាំ​ជាមួយ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​នានា​នៅ​ថ្ងៃ​ទី២៩ មេសា​ខាង​មុខ។

ជំនួប​រវាង​មន្ត្រី​រដ្ឋាភិបាល ប្រធានាធិបតី ជាមួយ​អ្នក​សារព័ត៌មាន​ល្បី​ៗ គឺ​ជា​ប្រពៃណី​រាប់​សិប​ឆ្នាំ​មក​ហើយ របស់​សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា។ ពិធី​ជួប​ជុំ​នេះ​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ ១៩២១ ហើយ​ក្នុង​ឱកាស​នោះ​ក៏​មាន​ការ​ផ្ដល់​ពាន​រង្វាន់​ដល់​អ្នក​កាសែត និង​អាហារូបករណ៍​នានា​ផង​ដែរ។

ចំណែក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា​មិន​ចូល​រួម​​កម្មវិធី​នេះ​ឡើយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន ប៉ុន្តែ​មិន​បង្ហាញ​មូលហេតុ។ លោក​បាន​បង្ហោះ​ថា៖ "ខ្ញុំ​នឹង​មិន​ចូល​រួម​ពិធី​ទទួល​ទាន​អាហារ​រវាង​សេតវិមាន និង​សមាគម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​នៅ​ឆ្នាំ​នេះ​ទេ។ សូម​ជួន​ពរ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​សំណាង​ល្អ ហើយ​រីករាយ​នៅ​ល្ងាច​នោះ"។

ប្រធានាធិបតី​ចុង​ក្រោយ​បំផុត ដែល​មិន​ចូល​រួម​ពិធី​នោះ គឺ​លោក Ronald Reagan ក្នុង​ឆ្នាំ​១៩៨១ ប៉ុន្តែ​លោក​មាន​ហេតុផល​សមរម្យ ដោយ​សារ​ទើប​រួច​ផុត​ពី​ការ​ប៉ង​ធ្វើ​ឃាត។ យ៉ាង​ណា​ក្ដី លោក​ក៏​បាន​និយាយ​តាម​ទូរសព្ទ​បែប​កំប្លែង​ទៅ​កាន់​ពិធី​នោះ​ថា៖ "ពេល​អ្នក​ណា​ប្រាប់​ឲ្យ​ចូល​ឡាន ចូល​ឲ្យ​លឿន​ទៅ"។

ចំពោះ​លោក ត្រាំ វិញ មិន​បាន​បង្ហាញ​មូលហេតុ​ច្បាស់​លាស់​ទេ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​ទី៤៥ រូប​នេះ មិន​សូវ​ត្រូវ​ជា​មួយ​អ្នក​កាសែត​ទេ។ កាល​ពី​ពេល​ថ្មី​ៗ​លោក​ថែម​ទាំង​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​ថា សារព័ត៌មាន​គឺ​ជា​សត្រូវ​របស់​ប្រជាជន​អាមេរិក៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ គង់ វិសាល