ប្រជាជន​បារាំង​ធ្វើ​ញត្តិ​ហៅ ​អូបាម៉ា ឲ្យ​​មក​ធ្វើ​ជា​ប្រធានាធិបតី

  • 2017-02-27 02:41:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​​ប្រធានាធិបតី​អាមេរិក​ទី​៤៤​​ ទើប​ផុត​អាណត្តិ បារ៉ាក់ អូបាម៉ា ត្រូវ​បាន​ពលរដ្ឋ​បារាំង​មួយ​ចំនួន​គោរព​​ស្រលាញ់​ការ​ដឹក​​នាំ​ប្រទេស​ ធ្វើ​ឲ្យ​ពួក​គេ​នាំ​គ្នា​ប្រមូល​ញត្តិ​ឲ្យ​បាន​ច្រើន​ដើម្បី​អំពាវ​នាវ​​ឲ្យ​លោក​ ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ប្រធានាធិបតី​បារាំង​នៅ​ខែ​មេសាខាង​មុខ​។

រូបភាព​ផ្ដល់​សិទ្ធិ​ដោយ Reuters

ក្រុម​​អ្នក​​ធ្វើ​ញត្តិ​បែប​នេះ ព្រោះ​ពួក​គេ​​មិន​ពេញ​ចិត្ត​​នឹង​បេក្ខជន​ប្រធានាធិបតី​បច្ចុប្បន្ន ទើប​សម្រេច​ស្វែង​រក​បេក្ខជន​ចូល​រួម​ប្រកួត​​ម្នាក់​ទៀត​​ជា​លោក ​អូបាម៉ា។

ញត្តិ​​នោះ​​​ឈ្មោះ​ថា Obama17 ​មាន​គោល​បំណង​ស្វែង​រក​​ការគាំទ្រ​ឲ្យ​បាន​​ ១លាន​សំឡេង ដើម្បី​បញ្ចុះ​បញ្ចូល​​លោក​អូបាម៉ា មក​​ប្រកួត​យក​​តំណែង​ប្រធានាធិបតី​បារាំង។

នៅ​​ប៉ុន្មាន​​ថ្ងៃ​ចុងក្រោយ​នេះ គេ​ឃើញ​​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​​ប្រមាណ ៥០០​​សន្លឹក​ត្រូវ​បាន​បិទ​​តាម​ទី​សាធារណៈ​ទូទាំង​ក្រុង​ប៉ារីស​ដោយ​ជំរុញ​ឲ្យ​គ្រប់​គ្នា​​ចូល​ទៅ​គាំទ្រ​ញត្តិ​​ក្នុង​គេហទំព័រ​របស់​ពួក​គេ។

ក្នុង​ញត្តិ​ខាង​លើ​​បាន​សរសេរ​​ពាក្យ​ស្លោក​ជា​ភាសា​បារាំង​ថា "Oui on peut” មាន​ន័យ​ថា "បាទ/ចាស យើង​អាច​" និង​អម​ដោយ​ពាក្យ​ថា​ "អតីត​មេបញ្ជាការ​រូប​នេះ​សក្ដិសម​បំផុត​លើ​លោក​​​ក្នុង​ការ​បន្ត​​ធ្វើ​ជា​ប្រធានាធិបតី​បារាំង។ យើង​ប្រាថ្នា​យក​ឈ្នះ​​បញ្ហា​មួយ​​ដោយ​ជ្រើស​រើស​ប្រធានាធិបតី​បរទេស​​មក​​ដឹក​នាំ​ប្រទេស​ដ៏​ស្រស់​ស្អាត​របស់​យើង។ លោក​អូបាម៉ា ​បាន​ជាប់​ជា​ប្រធានាធិបតី​​អាមេរិក​ដល់​ទៅ​​២អាណត្តិ ហេតុអ្វី​មិន​អាច​ជួល​គាត់​ឲ្យ​មក​ធ្វើ​ជា​ប្រធានាធិបតី​​​បារាំង​បាន?" ទោះ​ជា​យ៉ាង​ណា​មក​ទល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា​លោក​អូបាម៉ា ប្រតិកម្ម​​យ៉ាង​ណា​នោះ​ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម