ក្រសួង​ការពារជាតិ ​លេង​មិន​ល្អ​ដោយសារ​បញ្ហា​ទាំង​នេះ

  • 2017-02-27 07:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើក​ឆាក​រដូវ​កាល​នេះ ​ក្រុម​ក្រសួង​ការពារ​ជាតិ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Cambodian Tiger ​០-០ ​នៅ​ទឹក​ដី​ស្ដាត​ចាស់​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។

លោក ទេព ឡុងរចនា

ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ទៅ លោក ទេព ឡុងរចនា ​គ្រូ​បង្វឹក​របស់​ក្រុម​ក្រសួង​ការពារ​ជាតិ​មិន​សប្បាយ​ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល​ឡើយ ​ដោយ​គិត​ថា​សម​តែ​ឈ្នះ​ការ​ប្រកួត​នេះ ព្រោះ​មាន​ឱកាស​ល្អ​ៗ​ច្រើន តែ​បែរ​ជា​ស្មើ​ទៅ​វិញ។ "ពួកគេ​លេង​អន់ ទើប​មិន​អាច​ឈ្នះ​បាន... អូន​ឯង​គិត​មើល​ទៅ​ឱកាស​ច្រើន​ណាស់ តែ​បែរ​ជា​ធ្វើ​មិន​សម្រេច។ តើ​គួរ​បន្ទោស​កំហុស​ទាំង​អស់​ទៅ​លើ​អ្នក​ណា? ​មាន​នរណា​ទៀត ​អ្វី​គ្រប់​យ៉ាង​ត្រូវ​តែ​ខ្ញុំ​ជា​អ្នក​រ៉ាប់រង ​ខ្ញុំ​នឹង​កែប្រែ​ចំណុច​ទាំង​នោះ​ឱ្យ​ល្អ​ឡើង​វិញ”។ សម្ដី​លោក ទេព ឡុងរចនា​។

ចំពោះ​បញ្ហា​នោះ ​គ្រូ​បង្វឹក​ខាង​លើ​បាន​បញ្ជាក់​ថា​មាន​ដូចជា​ការ​បញ្ចប់​ទី​មិន​ល្អ ​កីឡាករ​លេង​ដូចជា​អារម្មណ៍​មិន​មូល និង​ការ​មើល​ស្រាល​ដៃ​គូ ​អី​ដើម ​ដែល​សុទ្ធ​សឹង​តែ​បង្ក​ឱ្យ​ក្រុម​ទាំង​មូល​មិន​ទទួល​បាន​ជោគជ័យ។ ខណៈ​ដែល​ដំណោះស្រាយ​វិញ ​លោក ទេព ឡុងរចនា ​មិន​បាន​ប្រាប់​ឱ្យ​លម្អិត​នោះ​ទេ ​ដោយ​លោក​នឹង​ដោះស្រាយ​វា ​ហើយ​អ្នក​គាំទ្រ​អាច​មើល​បាន​ទៅ​ថ្ងៃ​ប្រកួត​ជាមួយ​បឹង​កេត។

សម្រាប់​ការ​ប្រកួត​បើក​ឆាក​ដំបូង ​ក្រសួង​ការពារ​ជាតិ ​និង​បឹង​កេត​សុទ្ធ​តែ​ទទួល​បាន​១​ពិន្ទុ​ដូច​គ្នា ​ដោយ​ទ័ព​ស្មើ Tiger ​០-០ ​និង​បឹង​កេត​ស្មើ​ជាមួយ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ២-២។ ​ក្រុម​ម្ចាស់​ជើង​ឯក Hun Sen Cup ​មួយ​នេះ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ការពារ​តំណែង​ជើង​ឯក​លីគ​កំពូល ​នៅ​ថ្ងៃ​ទី​១​ខែ​ក្រោយ​នេះ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង​៦​ល្ងាច​ត​ទៅ៕

អត្ថបទ៖ មុន្នីរម្យ