អតីត​គ្រូ​បឹងកេត ​«លីគ​កំពូល​កម្ពុជា​អត់​សូវ​រីកចម្រើន​មក​ពី​មាន​អ្នក​គាំទ្រ​តិច»

  • 2017-02-28 07:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​បឹងកេតអង្គរ​ លោក​ប្រាក់​ សុវណ្ណារ៉ា​ ថា​អ្នក​មើល​បាល់ទាត់​មួយ​ចំនួន​ទៅ​ចូល​រួម​គ្រាន់​តែ​ដើម្បី​សប្បាយ​តែ​ប៉ុណ្ណោះ​មិន​ទាន់​ស្រឡាញ់​និង​ចូល​ចិត្ត​នោះ​ទេ។​

លោកគ្រូ ប្រាក់ សុវណ្ណារ៉ា

លោក​ ប្រាក់​ សុវណ្ណារ៉ា​ បាន​ឲ្យ​ដឹង​ថា​មូល​ហេតុ​ដែល​បាល់ទាត់​លីគ​កំពូល​កម្ពុជា​មិន​សូវ​មាន​មនុស្ស​ចូល​មើល​ឬ​គាំទ្រ​ច្រើន​ព្រោះ​ មិន​ទាន់​មានអ្នកចូល​ចិត្ត​វិស័យ​មួយ​នេះ​ខ្លាំង​ខ្លា​នោះ​ទេ។​ តែ​ចំពោះ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​រវាង​ប្រទេស​និង​ប្រទេស​វិញ លោក​មើល​ឃើញ​ថា​មាន​ការ​ចូល​រួម​ច្រើន​កុះករ​ គ្រូ​រូប​នេះ​គិត​ថា​អ្នកចូលរួមមួយ​ចំនួន​ធំ​គឺ​គេ​ទៅ​ដើម្បី​កម្សាន្ត​ជា​មួយ​ក្រុម​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ​នោះ​ទេ។​

អ្នកគាំទ្របាល់ទាត់កម្ពុជា​ពេលក្រុមជម្រើសជាតិទាត់

ក្នុង​ការ​ប្រកួត​ក្រុម​ជម្រើស​ជាតិ​នា​ពេល​កន្លង​មក​ មាន​ការ​សម្ដែង​សិល្បៈ​មាន​កម្មវិធី​បន្ទាប់បន្សំ​ជា​ច្រើន​ទៀត​ ទាំង​នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ពួក​គេ​ទៅ​ចូល​រួម​បាន​ច្រើន​នោះ​ ប៉ុន្តែ​ក៏​មាន​អ្នក​ស្រឡាញ់​និង​គាំទ្រ​វិស័យ​បាល់ទាត់​មែនទែន​ដែរ។​ គេ​ទៅ​ដើម្បី​លើក​ទឹក​ចិត្ត​កីឡាករ​ឲ្យ​ឈ្នះ​ការ​ប្រកួត​និង​ចង់​ឃើញ​កីឡាករ​ដែល​ខ្លួន​ស្រឡាញ់​លេង​ផង​ដែរ។​

អ្នក​គាំទ្រ​បាល់ទាត់​ឬ​លីគ​កំពូល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នៅ​មាន​ចំនួន​តិច​តួច​ណាស់​ ជាក់​ស្ដែង​មិនថាការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​ៗ​នៅ​កម្ពុជា​យ៉ាង​ណា​ក៏​ដោយ។​ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​វិស័យ​បាល់ទាត់​កម្ពុជា​មិន​សូវ​រីកចម្រើន​ដូច​បណ្ដា​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ វា​ខុស​ពី​ប្រទេស​ថៃ​ ឥណ្ឌូនេស៊ី​ និង​វៀតណាម​ជា​ដើម​ដែល​ពេល​ប្រកួត​លីគ​កំពូល​ម្ដងៗ​មាន​អ្នក​ចូល​ទស្សនាស្ទើរ​ស្មើ​ក្រុម​ជម្រើស​ជាតិ​ទាត់​តែ​ម្ដង។​

ក្រុមបាល់ទាត់ ការពារជាតិ អាវពណ៌ទឹកក្រូច

លោក​ ប្រាក់​ សុវណ្ណារ៉ា​ ធ្លាប់​ដឹង​នាំ​ឲ្យ​ក្រុម​បាល់ទាត់​ បឹងកេតអង្គរ​ ឈ្នះ​ពាន​រង្វាន់​លីគ​កំពូង​កម្ពុជា​ឆ្នាំ​ ២០១៦​ នា​រដូវ​ការ​មុន​ នៅ​ពេល​នេះ​គ្រូ​ដែល​មាន​បទ​ពិសោធន៍​ខាង​បាល់ទាត់​ច្រើន​រូប​នេះ​ នៅ​មិន​ទាន់​មាន​មុខ​តំណែង​ឬ​គ្រប់គ្រង​ខាង​ផ្នែកណា​មួយ​ទាក់ទង​និង​បាល់ទាត់​នោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​