តំណែង​ អ៊ា​ វឌ្ឍ​នា ធ្វើ​ឲ្យ​ ករុណា ពេជ្រ សុបិន​ឃើញ​ទាំង​យប់​ថ្ងៃ​

  • 2017-02-28 23:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ករុណា ពេជ្រ បាន​​រៀប​រាប់​ថា​៖ "មុខ​​តំណែង​​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​ក្នុង​ផលិត​កម្ម​ថោន​ ដែល​ខ្ញុំ​ទទួល​ពី​បង​ អ៊ា​ វឌ្ឍនា វា​ពិត​ជា​មាន​ផល​ពិបាក​ច្រើន​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​ចូល​មក​ពាក់​កណ្ដាល​ទី​​ ហើយ​អ្វី​ដែល​កាន់​តែ​ពិបាក​នោះ​គឺ ខ្ញុំ​ចូល​មក​ក្នុង​ឱកាស​ថត​បទ​ចូល​ឆ្នាំ​ខ្មែរ​ទៀត​រហូត​ពេល​គេង​ក៏​យល់​សប្ដិ​ឃើញ​ការ​ងារ​ដែរ​។

លោក​បន្ត​ថា​ នៅ​ក្នុង​ការ​ងារ​ថ្មី​នេះ​លោក​ត្រូវ​​សម្រប​សម្រួល​បុគ្គលិក​រាប់​រយ​នាក់​ ​បញ្ជា​ការងារ​ និង​រៀប​ចំ​រចនា​សម្ព័ន្ធ​សារ​ជា​ថ្មី​។​ ទោះ​បី​ជា​ជួប​ផល​ពិបាក​ខ្លះ​ៗ​នៅ​ក្នុង​ការ​ងារ​ក៏​លោក​មិន​​រុញ​រា​ដែរ​ នឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ ព្រោះ​ក្រុម​ការងារ​ជើង​ចាស់​មួយ​ចំនួន​ក្នុង​ផលិត​កម្ម​ថោន​ជួយ​ណែ​នាំ​ និង​ជួយ​តម្រង់​ផ្លូវ​ការ​ងារ គ្មាន​នរណា​ម្នាក់​កើត​មក​ចេះ​ឯង​ទេ​អ្វី​ក៏​ដោយ​កើត​ឡើង​ពី​ការ​រៀន​ ហើយ​សព្វថ្ងៃ​នេះ​លោក​កំពុង​តែ​រៀន​សូត្រ​​ពី​ការ​ងារ​​ ថ្មី​មួយ​នេះ​​ផង​ដែរ​។

ការ​លើក​ឡើង​បែប​នេះ​គឺ​ធ្វើ​ឡើង​នៅ​ពេល​លោក​ ករុណា ពេជ្រ ដឹក​នាំ​ក្រុម​ការ​ងារ​ទៅ​ថត​បទ​ចម្រៀង​ចូល​ឆ្នាំ​ឲ្យ​ផលិត​កម្ម​ថោន​​នៅ​ឯ​ភ្នំ​ប្រសិទ្ធិ​កាល​ពី​​​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​​ឆ្នាំ​ ២០១៧​ កន្លង​ទៅ​នេះ​។ ដោយ​ឡែក​ទាក់​ទង​បទ​ចម្រៀង​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ​ លោក​ ករុណា ពេជ្រ មាន​បទ​ចម្រៀង​ច្រៀង​តែ​ពីរ​បទ​ប៉ុណ្ណោះ​ ព្រោះ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​៕​​​​

​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន