ត្រាំ អាច​ជា​ប្រធានាធិបតី​អាមេរិក​​ដំបូង ក្នុង​ពេល​១៣០​ឆ្នាំ ដែល​មិន​ធ្វើ​រឿង​នេះ​ក្នុង​​សេតវិមាន

  • 2017-03-01 01:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជាច្រើន​និយាយ​ថា សត្វ​សុនខ គឺ​ជា​មិត្ត​ល្អ​របស់​មនុស្ស​ប្រុស ប៉ុន្តែ លោក ដូណាល់ ត្រាំ ប្រហែល​ជា​មិន​គិត​បែប​នេះ​ឡើយ ហើយ​អាច​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បង្អស់ ក្នុង​រយៈ​ពេល​ជិត​១៣០​ឆ្នាំ ដែល​មិន​មាន ឬ ចិញ្ចឹម​សត្វ​សុនខ នៅ​ក្នុង​សេតវិមាន។

ប្រធានាធិបតី​អាមេរិក​ភាគ​ច្រើន សុទ្ធ​តែ​មាន​ចិញ្ចឹម​សត្វ​សុនខ តិច​បំផុត​មួយ​ក្បាល និង​ខ្លះ​ច្រើន​ក្បាល។

អតីត​ប្រធានាធិបតី​អាមេរិក ទី៤៤ លោក បារ៉ាក់ អូបាម៉ា មាន​សត្វ​សុនខ ពូជ Portuguese Water Dog ចំនួន​២​ក្បាល មាន​ឈ្មោះ​ថា Sunny និង Bo។ ចំណែក​ឯ អតីត​ប្រធានាធិបតី​អាមេរិក ទី​៤៣ លោក George W Bush ក៏​មាន​ចិញ្ចឹម​សត្វ​សុនខ ២ក្បាល​នៅ​ក្នុង​សេតវិមាន​ដែរ គឺ​ពូជ Terrier និង Spaniel ខណៈ អតីត​ប្រធានាធិបតី​អាមេរិក ទី​៤២ លោក Bill Clinton ធ្លាប់​ចិញ្ចឹម​សត្វ​សុនខ​មួយ​ក្បាល ពូជ Labrador មាន​ឈ្មោះ​ថា Buddy។

ពាក្យ​ចចាមអារ៉ាម កាល​ពី​ខែ​មុន បាន​និយាយ​ថា លោក ត្រាំ អាច​នឹង​ទទួល​យក​សត្វ​សុនខ ពូជ Goldendoodle មួយ​ក្បាល មាន​ឈ្មោះ​ថា Patton ពី​មិត្តភ័ក្ដិ​របស់​លោក ឈ្មោះ Lois Pope មក​ចិញ្ចឹម។ ប៉ុន្តែ​ក្រោយ​មក លោកស្រី Pope បាន​សម្រេច​ចិត្ត​រក្សា Patton ទុក​ចិញ្ចឹម​ខ្លួន​ឯង​វិញ។ រហូត​មក​ដល់​ពេល​នេះ លោក ត្រាំ មិន​ទាន់​មាន​គម្រោង​ចង់​ចិញ្ចឹម​សត្វ​សុនខ​ឡើយ។

គួរ​ឲ្យ​ដឹង​ដែរ​ថា ប្រធានាធិបតី​អាមេរិក​ចុង​ក្រោយ​បង្អស់ ដែល​មិន​មាន​ចិញ្ចឹម​សត្វ​សុនខ គឺ ប្រធានាធិបតី​អាមេរិក ទី​២៥ លោក William McKinley ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​ដំបៅ​រលួយ (Gangrene) ក្រោយ​កាន់​តំណែង​អាណត្តិ​ទី​២ បាន​១​ឆ្នាំ៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សេង ឡុង