ធ្លាក់​យន្តហោះ​លើ​ដំបូល​ផ្ទះ​ ស្លាប់​៣​នាក់នៅ​អាមេរិក

  • 2017-03-01 01:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ម៉ោង​​នេះ​​មាន​ហេតុការណ៍​​ធ្លាក់​យន្តហោះ​ធន់​ស្រាល​ប្រភេទ Cessna 310 បាន​បុក​ដំបូល​ផ្ទះ​ប្រជាជន​​ដោយ​បាន​សម្លាប់​មនុស្ស ៣​នាក់ និង​របួស​២​នាក់​ផ្សេង​ទៀត​នៅ​រដ្ឋ​កាលីហ្វញ៉ា។

បើ​តាម​ប្រភព ABC ​ផ្សាយ​ថា​​អ្នក​ជិះ​​លើ​យន្តហោះ​មាន​​​យុវជន​ម្នាក់ យុវនារី​៣នាក់ និង​ក្មេង​ស្រី​ម្នាក់​ ដែល​ធ្វើ​ដំណើរ​ចេញ​ពី​​ព្រលាន​​យន្តហោះ Riverside កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ។ ​ពួក​គេ​បាន​ត្រលប់​មក​ផ្ទះ​វិញ​​នៅ​​ San Jose ក្រោយ​ចេញ​ពី​ពិធី​មួយ​នៅ​​សួន​កម្សាន្ត​ Disneyland។ ជន​រងគ្រោះ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​​បាន​នៅ​ឡើយ​ទេ។

​នារី​ម្នាក់​អង្គុយ​​នៅ​កៅអី​ក្រោយ​​យន្តហោះ ​បាន​រង​របួស​ស្រាល ខណៈ​យន្តហោះ​​បាន​​បែក​ខ្ញែក​ចេញ​ពី​គ្នា។ បន្តិច​ក្រោយ​មក​នាង​បាន​លូន​ចេញ​ពី​​យន្តហោះ​គ្រោះ​ថ្នាក់​​រួច​សុំ​​ឲ្យ​គេ​ជួយ និង​អាច​​និយាយ​​ទៅ​កាន់​ក្រុម​ពន្លត់​អគ្គីភ័យ​ពី​រឿង​រ៉ាវ​កើត​ឡើង​ខ្លះ​ៗ​ មុន​​គេ​បញ្ជូន​នាង​ទៅ​មន្ទីរ​ពេទ្យ។ នារី​រងគ្រោះ​ម្នាក់​​ទៀត​​ត្រូវ​ភ្លើង​ឆេះ​ខ្លាំង​​កម្រិត​ទី​៣។

សាក្សី​ឃើញ​​ហេតុការណ៍​ម្នាក់​​និយាយ​ថា​​ ស្លាប​យន្តហោះ​​ស្ទើរ​តែ​ប៉ះ​ដីមុន​ពេល​​ហោះ​ទៅ​បុក​ផ្ទះ។ ​ចុង​ក្រោយ​​ក្រុម​សង្គ្រោះ​​ប្រមាណ​ ៦០នាក់ បាន​​​ពន្លត់ និង​ជួយ​ទាញ​សាកសព​​ចំនួន​ ៣​នាក់​​​ចេញ​ពី​យន្តហោះ។ ចំណែក​​មូល​ហេតុ​នៃ​ការ​ធ្លាក់​​​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ៕

ប្រភព៖ ABC News   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម