​គ្រូ​ណាហ្គា​ ប្រាប់​ថា ក្នុង​វគ្គ​ទី​១​ក្រុម​របស់​​លោក​​គួរតែ​ស៊ុត​​ស៊ីម៉ាក់​លើស​៣​គ្រាប់

  • 2017-03-06 03:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មាស ចាន់​ណា គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ណាហ្គាវើល​​លើក​ឡើង​ថា លោក​រំពឹង​​ក្រុម​របស់​ខ្លួន​អាច​ទាត់​បញ្ចូល​ទី​ដៃ​គូ​ស៊ីម៉ាក់​​លើស​ពី​៣​គ្រាប់​ត្រឹម​វគ្គ​ទី​១ កាល​ពី​ម្សិល​មិញ​នេះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​៣​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

​ ក្រុម​បាល់ទាត់​ណាហ្គាវើល​បាន​យក​ឈ្នះ​ក្រុម​​ស៊ីម៉ាក់​ដោយ​លទ្ធផល​​៣-០​កាល​ពី​ម្សិល​មិញ​។ ​ជំនួប​នេះ​ក្រុម​របស់​លោក មាស ចាន់​ណា ​បាន​ព្យាយាម​បង្កើត​ឱកាស​​យ៉ាង​​ច្រើន​ ហើយ​ទម្លាយ​សំណាញ់​ទី​ដៃ​គូ​បាន​ចំនួន​២​គ្រាប់​​​ត្រឹម​​វគ្គ​ទី​១ ​នៅ​នាទី​៨ និង​នាទី​៤៣ ​ព្រម​ទាំង​បន្ថែម​គ្រាប់​ទី​៣ នៅ​វគ្គ​ទី​២​នាទី​ទី៨១។

លោក មាស ចាន់​ណា

​ក្រោយ​ចប់​ការ​ប្រកួត​គ្រូ​បង្វឹក​មាន​​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់​ស្ពឺ​រូប​​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​របស់​លោក​មិន​គួរ​ធ្វើ​មិន​បាន​លើស​ពី​​ ៣​គ្រាប់​​នៅ​វគ្គ​ទី​១​នោះ​ទេ​​។ ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ខុស​ការ​រំពឹង​ទុក​របស់​លោក​​ ដែល​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​របស់​ស៊ីម៉ាក់​​នៅ​លើ​ទី​លាន។

​​គ្រូ​បង្វឹក​កម្រិត​ A-License ​រួប​នេះ​បន្ថែម​ថា ​ចាប់​ផ្ដើម​ដើម​​វគ្គ​ទី​១​ កូន​ក្រុម​របស់​លោក​​ហាក់​លេង​ត្រូវ​តាម​ការ​ចង់​បាន​របស់​លោក​ ​និង​បង្កើត​ឱកាស​ជា​បន្ទាប់​។ ប៉ុន្តែ​ក្រោយ​រក​បាន​ពីរ​គ្រាប់​នៅ​ដើម​​វគ្គ​ទី​១​​កូន​ក្រុម​របស់​ខ្លួន​ទាំង​អស់​ហាក់​លេង​​តាម​របៀប​ខ្លួន​ឯង​ ពោល​គឺ​បែក​ទម្រង់​មិន​វាយ​ស្រុក​​ដូច​កាល​ដើម​វគ្គ​ទី​១​នោះ​ទេ។

​​និយាយ​ពី​មុន​ការ​ប្រកួត​​គ្រូ​បង្វឹក​រូប​នេះ​ដឹង​មុន​ថា ក្រុម​របស់​លោក​ នឹង​ឈ្នះ​ទៅ​​លើ​ក្រុម​ស៊ីម៉ាក់​​យ៉ាង​តិច​៣​គ្រាប់​។ ខណៈ​ការ​ប្រកួត​ចាប់​ផ្ដើម​បាន​ប្រហែល​ ៥​នាទី​លោក​មើល​ឃើញ​ថា គ្រាប់​បាល់​​​ដែល​ឈ្នះ​​តិច​បំផុត​ក៏​​ ៤​ឬ​ ​៥​គ្រាប់​ដែរ។

ក្រុម ណាហ្គាវើល

​ពីរ​ប្រកួត​ចាប់​ផ្ដើម​​របស់​ណាហ្គាវើល​គឺ​ឈ្នះ​​ក្រុម​អគ្គិសនី​៤-១​ ចាញ់​ភ្នំពេញ​ក្រោន​១-០​។ ចំណែក​​លទ្ធផល​គូ​ផ្សេង​ទៀត​ដែល​ប្រកួត​ម្សិល​មិញ ​គឺ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​យក​លត់​វេស្ទើន​ភ្នំពេញ​៥-០​ ខណៈ​ភ្នំពេញ​ក្រោន​ស្មើ​ប៉ូលិស​២-២៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​