ខ្សែ​ភាពយន្ត​៤ ​មិន​គួរ​រំលង​ នៅ​មហោស្រព​ភាព​យន្ត​អន្តរជាតិ​កម្ពុជា​

  • 2017-03-07 08:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អង្គារិ៍​នេះ នឹង​មាន​ការ​ចាក់​បញ្ចាំង​រឿង​ចំនួន​ ៤ ដែល​គ្រប់គ្នា​មិន​គួរ​រំលង​នៅ​ឯ​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អន្ដរជាតិ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ។ មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី ៧ នៅ​កម្ពុជា​នេះ មាន​រយៈពេល​ ៦​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ៤ រហូត​ដល់​ថ្ងៃ​ទី ៩ ខែ​មីនា ដែល​មាន​រឿង​ខ្មែរ និង បរទេស​មិន​តិច​ជាង ១៣០​ចំណងជើង ចាក់​បញ្ចាំង​៩ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ។

ដូច្នេះ​ ៤រឿង​ដែល​ទស្សនិកជន​មិន​គួរ​រំលង​ គឺ​រឿង៖​

​​១ សិស្ស​ជំនិត ​(២០១៦)

​ខ្សែ​ភាព​យន្ត​ដែល​ថត​នៅ ​៥​ប្រទេស​ផ្សេងគ្នា រួមមាន​ប្រទេស​សិង្ហ​បុរី ប្រទេស​អាល្លឺម៉ង់ ប្រទេស​ហុងកុង ប្រទេស​កាតា និង​ប្រទេស​បារាំង គឺ​ដឹកនាំ​ដោយ​លោក ប៊ូ ជុង​ហ្វែង​។ ភាព​យន្ត​នេះ រៀបរាប់ ពី​មន្ត្រី​វ័យ​ក្មេង​បំរើ​ការ​នៅ​មណ្ឌ​ល​កែប្រែ​ម្នាក់​ ដែល​រស់នៅ​ជាមួយ​បងស្រី ត្រូវ​បាន​គេ​ផ្លាស់​ទៅ​ពន្ធនាគារ​ធំ​របស់​ប្រទេស​។ នៅ​ទី​នោះ គេ​បាន​រាប់អាន​ជាមួយ លោក រ៉ា​ហ៊ីម ដែល​ជា​អ្នក​ប្រហារជីវិត​អ្នកទោស​ក្នុង​គុក​។ រ៉ា​ហ៊ីម ស្រលាញ់ និង​ការពារ អៃ​ម៉ាន់ ហើយ​យក​គេ​ធ្វើ​ជា​កូនសិស្ស​ជំនិ​ត​។ ប៉ុន្តែ​តើ អៃ​ម៉ាន់ ធ្វើ​យ៉ាងដូចម្ដេច​ទៅ​នៅ​ពេល​គេ​បាន​ដឹង​ថា ឪពុក​គេ​បង្កើត​ត្រូវ​បាន​ប្រហារជីវិត​ដោយ​គ្រូ​របស់​គេ​នោះ​? រឿង​នាដកម្ម​អំពី​ការ​ស្លាប់​រស់ កើតឡើង​នៅ​ក្នុង​ពន្ធនាគារ​ម៉ាឡេស៊ី​។​

​រឿង​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​ ៧ ខែ​មីនា ឆ្នាំ​២០១៧ នៅ Major Cineplex វេលា​ម៉ោង​៤:៣០​ថ្ងៃត្រង់​។​ ​​ ​

​២ ជីវិត​ស្រស់​បំព្រង​ (២០១៤)

​ ​ដឹកនាំ​ដោយ​លោក ហ្ស​ង់ ដេនី​ហ្សូ ខ្សែរ​ភាព​យន្ត​ជីវិត​ស្រស់​បំព្រង រៀបរាប់​អំ​ពី​ខ្សែ​ជីវិត​របស់ ​អ៊ីវ ដែល​រស់នៅ​ដោយ​លាក់ខ្លួន​ជាមួយ​កូន​ប្រុស​របស់​គាត់​ឈ្មោះ ស៊ី​ល​វាំង និង ព្យែរ​។ ដប់​ឆ្នាំមុន គាត់​បាន​ពង្រាត់​ពួកគេ​ចេញពី​ម្ដាយ បន្ទាប់ពី​សេចក្ដី សម្រេច​របស់​តុលាការ​។ កូន​ប្រុស​ទាំងពីរ​ធំធាត់​ឡើង ប៉ុន្តែ​ការ​រត់​គេច​ខ្លួន​ឥត​ឈប់​ឈ​រ នេះ​ធ្វើឲ្យ​ជីវិត​វ័យ​ជំទង់​របស់​ពួកគេ​មិន​ដូច​អ្នកដទៃ​។ នៅ​លើ​កោះ ស៊ី​ល​វាំង​ដែល​ជា​កូនពៅ​បាន​ជួប​ជាមួយ​នឹង​នាង​ហ្គីល​ដា​។ នេះ​ជា​ការ​ជួប​ភ្លាម ស្រឡាញ់​ភ្លែត និង​ជា​ជំហាន​ដំបូង​របស់​ពួកគេ​នៅ​លើ​ផ្លូវ​ជីវិត​ដ៏​ស្រស់​បំព្រង​មួយ​។​ ​ ​រឿង​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៧ នៅ Platinium Cineplex វេលា​ម៉ោង​៦:៣០​ល្ងាច​។​ ​ ​ ​៣ ស្រមោល​អន្ធ​កាល​ (១៩៨៧)​

​ ខ្សែ​ភាព​យន្ត​នេះ​ដឹកនាំ​ដោយ​លោក អ៊ី​វ៉ុង ហែម ដែល​ជា​ប្រភេទ​ខ្សែ​ភាព​យន្ត​កម្ពុជា​ខ្នាត​វែង​ដំ​បូ​ង​គេ ដែល​ត្រូវ​បាន​ផលិត​ក្រោយ​ការ​ដួល​រ​លំ​នៃ​របប​ខ្មែរក្រហម​។ សាច់រឿង និយាយ​អំពី​គ្រួសារ​មួយ​រស់​ក្រោម​របប​ខ្មែរក្រហម ៖ វិសុទ្ធ​ជា​កូនពៅ​ក្នុង​គ្រួសារ លួច​ដាំបាយ​នៅ​ក្នុង​ព្រៃ​។ សមាជិក​គ្រួសារ​ទាំងអស់ ត្រូវ​ខ្មែរក្រហម​សម្លាប់​នៅ​សល់​តែ​វិសាល​ដែល​ជា​កូន​ប្រុស​ច្បង​តែ​ប៉ុណ្ណោះ​។​ ​

​ រឿង​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​ ៧ ខែ​មិនា ឆ្នាំ​២០១៧ នៅ សាល​មហោស្រព​ចតុម្មុខ​វេលា​ម៉ោង​៣:១៥​ ថ្ងៃត្រង់​។​

​៤ ពេល​មេឃ​ចាប់​ផ្ដើម​ងងឹត​(២០១៦)​

រឿង​នេះ​ ដឹកនាំ​ដោយ​លោក អា​ណូ​ចា សុ​វិជាកន​ផុង នៅ​៤​ប្រទេស​ផ្សេងគ្នា ប្រទេស​ថៃ ប្រទេស​ហូឡង់ ប្រទេស​បារាំង និង​ប្រទេស​កាតា ខ្សែ​ភាព​យន្ត​នេះ រៀបរាប់​អំពី អ្នកដឹកនាំ​ម្នាក់ និង​តួអង្គ​រឿង​របស់​នាង​ដែល​ជា​អតីត​សកម្ម​ជន​និ​សិស្ស​ក្នុង​ទសវត្ស​ទី​៧០ អ្នកបម្រើ​ស្រី​ដែល​ផ្លាស់ប្ដូរ​កន្លែងធ្វើការ​ញឹកញាប់ អ្នក​សម្ដែង​ប្រុស​ស្រី​….​។ តួអង្គ​ទាំង​នេះ មាន​ចំណងទាក់ទង​គ្នា​តែ​យើង មើល​សឹងតែ​មិន​ដឹង​។ សាច់រឿង​ផ្លាស់ប្ដូរ​ចុះឡើង ដើម្បី​បង្ហាញ​ពី​ជីវិត​សាំញ៉ាំ​របស់​តួអង្គ​ទាំង​នោះ​។​

​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៧ នៅ Legend TV Avenue វេលា​ម៉ោង ​២​ថ្ងៃត្រង់៕​

​ ​

អត្ថបទ៖ ដៃគូសហការ