ប្ដី​ប្រពន្ធ​ចំណាស់ រៀប​ការ ៨១​ឆ្នាំ មិន​ធ្លាប់​បែក​គ្នា​សូម្បី​មួយ​ថ្ងៃ

  • 2017-03-08 03:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ជា​ស្នេហា​ស្មោះ​ស្ម័គ្រ​កម្រ​បាន​ជួប និង​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រាថ្នា​ចង់​បាន។ ប្ដី​ប្រពន្ធ​ចំណាស់​មួយ​គូ​នៅ​ក្រុងChongqing ប្រទេស​ចិន បាន​រៀប​ការ​សាង​អនាគត​ជាមួយ​គ្នា ៨១​ឆ្នាំ​ទាំង​មាន​សុភមង្គល​បំផុត ហើយ​មិន​ធ្លាប់​បែក​គ្នា​សូម្បី​មួយ​ថ្ងៃ​ណា​ឡើយ។

លោក​យាយ Wu Xi'an ជា​ប្រពន្ធ​មាន​អាយុ ១០០​ឆ្នាំ ចំណែក​ប្ដី Xiang Yongshan មាន​អាយុ ៩៩​ឆ្នាំ។ ពេល​លោក​យាយ Wu មាន​អាយុ ៣ឆ្នាំ ឪពុក​ម្ដាយ​បាន​ចាប់​ផ្ដើម​ធ្វើ​តាម​ប្រពៃណី​បត់​ប្រអប់​ជើង​ឲ្យ​តូច​ដើម្បី​រក​ប្ដី បើ​ទោះ​បី​លោក​យាយ​ស្រែក​យំ​ដោយ​ភាព​ឈឺ​ចាប់​យ៉ាង​ណា​ក្ដី ព្រោះ​វា​ជា​ទំនៀម​ទម្លាប់​របស់​ប្រទេស​ចិន​ពី​បុរាណ។ ពេល​ឈាន​ចូល​អាយុ ៦​ឆ្នាំ គ្រួសារ​លោក​យាយ Wu បាន​យល់​ព្រម​ជាមួយ​គ្រួសារ​លោក Xiang ថា​នឹង​ផ្សំ​ផ្គុំ​ពួក​គេ​ទាំង​ពីរ។

ដោយសារ​អនុវត្ត​តាម​ទំនៀម​ទម្លាប់​បាន​ល្អ លោក​យាយ Wu ពិត​ជា​បាន​រៀប​ការ​ជាមួយ​លោក​តា Xiang ដែល​ជា​គ្រួសារ​មួយ​មាន​ជីវភាព​ធូរធារ​ជាង ព្រោះ​មាន​ដី​ស្រែ​ចម្ការ​ច្រើន។ កាល​នៅ​តូច លោក​យាយ Wu មិន​ធ្លាប់​ចូល​រៀន​នៅ​សាលា​ទេ ហើយ​អក្សរ​ដែល​ចំណាំ​បាន​គឺ​មាន​តែ​ឈ្មោះ​របស់​លោក​យាយ និង​ប្ដី​ប៉ុណ្ណោះ។ នៅ​អាយុ ១៩​ឆ្នាំ លោក​យាយ Wu ក៏​បាន​រៀប​ការ​ជាមួយ​ប្ដី​តាម​ប្រពៃណី។

បច្ចុប្បន្ន អាពាហ៍ពិពាហ៍​មួយ​នេះ មាន​អាយុកាល ៨១​ឆ្នាំ​ហើយ ប៉ុន្តែ​លោក​យាយ Wu និង​លោក​តា Xiang នៅ​តែ​កាន់​ដៃ​គ្នា​ដើរ​យ៉ាង​ផ្អែម​ល្ហែម មិន​ធ្លាប់​បែក​គ្នា​មួយ​ថ្ងៃ​ណា​ឡើយ។ ចំណង​ស្នេហ៍​ដ៏​រឹង​មាំ​នេះ បាន​បន្សល់​ទុក​កូន​ចៅ ៥៥​នាក់ ហើយ​ពេល​បុណ្យ​ទាន​ម្ដង​ៗ ពួក​គេ​តែង​ត្រលប់​មក​ជុំ​គ្នា​ដើម្បី​ជប់លៀង​យ៉ាង​រីករាយ៕

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម
អត្ថបទថ្មី