សេន ប៊ុនថេន,​ ម៉ឺន​ សុភា​ និង​ ឡៅ​ ចន្រ្ទា​ ប៉ះ​សុទ្ធ​តែ​ជើង​ខ្លាំង​នៅ​បារាំង​

  • 2017-03-10 04:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ ៣រូប​ រួម​មាន​កីឡាករ​ចាស់​វស្សា​ សេន​ ប៊ុនថេន​,ម៉ឺន​ សុភា​ និង​អ្នក​ប្រដាល់​មក​ពី​ ទ័ពពិសេសឆ័ត្រយោង៩១១​ ឡៅ​ ចន្រ្ទា​ នឹង​ចេញ​ទៅ​ប្រទេស​បារាំង ​នា​ដើម​ខែ​មេសា​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​ដើម្បី​ប្រកួត​យក​ខ្សែ​ក្រវាត់​នៅ​ទីនោះ។​

លោក​ ហួរ​ សុទ្ធី​ ខាងឆ្វេងគេបង្អស់

លោក​ ហួរ​ សុទ្ធី​ ដែល​ជា​ម្ចាស់​ក្លឹប​ប្រដាល់​ បុរាណ​ នៅ​ប្រទេស​បារាំង​និង​ជា​អ្នក​យក​កីឡាករ​កម្ពុជា​៣រូប​ខាង​លើ​ទៅ​ប្រកួត​បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​មាន​ការ​រីករាយ​ខ្លាំង​ ពេល​ដែល​បាន​កីឡាករ​កម្ពុជា​មក​ប្រកួត​នៅ​ថ្ងៃ​ទី១៥​ ខែ​មេសា​ ឆ្នាំ​ ២០១៧​ នៅ​ប្រទេស​បារាំង​នេះ។​​ កីឡាករបរទេស​ដែលនឹងជួបជាមួយអ្នកប្រដាល់កម្ពុជាសុទ្ធតែជាជើងខ្លាំង ធ្លាប់ប្រឡូកសង្វៀនច្រើនសូម្បី​តែនៅប្រទេសថៃក៏ពួកគេធ្លាប់មកចូលរួមប្រកួតដែរ។

កីឡាករ​ សេន​ ប៊ុនថេន​ vs Vapi Kevin
ម៉ឺន​ សុភា​ vs Lawson Penningto

ការ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​លើក​នេះ​ លោក​ចង់​អភិវឌ្ឍន៍​វិស័យ​ប្រដាល់​នៅ​ បារាំង ​ឲ្យ​កាន់​តែ​រីកចម្រើន​និង​ផ្សព្វផ្សាយ​ពី​ក្បាច់​គុន​បុរាណ​មួយ​នេះ​ឲ្យ​បរទេស​បាន​ស្គាល់​បន្ថែម​ទៀត។​ ម្ចាស់​ក្លឹប​ប្រដាល់​ម្នាក់​នេះ​បន្ថែម​ទៀត​ថា​ នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប្រជាជន​នៅ​បារាំង​មាន​ការ​ចាប់​អារម្មណ៍​លើ​ប្រដាល់​គុន​ខ្មែរ​ខ្លាំង​ ហើយ​ថែម​ទាំង​ចង់​រៀន​សូត្រ​ទៀត​ផង។​ ការ​ចេញ​ទៅ​លើក​នេះ ​វា​ជា​បទពិសោធន៍​ល្អ​មួយ​សម្រាប់​កីឡាករ​កម្ពុជា​យល់​ដឹង​ពី​ការ​ហ្វឹកហាត់​បែប​ទំនើប​នៅ​ប្រទេស​បារាំង​ ជា​ជំហាន​មួយ​សម្រាប់​ពួក​គេ​ចង់​បង្កើត​ក្លឹប​ប្រដាល់​ផ្ទាល់​ខ្លួន​នៅ​ពេល​អនាគត។​ ការ​ប្រកួតនៅបារាំងនេះ ក៏​ជា​ឱកាស​ដែល​ជើង​ខ្លាំង​កម្ពុជា​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ ពី​ការ​ប្រកួត​ក៏​ដូច​ជា​ការ​បង្ហាត់​កីឡាករ​កីឡា​ការិនី​នៅ​ទី​នោះ​ផង​ដែរ។​

ឡៅ​ ចន្រ្ទា​ vs Celestion Mendes

កីឡាករ​ សេន​ ប៊ុនថេន​ ត្រូវ​ជួប​ Vapi Kevin,ម៉ឺន​ សុភា​ ប៉ះ​ Lawson Penningto​ និង​ ឡៅ​ ចន្រ្ទា​ ប៉ះ​ Celestion Mendes​ ហើយ​កីឡាករ​ទាំង​៣នាក់​នេះ​ជា​សុទ្ធ​តែ​ជា​ជនជាតិ​បារាំង។​ ពួក​គេ​នឹង​ត្រូវ​ឡើង​សង្វៀន​នៅជាយ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី១៥​ ខែ​មេសា​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​