គីម ហ៊ាង៖ បើ​​​មាន​លទ្ធភាព​ ដំបូង​ត្រូវ​ទិញ​ផ្ទះ លើក​ទី​២​ទិញ​ផ្ទះ លើក​ទី​៣​ ទិញ​ដី​ ​​

  • 2017-03-10 07:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ គឹម ហ៊ាង ដែល​ជា​ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​មនុស្ស​ទិញ​អចលនទ្រព្យ​លើក​ដំបូង​ អ្វី​ដែល​​ត្រូវ​ទិញ​គឺ​ផ្ទះ​​ដែល​ជា​តម្រូវ​ការ​ចាំបាច់​បំផុត​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។ លោក​បន្ត​ទៀត​ថា នៅ​ពេល​ដែល​មាន​លទ្ធភាព​ទិញ​អចលនទ្រព្យ​ជា​លើក​ទី​២​ គឺ​ត្រូវ​ទិញ​ផ្ទះ​ទៀត ​សម្រាប់​ទុក​ជួល​បាន​លុយ​ នៅ​ពេល​​នោះ​​មាន​ផ្ទះ​មួយ​សម្រាប់​នៅ​ និង​មួយ​ទៀត​សម្រាប់​ជួល ។

ម្ចាស់​ក្រុមហ៊ុន KHMER REAL ESTATE បន្ត​ទៀត​ថា នៅ​ពេល​មាន​លុយ​ទិញ​អចលនទ្រព្យ​ជា​លើក​ទី​៣​ត្រូវ​ទិញ​ដី​វិញ​ម្ដង​។ លោក​និយាយ​ថា​៖ "នៅ​ពេល​មាន​លុយ​ទិញ​អចលនទ្រព្យ​ជា​លើក​ទី​៣​ ត្រូវ​ទិញ​ដី​ ​តម្លៃ​ដី​មាន​ការ​កើន​កើន​ឡើង​ច្រើន ១០ ២០ ទៅ​៣០ ភាគ​រយ​ក្នុង​១​ឆ្នាំ។ ​ នៅ​ពេល​ដែល​មាន​លទ្ធភាព​ទិញ​អចលនទ្រព្យ​លើក​ទី​៤​ទិញ​ដី​ទៀត​ ព្រោះ​ដី​មិន​អាច​មាន​លទ្ធភាព​ជួល​មែន​ ប៉ុន្តែ​មាន​កំណើន​សេដ្ឋកិច្ច​ច្រើន ​មាន​ដី​ច្រើន​ហើយ ផ្ទះ​ច្រើន​ហើយ​ទើប​គេ​ទិញ​ខុន​ដូរ​​"។

ដោយ​ឡែក​ទាក់ទង​នឹង​បញ្ហា​ទិញ​ខុន​ដូរ​វិញ លោក គីម ហ៊ាង លើក​ឡើង​ថា អ្នក​ទិញ​ខុន​ដូរ​ភាគ​ច្រើន​មិន​មែន​ទិញ​ដើម្បី​ស្នាក់​នៅ​ទេ​ គឺ​ទិញ​ដើម្បី​បង្ហាញ​ថា​ខ្លួន​ឯង​មាន​ជីវភាព​គ្រាន់​បើ ហើយ​អ្នក​ទិញ​ខុន​ដូរ​ភាគ​ច្រើន​គឺ​ទិញ​តាម​គ្នា​​ទេ​។ លោក​បន្ត​ទៀត​ថា ប្រជាជន​កម្ពុជា​យ៉ាង​ហោច​ណាស់ ​ក៏​​១០​ឆ្នាំ​ទៀត​ដែរ​ដែល​សាំ​នឹង​ការ​រស់​នៅ​ក្នុង​ខុន​ដូរ។​ លោក​និយាយ​ថា ប្រជាជន​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទៅ​នៅ​ក្នុង​ខុន​ដូរ​នៅ​ពេល​ដែល​គាត់​មិន​អាច​ទិញ​ផ្ទះ​បាន​ នៅ​ពេល​ដែល​ផ្ទះ​ល្វែង​ឡើង​ថ្លៃ ដែល​មិន​អាច​ទិញ​បាន​។

​​ខុន​ដូរ​លក់​ដាច់​នៅ​ពេល​ផ្ទះ​ល្វែង​ឡើង​ថ្លៃ បើ​សិន​ផ្ទះ​ល្វែង​និង​ខុន​ដូរ​​មាន​ ៩០​ស្មើ​គ្នា​គេ​ប្រាកដ​ជា​ជ្រើស​ផ្ទះ​ល្វែង​ហើយ​។ ​ភាគ​ច្រើន​អ្នក​ដែល​ទិញ​ខុន​ដូរ​ស្នាក់​នៅ​ជា​បរទេស ដែល​មិន​អាច​មាន​សិទ្ធិ​ក្នុង​ការ​​ទិញ​ផ្ទះ​ល្វែង​ស្នាក់​នៅ​បាន​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​។ ​ដូច្នេះ​ផ្ទះ​ល្វែង​នៅ​តែ​មាន​តម្រូវ​ការ​ខ្លាំង មិន​អាច​ថមថយ​ឥទ្ធិពល​នោះ​ទេ។ ​នេះ​ជា​ការ​លើក​ឡើង​បន្ថែម​ទៀត​របស់​ ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា៕​

អត្ថបទ៖ វឌ្ឍនៈ