ជឿអត់ថា យុវជន​បច្ចុប្បន្ន​មាន​លទ្ធភាព​ស្គាល់​គ្នា​ច្រើន​ ដោយ​មិន​ចាំបាច់​មាន​ការណែនាំ​ពី​ចាស់​ទុំ​?

  • 2017-03-11 02:54:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​បុរាណ​ខ្មែរ​យើង​និយម​រៀប​ចំ​ផ្គូផ្គង​គូស្រករ​ទៅតាម​ទំនៀម​ទម្លាប់​ប្រពៃណី​ដោយ​បុរស ឬ​នារី​នៅ​ក្នុង​ភូមិ​ស្រឡាញ់ គ្នា​ត្រូវ​ស្វែង​រក​ចាស់​ទុំ​នៅ​ក្នុង​ស្រុកភូមិ​ដើម្បី​ផ្សំផ្គុំ​ឲ្យ ហើយ​ភាគច្រើន​ការ​ជ្រើសរើស​គូស្រករ​តែង​ធ្វើឡើង​តាម​រយៈ​ការ​ស៊ើបសួរ​ពី​ចាស់​ទុំ​ទៅ​លើ​ពូជ​អម្បូរ និង​ការសិក្សា​រៀន​សូត្រ​របស់​បុរស ឬ​នារី​ក្នុង​សម័យ​នោះ។​ ​

បច្ចុប្បន្ន​នេះ​ប្រពៃណី​បែបនេះ​ហាក់​សាបរលាប​ខ្លះៗ​ហើយ​បើ​ទោះបីជា​មិនទាន់​បាត់​ទាំងស្រុង ស្រប​ពេល​ ដែល​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន​យុវវ័យ​សម័យ​ថ្មី​មាន​លទ្ធភាព​ស្គាល់​គ្នា​ច្រើន​ដោយ​មិន​ចាំបាច់​មាន​ការណែនាំ​ពី​ចាស់​ទុំ​។

​ ទូរស័ព្ទ​ដៃ អ៊ីនធឺណិត អ៊ីមែល ហ្វេ​ស​ប៊ុក ឡាញ បាន​ក្លាយ​ជា​មធ្យោបាយ​របស់​យុវជន​សម័យ​ថ្មី​នេះ​បាន​ជួបគ្នា និង​ស្គាល់​គ្នា​។ យុវជន ហេង ពិ​សិដ្ឋ ដែល​ជា​បុគ្គលិក​លក់​គ្រឿង​អេឡិចត្រូនិក បាន​ឲ្យ​ដឹងថា តាម​ពិតទៅ​ខ្ញុំ ​និង​មិត្តស្រី​របស់​ខ្ញុំ​គឺ​បាន​ស្គាល់គ្នា​តាម​រយៈ​មិត្តភ័ក្ដិ​ដែល​ធ្វើការ​ជាមួយគ្នា ហើយ​ពួក​យើង​បាន​ទាក់ទង និង​និយាយ​គ្នា​តាម Chat ។​ ​

ពិ​សិដ្ឋ បន្តថា ពួក​យើង​បាន​ស្គាល់​គ្នា​ជាង​មួយ​ឆ្នាំ​មក​ហើយ ជា​រៀងរាល់ថ្ងៃ​ពួក​យើង​តែងតែ​និយាយ​គ្នា​តាម Chat ឬ​និយាយ​ទូរស័ព្ទ​ខ្លីៗ​ជាមួយគ្នា​ជាប្រចាំ ។ ក្រោយ​មក​ពួក​យើង​ក៏​បាន​សម្រេចចិត្ត​ណែនាំ​ឲ្យ​ចាស់ទុំ​ទាំងសងខាង​គាត់​ស្គាល់ ពេល​នោះ​គឺ​ល្អ​ដែរ ដោយ​ពួកគាត់​មិន​បាន​ជំទាស់ ឫ​ហាម​មិន​ឲ្យ​ពួក​យើង​ទាក់ទង​គ្នា​នោះ​ទេ​។​ ​

សម្រាប់​យុវជន ​ឡុង សារិទ្ធ ជា​បុគ្គលិក​ដឹក​ជញ្ជួន​ទំនិញ​របស់​ក្រុមហ៊ុន​ឯក​ជន​មួយ ដែល​ទើប​រៀបការ​រួច​ថ្មីៗ​នេះ​បានឲ្យដឹងថា មុន​ឈាន​ដល់​បាន​រៀបការ ដំបូង​ខ្ញុំ និង​ប្រពន្ធ​របស់​ខ្ញុំ​បាន​ស្គាល់​គ្នា​តាម​រយៈ​មិត្តភ័ក្ដិ​គាត់ (​ប្រពន្ធ​) បាន​ឲ្យ​លេខ​ទូរស័ព្ទ ក្រោយ​ពួក​យើង​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ និង​លេង Facebook ជា​រៀងរាល់ថ្ងៃ​នៅ​ពេល​ទំនេរ​ពី​ការងារ ឫ​មុន​ពេល​ចូល​គេង​។​ ​

សារិទ្ធ បន្តថា ដោយ​បាន​និយាយ​គ្នា និង​ស្គាល់​ចិត្តថ្លើម​គ្នា​ជាង​មួយ​ឆ្នាំ​មក ខ្ញុំ​ក៏​បាន​ណែនាំ​គាត់​ឲ្យ​ម៉ាក់​ប៉ា​បាន​ស្គាល់ ក្រោយ​មក​ពួក​យើង​ក៏​បាន​ប្រាប់​ឲ្យ​ចាស់ទុំ​ទាំងសងខាង​បាន​ដឹង​ឮ ហើយ​ពេល​នោះ​ពួកគាត់​មិនបាន​ជំ​ទាស់ ឫ​មិន​ឲ្យ​ទាក់ទង​គ្នា​នោះ​ទេ​។ បន្ទាប់មក​ខ្ញុំ​ក៏​បាន​សុំ​ឲ្យ​ម៉ាក់​ប៉ា​ចូល​ទៅ​ស្តី​ដណ្តឹង​ខាង​ស្រី ក្រោយ​មក​ចាស់​ទុំ​ទាំង​សងខាង​ក៏បាន​​រើស​ថ្ងៃ​រើស​វេលា ដើម្បី​រៀបចំ​ពិធី​មង្គល​ការ​តែ​ម្តង​៕

អត្ថបទ៖ ហេង នាង (CCJ)