តារា​ក្បាច់​គុណ សុខ ដែន ចង់​​និមន្ត ព្រះសង្ឃ ទស្សនា​ស្នាដៃ​ដំបូង​ខ្លួន​នៅ​រោង​កុន​ទំនើប

  • 2017-03-13 03:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​រឿង"លត់​ដែក​ថែប" ដែល​ជា​ស្នាដៃ​ដឹក​នាំ​ដំបូង​របស់ តារា​​ក្បាច់​គុណ លោក សុខ ដែន នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ៣០ ខែ មិនា ឆ្នាំ ២០១៦​ខាង​មុខ​នេះ។ បន្ទាប់​​ពី​ចំណាយ​ពេល​ផលិត​ជា​ច្រើន​ខែ​មក តារា​រូប​នេះ​ថ្លែង​ថា ខ្លួន​​មាន​បំណង​ចង់​​និមន្ត​ព្រះសង្ឃ​​ច្រើន​អង្គ ទៅ​ទស្សនា​​ភាពយន្ត​របស់​ខ្លួន​ដោយ​មិន​គិត​ប្រាក់ ត្បិត​អី​លោក​ធ្លាប់​ជា​អតីត​កូន​​សិស្ស​ព្រះសង្ឃ​​​កន្លង​មក។

ព្រះ​សង្ឃ​ដែល​ជា​គោលដៅ ​​របស់​​លោក សុខ ដែន គ្រោង​​និមន្ត​ទៅ​ទស្សនា​ភាពយន្ត​នោះ មាន​វត្ត​​ចំនួន២ គឺ​វត្ត លង្ការ និង វត្ត មហាមន្ត្រី ព្រោះ​កន្លង​មក លោក​ធ្លាប់​ស្នាក់​អាស្រ័យ​នៅ​វត្ត​​ទាំង​២នេះ ។ តារា​ល្បី​ខាង​ទាត់​ធាក់​រូប​នេះ​លើក​ឡើង​ថា ខ្លួន​មិន​ថា ​ខាង​រោង​កុន អនុញ្ញាត​ឲ្យ​ព្រះ​សង្ឃ​ចូល​ទស្សនា​ឬ​យ៉ាង​ណា​នោះ​​ឡើយ ហើយ​ចំពោះ​ផ្នែក​ព្រះ​ពុទ្ធសាសនា​វិញ ​មិន​​ដឹង​ថា ការ​ទៅ​ទស្សនា​​ភាពយន្ត​ក្នុង​រោង​កុន ខុស​វិន័យ​ឬ​អត់​​នោះ ឡើយ។

សុខ ដែន​បាន​បន្ថែម​ថា ប្រសិន​បើ​មិន​បាន​​ទៅ​ទស្សនា​នៅ​រោងភាពយន្ត​ទំនើប​នោះ​ទេ លោក​នៅ​តែ​ប្ដេជ្ញា​ថា និង​យក​ភាពយន្ត​​​រឿង"លត់​ដែក​ថែប"​នេះ ទៅ​ចាក់​នៅ​​កុដិ​លោក បន្ទាប់​ពី​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត​រួច។ លោក​បាន​បញ្ជាក់​ថា ភាពយន្ត​របស់​លោក​មិន​មាន​ឈុត​អាសអាភាស​ឡើយ ពោល​វា​គឺ​ជា​ភាពយន្ត​បែប វាយ​តប់ ការ​សង​សឹក ល្បិច​កល និង មាន​ឈុត​ស្នេហ៍​តិច​តួច​ប៉ុណ្ណោះ ប្រសិន​បើ​ព្រះ​សង្ឃ​បាន​ទស្សនា ប្រហែល​ជា​មិន​ប៉ះពាល់ ពុទ្ធ​វិន័យ​ឡើយ។

រឿង"លត់​ដែក​ថែប" និពន្ធ​ឡើយ​ដោយ លោក ពិន ណារិន ផលិត​ឡើយ​​ជ្រោក​ក្រោម​ផលិតកម្ម​EYE LOVE FILM ។ ដើម​ទុន​នៃ​ការ​ផលិត​មាន​បង​ធម៌​របស់​លោក​ម្នាក់​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង ចំណែក​លោក សុខ ដែន គឺ​ជា​អ្នក​ដឹក​នាំ​សម្ដែង និង ជា​តួឯក​ក្នុង​ភាគ​យន្ត​នេះ​តែ ម្ដង។

ការ​ចំណាយ​ផលិត​ភាពយន្ត​នេះ​ឡើង ប្រហែល​ជាង​៣ម៉ឺន​ដុល្លារ តារា​សម្ដែង​នៅ​ក្នុង​ភាពយន្ត​នេះ មាន​ដូច​​ជា លោក គន់ តារាវណ្ណ លោក ចៅ ចាន់​ដារី លោក សុវណ្ណ​គីរី កញ្ញា សំ ថារដ្ឋ កញ្ញា នីឡា នាយ ចឺម នាយ ឆើត លោក ថាត់ យុទ្ធ និង​តារា​សំខាន់​ជា​ច្រើន​រូប​ទៀត។

​ទស្សនា​ Trailer ភាពយន្តរឿង"លត់​ដែក​ថែប" ដែល​ជា​ស្នាដៃ​ដំបូង​​របស់​លោក​​ទាំង​អស់​គ្នា៖

អត្ថបទ៖ ស៊ុនហ៊ួត

អត្ថបទពេញនិយម