ពិការ​​ភ្នែក​ តែ​មិន​​​ពិការ​ចិត្ត​ ​​​​តស៊ូ​រហូត​ឈ្នះពានស្មូតកំណាព្យ​លេខ​២​ទូ​ទាំង​ប្រទេស​

  • 2017-03-13 03:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​ស៊ឹម ស៊ានយី ​​សិស្ស​ពិការ​ភ្នែក​ទាំង​សង​ខាង តែ​មិន​ពិការ​គំនិត​ តស៊ូ​រៀន​សូត្រ​រហូត​ដល់​ថ្នាក់​ទី​៩​ ហើយ​ថែម​ទាំង​​ឈ្នះ​ជយលាភី​​​​លេខ​២​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​​ស្មូត​កំណាព្យ ​​​ទូ​ទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០១៧​​ ដែល​រៀប​ចំ​ឡើង​​​​ដោយ​​ក្រសួង​អប់​រំ យុវជន​ និង​កីឡា​​ទៀត​ផង។

យុវតី​ស៊ឹម ស៊ានយី

​​​នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ Sabay យុវតី​​សិស្ស​​ថ្នាក់​ទី​៩ ដែល​មក​ពី​ស្រុក​ចម្ការ​លើ​​ខេត្ត​កំពង់​ចាម​រូប​នេះ បាន​ប្រាប់​ថា​ ​​នេត្រា​ទាំង​សង​ខាង​របស់​ខ្លួន​​ គឺ​ពិការ​​តាំង​ពី​កំណើត​មក​។

ទោះ​បី​ជា​​​​យុវតី​ខាង​លើ​នេះ ងងឹត​ភ្នែក​ក្ដី តែ​នាង​មិន​ខ្ចី​ចុះ​ចាញ់​នឹង​​​ព្រហ្មលិខិត​​​នោះ​ឡើយ ដោយ​បាន​ស្វែង​​​រក​វិជ្ជា​​ ជា​ពន្លឺ​សម្រាប់​ជីវិត​​​ ដោយ​​បាន​ចូល​សិក្សា​​​​នៅ​​ពីរ​សាលា គឺ​ទី​១​រៀន​អក្សរ​សម្រាប់​ជន​​ពិការ​ នៅ​​សាលា​កុមារ​ពិការ​ភ្នែក និង​គរ​ថ្លង់​​​​ ខេត្ត​កំពង់​ចាម​របស់​អង្គការ​គ្រួសារ​ថ្មី​ និង​ទី​២​គឺ​រៀន​ចំណេះ​ដឹង​ទូទៅ នៅ​​សាលា​រដ្ឋ​ គឺ​សាលាបឋមសិក្សា​ និង​អនុវិទ្យាល័យ​​ ទួល​ថ្ម​។

សម្រាប់​ឆ្នាំ​២០១៧​​នេះ ស៊ានយី​បាន​ឲ្យ​ដឹង​ថា​ នាង​បាន​ដាក់​ពាក្យ​​ប្រលង​​ផ្នែក​ស្មូត្រ​កំណាព្យ ពាន​រង្វាន់​សម្តេច​តេជោ​ ហ៊ុន សែន ដោយ​​ប្រកួត​ប្រជែង​​ជា​មួយ​បេក្ខជន​ជា​ច្រើន​​​នៅ​ទូទាំង​ខេត្ត​។ ដោយ​នាង​ចូល​ចិត្ត​​ និង​មាន​និស្ស័យ​ផ្នែក​​កំណាព្យ រួម​ផ្សំ​​និង​ការ​ប្រឹង​ប្រែង យុវតី​​រូប​នេះ ក៏​ប្រកួត​ជាប់​​លេខ​១​វគ្គ​ជម្រុះ​ទូ​ទាំង​ខេត្ត ហើយ​បន្ត​​ប្រកួត​​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ប្រចាំ​២០១៧ ​រហូត​ទទួល​ពាន​​ជយលាភី​​​​លេខ​២​ដោយ​ក្ដី​រីក​រាយ​​។ ​​​​​​​​​

យុវតី​ស៊ឹម ស៊ានយី​បាន​ទទួល​ពាន​រង្វាន់​ជា​មួយ​ជ័យ​លាភី​​៥​រូប​ទៀត​ដែល​បាន​ជាប់​​ក្នុង​ការ​ប្រកួត​​​ស្មូត្រ​កំណាព្យ​ និង​​ផ្នែក​​អាន​ នៅ​​​វិទ្យាស្ថាន​ជាតិ​អប់រំ ​ក្នុង​ទិវា​​​ជាតិ​អំណាន​ ១១ មីនា​ការ​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

...នៅ​ពេល​សួរ​ពី​ថ្ងៃ​អនាគត​ ថា​តើ យុវតី​រូប​នេះ​ចង់​ក្លាយ​ជា​​អ្វី​ ស៊ាន​យី​បាន​ឆ្លើយ​ភ្លាម​ៗ​ថា នាង​ចង់​ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​មួយ​រូប ទៅ​លើ​ស្នាដៃ​ផ្សេង​ៗ​ដូច​ជា​ការ​តែង​កំណាព្យ​ជា​ដើម​។... ខាង​ក្រោម​នេះ​ជា​ស្នាដៃ​កំណាព្យ​​មួយ​​ដែល​ យុវតី​ពិការ​ភ្នែក​ស៊ាន​យី បាន​តែង​និពន្ធ​ពី​​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ឪពុក​ម្ដាយ​របស់​នាង៖

អត្ថបទ៖ មាន រតនា