ព័ត៌មាន​លម្អិត​ជុំវិញ​ហេតុ​ការណ៍ឆេះ​ផ្ទះ​ ខាត់ វៃហាំង ម្សិលមិញ​

  • 2017-03-13 03:09:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រសៀល​ម៉ោង​ ៣ កាល​ពី​ម្សិល​មិញ​ផ្ទះ​នៅ​ឯ​ស្រុក​កំណើត​របស់​​តារា​សម្ដែង​ ខាត់ វ៉ៃ​ហាំង នៅ​ភូមិ​/ឃុំ​ ឬស្សី​ក្រោក​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ត្រូវ​បាន​អគ្គីភ័យ​លេប​ត្របាក់​ខ្ទេច​ខ្ទី​ក្នុង​រយៈ​ពេល​មួយ​ប៉ប្រិច​ភ្នែក​ដោយសារ​ការទុស្សេខ្សែ​ភ្លើង​​។

ពាក់​ព័ន្ធ​នឹង​ការ​ឆេះ​ផ្ទះ​នេះ​ ខាត់​វ៉ៃ​ហាំង​ ប្រាប់​ថា​​មិន​មាន​នរណា​ម្នាក់​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​នេះ​ឡើយ​ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ផ្ទះ​នេះ​​ឆេះ​ទៅ​តាម​ភ្លើង​ខ្ទេចខ្ទី​អស់​ហើយ​។ ផ្ទះ​ដែល​ត្រូវ​បាន​អគ្គី​លេប​ត្របាក់​នេះ​ស្ថិត​នៅ​ស្រុកមង្គល​បុរី​ ដែល​ជា​ផ្ទះ​កេរ្តិ៍​សល់​ពី​ដូនតា​មក​ ហើយ​ផ្ទះ​នេះ​ទៀត​សោត​ រស់​នៅ​ជុំ​គ្នា​ច្រើន​គ្រួសារ​។

ម្សិលមិញ​ក្រោយ​ពី​បាន​ដឹង​ហេតុ​ការណ៍​ឆេះ​ភ្លាម​​ តារា​ប្រុស​រូបនេះ​បាន​ឡើង​ទៅ​មង្គល​បុរី​ទាំង​យប់​ ក្នុង​នោះ​លោក​អះអាង​ថា​​នេះ​ជា​ហេតុ​ការណ៍​មួយ​ដែល​តក់​ស្លុត​និង​មិន​អាច​បំភ្លេច​បាន​ សម្រាប់​ក្រុម​គ្រួសារ​លោក​ទាំង​មូល​។

"ផ្ទះ​នេះ​​មិន​មែន​ជា​ផ្ទះ​របស់​ខ្ញុំ​ទេ តែ​ជា​ផ្ទះ​របស់​ក្រុម​គ្រួសារ​ខ្ញុំ​ ដែល​កុង​ម៉ា​បាន​បន្សល់​ទុក​ឲ្យ​ ម្យ៉ាង​ក៏​ជា​ផ្ទះ​ដែល​ខ្ញុំ​បាន​កើត​នៅ​ទីនោះ​ដែរ​ ត្បិត​ថា​សព្វ​ថ្ងៃ​ ប៉ាម៉ាក់​ខ្ញុំ​ បាន​ទិញ​ផ្ទះ​មួយ​នៅ​ផ្សារ​សិរីសោភ័ណ​ក៏​ពិត​មែន។ ផ្ទះ​នោះ​​ខ្ញុំ​និង​បងប្អូន​ផ្សេង​ទៀត​តែង​ចេញចូល​ទៅ​វិញ​ទៅ​មក​ប្រៀប​ដូចជា​ផ្ទះ​រៀង​ខ្លួន​ ពេល​បុណ្យ​ទាន​យើង​ទៅ​ជុំ​គ្នា​នៅ​ទី នោះ"។ តួ​ប្រុស​ក្នុង​រឿង​ "ទីង​មោង" ថ្លែង​។

​ប្រភេទ​នៃ​ផ្ទះ​ដែល​បាន​ឆាប​ឆេះ​នេះ​ ឈើ​លើ​ថ្ម​ក្រោម​ មាន​ទំហំ​ ទទឹង​ ១០​ ម៉ែត្រ បណ្តោយ​ ៣០ម៉ែត្រ​។ កំឡុង​ពេល​ឆេះ ខាត់ វ៉ៃហាំង​ ប្រាប់​ថា​​ក្រុម​គ្រួសារ​បាន​ហៅ​ឡាន​ទឹក​​មក​ដែរ ប៉ុន្តែ​មិន​អាច​ជួយ​​ពន្លត់​ផ្ទះ​​ដែល​ឆេះ​នោះ​​​បាន​ទាន់​ពេល​ឡើយ​ត្បិត​អី​មុន​ពេក​មក​ដល់​ភ្លើង​ឆេះ​សឹង​តែ​៨០ភាគរយ​ទៅ​ហើយ​។

​ ​

អត្ថបទ៖ ថា ម៉ាលីដា