គម្រោង​រៀបការ ទិត្យ វិច្ឆិកា អាច​ត្រូវ​រំខាន

  • 2017-03-14 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ទិត្យ វិច្ឆិកា បាន​ថ្លែង​ថា អាពាហ៍ពិពាហ៍​របស់​ខ្លួន ប្រហែល​ជា​មិន​អាច​ប្រព្រឹត្តទៅ តាម​ការ​គ្រោង​ទុក​ឡើយ ប្រសិន​បើ​​គម្រោង​ធ្វើ​សាលា​បឋមសិក្សា​មួយ​ខ្នង​នៅ​​ខេត្ត​កោះកុង មិន​ទាន់​បាន​​សម្រេច។

តាម​គម្រោង លោក ទិត្យ វិច្ឆិកា និង​គូរ​ដណ្ដឹង គ្រោង​នឹង​ចូល​រោង​ការ​នៅ​ចុង​ឆ្នាំ​នេះ ប៉ុន្តែ​ជា​​មួយ​គ្នា​នោះ លោក​ក៏​​បាន​សន្យា​នឹង​ខ្លួន​ឯង​ថា លុះត្រាតែ​​គម្រោង​ធ្វើ​សាលា​បឋមសិក្សា​មួយ​ខ្នង​នៅ​​ខេត្ត​កោះកុង បាន​សម្រេច​ទើប​ចូល​រោង​ការ ។

ការ​សន្យា​នឹង​ខ្លួន​ឯង​​នេះ ជា​រនាំង​មួយ​ថា​តើ​គួរ​​រៀបការ​នេះ​ចុង​ឆ្នាំ​នេះ​ ឬ​រង់​ចាំ​បន្ត​ដល់​គម្រោង​ធ្វើ​សាលា​រៀន​នោះ ទទួល​​បាន​ជោគជ័យ ខណៈ​ដែល​ជិត២ឆ្នាំ​មក​​​ហើយ សាលា​រៀន​​​នោះ​ទើបតែ​សម្រេច​បាន​​​ប្រហែល២០%​ប៉ុណ្ណោះ ។

បច្ចុប្បន្ន​លោក​កំពុងតែ​អំពាវនាវ ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស បន្ត​ជួយ​ដល់​រូប​លោក​ដើម្បី​បន្ត​សាង​សង់​សាលា​ខាង​លើ​ឲ្យ​រួច​រាល់។ តាម​ការ​ប៉ាន​ប្រមាណ សាលា​រៀន​១ខ្នង​៤បន្ទប់ បូក​ជា​មួយ​របង​ព្រម​ទាំង​ខ្លោង​​ទ្វារ នោះ​ប្រហែល​ជា​ត្រូវ​ចំណាយ​ខ្ទង់​ជាង​៤ម៉ឺន​ដុល្លារ។ ២០% ដែល​​បាន​ធ្វើ​កន្លង​មក​នេះ​លោក ទិត្យ វិច្ឆិកា ប្រាប់​ថា ​បាន​ចំណាយ​ជាង​១ម៉ឺន​ដុល្លារ ហើយ។

ជា​មួយ​គ្នា​នោះ​ដែរ​លោក ទិត្យ វិច្ឆិកា និង​គូរ​ដណ្ដឹង​ក៏​កំពុងតែ​សន្សំប្រាក់​​​តាម​រយៈ​ជំនួញ លក់​ទំនិញ​តាម​អន​ឡាញ របស់​​គូរ​ដណ្ដឹង និង ការងារ​សិល្បៈ​របស់​ខ្លួន​ផង​ដែរ ដើម្បី​ឲ្យ​គម្រោង​អាពាហ៍ពិពាហ៍​របស់​ខ្លួន​សម្រេច​ដូច​បំណង​​នៅ​ចុង​ឆ្នាំ​នេះ។

លោក ទិត្យ វិច្ឆកា បាន​ស្គាល់​គូ​ដណ្ដឹង​​ជាង​២ឆ្នាំ​មក​ហើយ តាម​រយៈ​ការងារ​សិល្បៈ​កន្លង​មក និង​បាន​​ភ្ជាប់​ពាក្យ​ជិត​កន្លះ​ឆ្នាំ​​មក​នេះ ។ ​គូ​ដណ្ដឹង​របស់​លោក​មាន​វ័យ២៧ឆ្នាំ គឺ​ជា​កូន​​​អ្នក​មាន​មុខ​មាត់​ក្នុង​សង្គម​ម្នាក់ បច្ចុប្បន្ន​មាន​មុខរបរ​ជា​អ្នក​លក់​ទំនិញ​តាម​អនឡាញ និង​មាន​ផ្សារ​កុងទីន័រ​មួយ​ជិត​កោះ​ពេជ្រ ។

សូម​​ស្ដាប់ លោក ទិត្យ វិច្ឆកា រៀបរាប់​ពី​ ឧបស័ក្តិ នៃ​គម្រោង​រៀបការ​របស់​ខ្លួន​​នៅ​ចុង​ឆ្នាំ​នេះ ទាំង​អស់​គ្នា៕

អត្ថបទ៖ ស៊ុនហួត