រក​ឃើញ​រូប​ចម្លាក់​ស្ដេច​អេហ្ស៊ីប​ ៣​០០០ឆ្នាំ​ក្នុង​រណ្ដៅ​ភក់​គួរ​ឲ្យ​ភ្ញាក់ផ្អើល

  • 2017-03-14 02:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បុរាណ​វិទូ​បាន​លើក​រូប​ចម្លាក់​ស្ដេច​អេហ្ស៊ីប Pharaoh អាយុកាល​​ជាង ៣០០០​ឆ្នាំ​ដែល​គេ​​ចាត់​ទុក​​​ថា​ជា​ការ​រក​ឃើញ​​ដ៏​សំខាន់​​បំផុត​មួយ​​មិន​ធ្លាប់​មាន​ចេញ​ពី​រណ្ដៅ​ភក់។

ក្រុម​អ្នក​ជំនាញ​នៅ​សង្កាត់ Souq al-Khamis នៃ​​ទីក្រុង​​កៃរ៉ូ ​បាន​ប្រើ​ប្រាស់​​រថយន្ត​ស្ទូច​​លើក​​កំណាត់​ដង​ខ្លួន​​រូប​​ចម្លាក់​​ទម្ងន់​ ៣​តោន​ ដែល​គេ​ជឿ​ថា​វា​បាន​ពិពណ៌នា​អំពី​ស្ដេច Pharaoh Ramses II ។

ការ​រក​ឃើញ​មិន​​នឹក​ស្មាន​នេះ ​ធ្វើ​ឡើង​ដោយ​​ក្រសួង​បុរាណ​វិទ្យា​​នៅ​ក្បែរ​​ប្រាសាទ Ramese II ​​ជា​ទីក្រុង​ Heliopolis បុរាណ។ ​ក្រុម​អ្នក​ស្រាវជ្រាវ​​អេហ្ស៊ីប និង​អាល្លឺម៉ង់​និយាយ​ថា​​ ចម្លាក់​​​ទាំង​មូល​​មាន​ប្រវែង​​ប្រមាណ ៧,៩​ម៉ែត្រ​​ បាន​រៀប​រាប់​​ពី​ស្ដេច​ខាង​លើ​​ដែល​គ្រប់​គ្រង​​អេហ្ស៊ីប​កាល​ពី​ជាង ​៣​ពាន់​ឆ្នាំ​មុន។

​​ប្រភព​​ក្រសួង​ដដែល​​បញ្ជាក់​ថា បំណែក​រូប​ចម្លាក់​​​នឹង​ត្រូវ​យក​ទៅ​ផ្គុំ​​គ្នា​នៅ​សារមន្ទីរ​អេហ្ស៊ីប ​កណ្ដាល​ទីក្រុង​កៃរ៉ូ មុន​​ពេល​​បញ្ជូន​ទៅ​កាន់​សារមន្ទីរ​ធំ​ Grand Egyptian Museums នៅ​ក្បែរ Giza Pyramids។ ស្ដេច​​ Ramses ​ជា​ស្ដេច​​ដ៏​មាន​​អំណាច​​បំផុត​​នៅ​អេហ្ស៊ីប​សម័យ​បុរាណ។

ព្រះ​អង្គ​​បាន​ដឹក​នាំ​កង​កម្លាំង​​ទាហាន​​ជា​ច្រើន និង​ពង្រីក​អាណាចក្រ​​អេហ្ស៊ីប​​ចាប់​ពី​ប្រទេស​ស៊ីរី​​ភាគ​ខាង​កើត ​ទៅ ប្រទេស Nubia ភាគ​ខាង​ត្បូង។ ព្រះ​អង្គ​គ្រប់​គ្រង​ប្រទេស​ចាប់​ពី​ឆ្នាំ ១២៧៩ ​ដល់​​១២១៣​មុន​គ.ស​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម