Marco Verratti ​ចង់​​ចេញ​ពី​ PSG ​ទៅ​​ Barcelona ​​ក្រោយ​ចប់​រដូវ​កាល​នេះ

  • 2017-03-14 04:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Marco Verratti​​ ​បាន​ប្រាប់​ភ្នាក់ងារ​របស់​គេ​ថា ​ចង់​ចាក​ចេញ​ពី​ក្លឹប​ Paris Saint-Germain ​ក្រោយ​ចប់​រដូវ​កាល​នេះ​ និង​​​​ចង់​​ទៅ​​ក្លឹប​យក្ស​អេស្ប៉ាញ​​ FC Barcelona ​ដើម្បី​​ត្រៀម​ជំនួស​តំណែង​ Andres Iniesta ​នា​ពេល​អនាគត។ ​នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​អេស្ប៉ាញ។

​សារព័ត៌មាន Mundo Deportivo ​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី ​បាន​ប្រាប់​ដល់​ភ្នាក់ងារ​របស់​គេ​លោក​ Donato Di Campli ​ថា​ចង់​ចាក​ចេញ​ពី​ក្លឹប​នៅ​ Ligue 1 ​ពេល​ចប់​រដូវ​កាល​នេះ។ ​សេចក្ដីរាយការណ៍​ដដែល ​បន្ថែម​ថា ​ក្លឹប​អ្នក​មាន​បុណ្យ​ Barca ចង់​បាន​ Verratti ​​យ៉ាង​ខ្លាំង​ ដើម្បី​​យក​ទៅ​ជំនួស​តំណែង​ខ្សែ​បម្រើ​ចាស់​វស្សា​​​វ័យ​៣២​ឆ្នាំ Iniesta ​​​និង​ត្រៀម​ដេញ​ថ្លៃ​​៧០​លាន​ផោន​ ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។

កីឡាករ​វ័យ​២៤​ឆ្នាំ Verratti ​​ជា​កីឡាករ​ដ៏​សំខាន់​របស់​ PSG ​ដែល​​រួម​ចំណែក​ជួយ​ឲ្យ​ក្រុម​​​ឈ្នះ​ Barca ​៤-០ ​កាល​ប្រកួត​ UEFA Champions League ​វគ្គ​១៦​ក្រុម ​​ជើង​ទី​១ ​នៅ​ទីក្រុង​​ប៉ារីស ​ប៉ុន្តែ​ត្រឡប់​ទៅ​ជើង​ទី​២ ​នៅ​កីឡដ្ឋាន​ Nou Camp ​រូប​គេ​លេង​ពុំ​សូវ​បាន​ល្អ​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ PSG ​ចាញ់​ Barca ​៦-១ ​​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​នោះ​វិញ។

ខ្សែ​បម្រើ​ Blaise Matuidi ​​ដែល​ជា​មិត្ត​​​រួម​ក្រុម​របស់​ Verratti បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ពេល​ PSG ​ឈ្នះ​ Barca ​៤-០ នៅ​ជើង​ទី​១ ​​ប្រធាន​ក្រុម​អ្នក​មាន​បុណ្យ​ Iniesta ​បាន​ស្ងើចសរសើរ​ចំពោះ​សមត្ថភាព​​ Verratti យ៉ាង​ខ្លាំង​ ​ហើយ​ថែម​ទាំង​និយាយ​ថា ​​រូប​គេ​ពេញ​ចិត្ត​កីឡាករ​រូប​នេះ​ ដើម្បី​ជំនួស​តំណែង​របស់​ខ្លួន​ នៅ​ក្រុម​ Barca ​នា​ពេល​អនាគត​ផង​ដែរ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​