SMART សហការ​គាំទ្រ​ក្រុមហ៊ុន​ឌីជីថល​បង្កើត​ថ្មី លើក​ស្ទួយ​បច្ចេកវិទ្យា​ក្នុង​ស្រុក

  • 2017-03-15 07:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​អាស៊ី​លើ​គម្រោង TEKHUB គាំទ្រ​ដល់​គំនិត​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា​ថ្មីៗ រួម​ចំណែក​លើក​ស្ទួយ​​បច្ចេកវិទ្យា​ក្នុង​ស្រុក​កាន់​តែ​រីកចម្រើន។

លោក Thomas Hundt នាយក​ក្រុមហ៊ុន Smart ឲ្យ​ដឹង​ថា ការ​សហការ​លើ​គម្រោង TEKHUB នេះ គឺ​ជា​ការ​ចូលរួម​​​ផ្ដួចផ្ដើម​ដល់​សហគ្រិន​​ថ្មីៗ ក្នុង​វិស័យ​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជា។ ដោយ​ឡែក​ថ្មី​នេះ ក្រុមហ៊ុន​បាន​សម្ពោធ​គម្រោង​មួយ​ឈ្មោះ SmartStart មាន​ចក្ខុវិស័យ​ស្រដៀង​គ្នា ដែល​ជួយ​បណ្ដុះ​គំនិត​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា ដល់​សហគ្រិន​វ័យ​ក្មេង​ក្នុង​ប្រទេស​កម្ពុជា។ ​

លោក​ថា ក្រុមហ៊ុន​ចង់​ឲ្យ​គំនិត​អាជីវកម្ម​ថ្មីៗ​លើ​ផ្នែក​បច្ចេកវិទ្យា​ទាំងអស់ ក្លាយ​ជា​ផលិត​ផល​និង​សេវាកម្ម​ពិតៗ ដើម្បី​បម្រើ​ដល់​ប្រយោជន៍​រួម និង​ជា​ការ​លើក​ស្ទួយ​ដល់​បច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​សក្ដានុពល​ថែម​មួយ​កម្រិត​ទៀត។

បច្ចុប្បន្ន​គម្រោង TEKHUB បាន​គាំទ្រ​ដល់​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​ស្រុក​​ចំនួន​បី​​ដូចជា Codingate, WeduShare និង​ក្រុមហ៊ុន Tao Ventures ក្នុង​ការ​​ប្រឹក្សា​យោបល់​​ជា​គំនិត ក៏​ដូចជា​ផ្ដល់​​​ជា​ទីតាំង​ការិយាល័យ​សម្រាប់​ធ្វើការ។ ពេល​ខាង​មុខ គម្រោង TEKHUB នឹង​បន្ត​គាំទ្រ​និង​លើក​ស្ទួយ​ដល់​សហគ្រិន​វ័យ​ក្មេង​ទាំងឡាយ ឲ្យ​សម្រេច​ក្តី​សុបិន​របស់​ពួកគេ ក្នុង​ការ​បង្កើត​​អាជីវកម្ម​ឌីជីថល​ថ្មីៗ រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ៕

អត្ថបទ៖ ផាន់និត