Man Utd ​អាច​ស៊ី​ Rostov ​ឡើង​វគ្គ​៨​ក្រុម​ UEFA Europa League ​បាន​អត់​យប់​នេះ?

  • 2017-03-16 07:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​ Manchester United ​នឹង​ស្វាគមន៍​ក្រុម​​មក​ពី​រុស្សី​ FC Rostov ​​​ក្នុង​​ការ​ប្រកួត​ UEFA Europa League ​វគ្គ​១៦​ក្រុម​ ជើង​ទី​២ ​​​នៅ​កីឡដ្ឋាន​ Old Trafford ​វេលា​ម៉ោង​០៣:០៥​នាទី​យប់​នេះ។ ​កាល​ជើង​ទី​១ ​នៅ​ទឹក​ដី​រុស្សី​ ​ក្រុម​​ទាំង​២​បញ្ចប់​​លទ្ធផល​ស្មើ​គ្នា​ ១-១ ​ដូច្នេះ​យប់​នេះ​​គឺជា​ការ​ប្រកួត​កាត់​ក្តី​​ ដើម្បី​រក​ក្រុម​ឡើង​ទៅ​វគ្គ​៨​ក្រុម​​ចុង​ក្រោយ​ជា​បន្ត។

Man Utd ​នឹង​អវត្តមាន​ប្រធាន​ក្រុម​ Wayne Rooney ​​ដោយសារ​​របួស។ រីឯ​ Anthony Martial ​ក៏​អវត្តមាន​ដែរ ​ប៉ុន្តែ​កីឡាករ​ជម្រើស​ជាតិ​បារាំង​ បាន​ត្រឡប់​មក​ហ្វឹកហាត់​​ដាច់​ដោយ​ឡែក​ពី​ក្រុម​ជាមួយ​ Luke Shaw និង​ Bastian Schweinsteiger ​បាន​ខ្លះៗ​ហើយ ​កាល​ពី​ថ្ងៃ​ពុធ។

ក្រុម​ដែល​ឈ្នះ​ពាន​ UEFA Europa League ​នឹង​បាន​កៅអី​ឡើង​លេង​ UEFA Champions League ​រដូវ​កាល​​ក្រោយ។ ដូច្នេះ​ពាន​រង្វាន់​នេះ​ ក៏​ជា​គោលដៅ​ធំ​របស់​ក្រុម​បិសាច​ក្រហម​ផង​ដែរ ​ខណៈ​ដែល​បច្ចុប្បន្ន​ពួកគេ​​បាន​ត្រឹម​ឈរ​នៅ​លេខ​៦ ក្នុង​តារាង​ Premier League ​នៅ​ឡើយ។ ខ្សែ​បម្រើ​ Marouane Fellaini ​បាន​និយាយ​ថា៖ "បុគ្គលិក​ក្រុម​ Man Utd ​ទាំង​អស់​ ចង់​ឃើញ​ក្រុម​លេង​ Champions League ​រដូវ​កាល​ក្រោយ។ យើង​នឹង​ធ្វើ​​​អ្វីៗ​គ្រប់​យ៉ាង​ ​ដើម្បី​បាន​កៅអី​​ទៅ​​លេង​ពាន​នោះ”។

ស្ថិតិ៖

  • ក្រុម​ទាំង​២​នេះ​ ទើប​ជួប​គ្នា​លើក​ដំបូង​ កាល​ជើង​ទី​១​នៅ​រុស្សី ដែល​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ១-១។

  • ចម្ងាយ​ពី​ Rostov ​មក​ដល់​​ទីក្រុង​ Manchester ​របស់​ចក្រភព​អង់គ្លេស មាន​ប្រវែង​ប្រហែល​ ៣០០០​គីឡូម៉ែត្រ។

Manchester United៖

  • កំណត់ត្រា​របស់​ Man Utd ​ជួប​ក្រុម​រុស្សី​ ​១០​ប្រកួត ឈ្នះ​២ ​ស្មើ​៧ ចាញ់​១។ ចាញ់​១​នោះ​​គឺ​ចាញ់​ Zenit St-Petersburg ​២-១ ​​ពាន​ UEFA Super Cup ​កាល​ឆ្នាំ​២០០៨។

  • Man Utd ​ឈ្នះ​ទាំង​៤​ប្រកួត​​​ ពេល​ប្រកួត​ក្នុង​ដី​ពាន​ Europa League ​រដូវ​កាល​នេះ ​និង​ស៊ុត​ចូល​គេ​​១២​គ្រាប់ គេ​ស៊ុត​ចូល​វិញ​តែ​១​គ្រាប់​ប៉ុណ្ណោះ។

  • Man Utd ​ធ្លាប់​​ឡើង​ដល់​វគ្គ​១៦​ក្រុម​ Europa League ​​រដូវ​កាល​២០១៥-១៦​ផង​ដែរ ​ប៉ុន្តែ​ពួកគេ​មិន​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​នេះ​ទេ។

Rostov៖

  • Rostov ​មិន​ដែល​ឈ្នះ​​​​ទេ ពេល​ប្រកួត​ក្រៅ​ដី​៥​ប្រកួត​ចុង​ក្រោយ​​ពាន​រង្វាន់​អឺរ៉ុប ដោយ​ក្នុង​នោះ​ ស្មើ​៣ ចាញ់​២។

  • Rostov ​ធ្លាប់​លេង​ UEFA Europa League ​​​វគ្គ​ Play-off ​រដូវ​កាល​២០១៤-១៥ ​ប៉ុន្តែ​​​បាន​ធ្លាក់​​ ក្រោយ​ចាញ់​ Trabzonspor ​ទាំង​២​ជើង​ ​២-០។

  • រដូវ​កាល​មុន​ពួកគេ​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២ ​នៅ​លីគ​កំពូល​រុស្សី ​និង​បាន​លេង​ UEFA Champions League ​​រដូវ​កាល​នេះ ឆ្លង​​កាត់​តាំង​ពី​វគ្គ​ជម្រុះ​ វគ្គ​ Play-off ​និង​វគ្គ​ចែក​ពូល។ ប៉ុន្តែ​ពួកគេ​បាន​ធ្លាក់​ពី​ UEFA Champions League ​ត្រឹម​វគ្គ​ចែក​ពូល​ ដោយ​បាន​ត្រឹម​លេខ​៣ ​ក្នុង​ពូល​ជាមួយ​ក្រុម​ Atletico Madrid, PSV និង​ Bayern Munich៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី