​ខាង​ស្រី​ទារ​បណ្ណាការ​​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​​ តើ​ប្រុស​ៗ​​គិត​យ៉ាង​ម៉េច​?​​

  • 2017-03-17 01:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា​ ថ្លៃ​បណ្ណាការ​ ឬ​ មនុស្ស​ទូទៅ​ហៅ​ថា​ថ្លៃ​ទឹក​ដោះ​នោះ​ ​ចេះ​តែ​​កើន​ឡើង​​ជា​លំដាប់​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​គឺ​​កូន​ស្រី​អ្នក​មាន​​ ស្អាត​ និង​ រៀន​សូត្រ​បាន​ខ្ពស់​។​ ហើយ​ពេល​ខ្លះ​​ថ្លៃ​បណ្ណាការ​ខាង​ស្រី​ទារ​ដល់​​មួយ​ម៉ឺន​ដុល្លារ​​​ ឬ​ លើស​ពី​នេះ​ទៀត​ផង​។​ តើ​បុរស​ៗ​គិត​យ៉ាង​ម៉េច​​ដែរ​ចំពោះ​រឿង​នេះ​ ហើយ​គួរ​ដោះ​ស្រាយ​​ដោយ​វិធី​​ណា​ ទើប​ជា​ការ​​ល្អ​?​

បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ លាង​ លី​ណា​ដែល​ជា​​អ្នក​​ជំនាញ​ខាង​ថតរូប​ និង វីដេអូ​បាន​បញ្ជាក់​ថា​ លោក​មាន​អារម្មណ៍​មិន​ល្អ​ប៉ុន្មាន​ឡើយ​ពេល​គិត​ដល់​រឿង​នេះ​ម្ដង​ៗ​។​ ​លោក​បន្ត​ថា​ សព្វ​ថ្ងៃ​ការ​ងារ​របស់​លោក​អាច​រក​ចំណូល​បាន​មធ្យម​នៅ​ឡើយ​ ​ហើយ​បើ​សន្សំ​លុយ​វិញ​ គឺ​​ប្រហែល​ ១០​ឆ្នាំ​បាន​មាន​លុយ​សល់​​មួយ​ម៉ឺន​ដុល្លារ​ ដូច​នេះ​លោក​គ្មាន​លទ្ធភាព​អាច​​រៀប​ការ​បាន​​​​នោះ​ទេ​។​ លោក​និយាយ​ថា​​​ អ្វី​ដែល​ល្អ​គឺ​យើង​​ត្រូវ​និយាយ​ជាមួយ​ខាង​ស្រី​អោយ​គាត់​ជួយ​​បន្ធូរ​បន្ថយ​​ចំពោះ​​ថ្លៃ​បណ្ណាការ​នេះ​។​ ប្រការ​សំខាន់​គឺ​គួរ​តែ​​រៀប​ចំ​ពិធី​មង្គល​ការ​អោយ​មាន​លក្ខណៈ​សមរម្យ​បាន​ហើយ​​ មិន​បាច់​អធឹក​អធម​ពេក​នោះ​ទេ​។​ ​កត្តា​មួយ​ទៀត​គឺ​​អាច​កាត់​បន្ថយ​ការ​ចំណាយ​បាន​តាម​រយៈ​ការ​ជួល​ផ្នួង​ ចុង​​ភៅ​ និង ដាក់​ស្រា​ល្មម​ៗ​បាន​ហើយ​​។​ ​លីណា​ប្រាប់​ថា​ ​​​ប្រសិន​បើ​ខាង​ប្រុស​មិន​មាន​លុយ​ច្រើន​ទេ​ គាត់​គួរ​តែ​ពិភាក្សា​ជាមួយ​​មនុស្ស​ស្រី​ដែល​គាត់​ស្រលាញ់​ ​អំពី​ការ​សន្សំ​លុយ​រួម​គ្នា​ដើម្បី​រៀប​ការ​​​។ វិធី​ចុង​ក្រោយ បើ​មិន​សូវ​មាន​លុយ​ដុំ​ទេ​​គឺ​អាច​​ខ្ចី​លុយ​ធនាគារ​សិន​​​យក​មក​ប្រើ​ការ​ រួច​ចាំ​យក​​​លុយ​ចំណង​ដៃ​ និង រក​ស៊ី​បង់​រំលោះ​លុយ​សង​ទៅ​​គេ​វិញ​​បន្តិច​ម្ដង​ៗ​ក៏​បាន​ដែរ​​។​ ​ ​​

​ងាក​មក​យុវជន​ វ៉ាន់​ ស៊ី​ដារ៉ូ​វិញ​ម្ដង​បាន​បញ្ចេញ​ជា​ទស្សនៈ​ថា​ លុយ​មួយ​ម៉ឺន​ដុល្លារ​គឺ​ពិត​ជា​ច្រើន​ណាស់​​សម្រាប់​លោក​ ហើយ​​បើ​ពឹង​លើ​ប្រាក់​ខែ​ដែល​​​សល់​វិញ​ វា​រាង​ពិបាក​​បន្តិច​​។​ អ្នក​​ខេត្ត​កំពង់​ឆ្នាំង​រូប​នេះ​បាន​រៀប​រាប់​ថា​ ប្រសិន​បើ​លោក​ជួប​នូវ​បញ្ហា​បែប​​នេះ​គឺ​ លោក​នឹង​ពន្យល់​ទៅ​ឪពុក​ម្ដាយ​ខាង​ស្រី​ថា​ ការ​រៀប​ការ​ធំ​ដុំ​វា​មិន​មែន​នាំ​មក​នូវ​សុភមង្គល​ដល់​​ប្ដី​ប្រពន្ធ​នោះ​ទេ​។​ អ្វី​ដែល​សំខាន់​គឺ​ការ​​ស្រលាញ់​គ្នា​ ហើយ​ចាប់​ដៃ​គ្នា​ខិត​ខំ​រក​ស៊ី​ទៅ​បន្ទាប់​ពី​នោះ​​ ទើប​វា​ជា​រឿង​ប្រសើរ​​​។ ដូច​នេះ​មាន​តែ​សុំ​អោយ​គាត់​យោគយល់​ និង បន្ធូរ​បន្ថយ​​តែ​ប៉ុណ្ណោះ​​។​​ ​លោក​បាន​​បន្ថែម​ទៀត​ថា​ ជា​ធម្មតា​មនុស្ស​ស្រី​តែង​​តែ​មាន​ចិត្ត​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​មិត្ត​ភក្តិ​ជា​មិន​ខាន​ ដោយ​ខ្លាច​ថា​ខ្លួន​ឯង​អន់​ បាន​ថ្លៃ​ទឹក​ដោះ​តិច​ជាង​អ្នក​នេះ​ អ្នក​នោះ​ជាដើម​។​​ ​ដូច​នេះ​ ​​ក្នុង​នាម​ជា​បុរស​ម្នាក់​​ក៏​គួរ​ចេះ​លួង​លោម​ និង ពន្យល់​ប្រាប់​ទៅ​នាង​ដោយ​ចិត្ត​ស្មោះ​នូវ​ស្ថាន​ភាព​ដែល​អ្នក​កំពុង​រស់​នៅ​​។ ​ចំណែក​ការ​ចំណាយ​មួយ​ផ្នែក​​លើ​ពិធី​មង្គល​ការ​វិញ​ គឺ​ខាង​ប្រុស​​អាច​ប្រជុំ​គ្នា​​ជាមួយ​បង​ប្អូន​ ឪពុកម្ដាយ​ថា​តើ​ពួក​គាត់​អាច​ជួយ​អ្វី​បាន​ខ្លះ​ទេ​ ដើម្បី​យក​លុយ​ចំណង​ដៃ​របស់​ពួក​គាត់​ទៅ​ប្រើ​ការ​ជាមុន​។ ​មួយ​វិញ​ទៀត​ លោក​ដារ៉ូ​បាន​​​ប្រាប់​ថា​ មុន​នឹង​​​បុរស​ម្នាក់​សម្រេច​ចិត្ត​ចង់​រៀប​ការ​ គាត់​គួរ​មាន​គោល​ជំហរ​រឹង​​មាំ​ជាមុន​សិន​ ​និង គួរ​ចាប់​ផ្ដើម​សន្សំ​លុយ​ទុក​​​បណ្ដើរ​ៗ​ពេល​នៅ​ក្មេង​ ដោយ​កុំ​ដើរ​​លេង​ ឬ​ ស៊ី​ផឹក​អត់​ប្រយោជន៍​ច្រើន​ពេក​​។

​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែក​លោក​ រៀម​​ សុវណ្ណ​ដែល​ជា​បុគ្គលិក​ IT នៅ​​ក្រុម​ហ៊ុន​​​​ចំណី​អាហារ​​មួយ​បាន​បញ្ចេញ​យោបល់​ថា​ បើ​ថ្លៃ​ទឹក​ដោះ​​ខាង​ស្រី​ចេះ​តែ​​ឡើង​​កប់​ក្ដោង​បែប​នឹង​​​គឺ​​​​លោក​ច្បាស់​ជា​​​បាន​ត្រឹម​លួច​ស្រលាញ់​ប៉ុណ្ណោះ​​ ហើយ​មិន​បាន​រៀប​ការ​ជាមួយ​គ្នា​ទេ​មើល​ទៅ​។​ លោក​បាន​បន្ត​ថា​​ ធ្វើ​ការ​សព្វ​ថ្ងៃ​នេះ​​គឺ​បាន​ត្រឹម​មួយ​ចាយ​វាយ​ និង សេស​សល់​តិច​តួច​​ជូន​​ទៅ​ឪពុកម្ដាយ​នៅ​ស្រុក​​ប៉ុណ្ណោះ​។ ​​លោក​​និយាយ​ដោយ​ត្រង់​ថា​ ​លោក​គ្មាន​លុយ​​មួយ​​​​ម៉ឺន​ដុល្លារ​​កាន់​ក្នុង​ដៃ​ដើម្បី​​​​រៀប​ការ​នោះ​ឡើយ​​។ បើ​ជួប​រឿង​បែប​នេះ​ ​​លោក​​មាន​តែ​​សម្រេច​ចិត្ត​ស្វែង​​រក​នារី​ណា​ផ្សេង​ដែល​មាន​​ជីវភាព​មធ្យម​ដើម្បី​ចាប់​ដៃ​គ្នា​ជា​គូរ​អនាគត​​ប៉ុណ្ណោះ​ ដោយ​មិន​រំពឹង​មើល​មុខ​កូន​ស្រី​អ្នក​មាន​នោះ​ឡើយ​។​​​​​​​​​​​

អត្ថបទ៖ ចន្ថា

អត្ថបទថ្មី