ស្ថាបត្យករ​ខ្មែរ​មួយ​រូប ប្រាប់​​​ចំណុច​សំខាន់​ ឲ្យ​ទី​ក្រុង​មួយ​មាន​ភាព​ទាក់​ទាញ​ និងរស់​រវើក​

  • 2017-03-17 02:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក ហ៊ុន ចាន់​សាន ស្ថាបត្យករ​ខ្មែរ​មួយ​រូប ដែល​​​កាល​​ពី​ថ្ងៃ​ ១៥ មីនា ​កន្លង​ទៅ សារព័ត៌មាន​ ​របស់​​សិង្ហបុរី​ Channel News Asia បាន​ចុះ​ផ្សាយ​ពី​​​បំណង​របស់​លោក ​ចង់​ឃើញ​​​រាជ​ធានី​ភ្នំពេញ​​​​ទទួល​បាន​​ស្ថាបត្យកម្ម​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​​ថ្មី​ៗ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​​នៅ​លើ​បណ្ដាញ​សង្គម​​នៅ​កម្ពុជា​។

ជួប​​​បទ​សម្ភាស​ជា​មួយ Sabay ស្ថាបត្យករ​ខ្មែរ​ដែល​បាន​បញ្ចប់​ការ​សិក្សា​​ថ្នាក់​អនុបណ្ឌិត​ មក​ពី​​​​សាកលវិទ្យាល័យ​ North Eastern សហរដ្ឋអាមេរិក​​​​ខាង​លើ ក៏​បាន​លើក​ឡើង​ពី​​​ចំណុច​​​​​មួយ​ចំនួន​ ដែល​​ធ្វើ​ឲ្យ​ទី​ក្រុង​មួយ​​​​មាន​​​ភាព​រស់​រវើក​ និង​ទាក់​ទាញ​​ប្រជាជន​ឲ្យ​ចង់​រស់​នៅ​ តាម​មតិ​ផ្ទាល់​ខ្លួន​របស់​លោក​ដូច​ខាង​ក្រោម​​៖ ​​​​​​

តម្រូវ​ការ​គ្រប់​គ្រាន់​៖ លោក ហ៊ុន ចាន់​សាន​​បាន​​និយាយ​ថា ទី​ក្រុង​មួយ​​​កើត​ឡើង​ដោយ​សារ​មាន​​មនុស្ស​​​គ្នា​រស់​នៅ​ ហើយ​នៅ​ទី​នោះ​​ ​​​មាន​មនុស្ស​ប្រមូល​ផ្ដុំ​​គ្រប់​ជីវភាព ទាំង​ មាន​ មធ្យម និង​ក្រ។ ដូច​នេះ​ ទីក្រុង​​ដ៏​ទាក់​ទាញ គឺ​មាន​​​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ ដូច​​ជា សួន​ច្បារ​​​សាធារណៈ មធ្យោបាយ​ធ្វើ​ដំណើរ ​​សារមន្ទីរ រោង​មហោស្រព​ ទី​កន្លែង​កម្សាន្ត និង​ហេដ្ឋារចនាសម្ព័ន្ធ​ (​ផ្លូវ​ថ្នល់ ស្ពាន ​សាលា​រៀន ​ មន្ទីរ​ពេទ្យ​) ។

អត្តសញ្ញាណ​​ទី​ក្រុង​​៖ ចំណុច​នេះ ស្ថាបត្យករ​ខ្មែរ ដែល​​អាច​​​ប្រើ​ភាសា​អង់គ្លេស​​​ស្ទាត់​ជំនាញ​ និង​អាច​ប្រើ​ភាសា​ចិន​​តិច​តួច​ រូប​នេះ​​បាន​និយាយ​សំដៅ​ទៅ​​លើ​ ស្ថាបត្យកម្ម​បុរាណ​ ដែល​មាន​ គឺ​គប្បី​​​អភិរក្ស​ថែ​រក្សា​ទុក។ ​​មរតក​ពី​បុរាណ​​ទាំង​នោះ គឺ​​ជា​តំណាង​​ឲ្យ​រដ្ឋធានី​មួយ រាជធានី​​មួយ​ ដែល​ធ្វើ​​​ទី​​ក្រុង​​នោះ​​មាន​លក្ខណៈ​ប្លែក​​ពី​គេ រក្សា​បាន​​វប្បធម៌​របស់​ខ្លួន ព្រម​ទាំង​​មាន​ឥទ្ធិពល​ដល់​​ពលរដ្ឋ​ជំនាន់​ក្រោយ​ឲ្យ​បាន​សិក្សា​ស្វែង​​យល់​ផង​ដែរ​។ ​​​​

ប្លង់សួន រចនាដោយលោក ហ៊ុន ចាន់​សាន​​

ស្ថាបត្យកម្ម​ថ្មី​ៗ តែ​មាន​តុល្យភាព​៖ "ស្ថាបត្យកម្ម​​ត្រូវ​ការ​​​ផ្លាស់​ប្ដូរ​ វា​មិន​អាច​​​នៅ​តែ​ដដែល​ទេ​ ... ព្រោះ​មនុស្យ​យើង​ផ្លាស់​ប្ដូរ ចឹង​យើង​ត្រូវ​ផ្លាស់​ប្ដូរ​​​តាម​សម័យ​របស់​យើង​ ប៉ុន្តែ​​យើង​ក៏​ត្រូវ​ចេះ​​​រក្សា​ទុក​អ្វី​ទៅ​ដែល​​ជា​ វត្ថុ​​បុរាណ​របស់​យើង​ អ្វី​ជា​ប្រពៃណី​របស់​យើង"។ នេះ​បើ​តាម​​​ ស្ថាបត្យករ​ខ្មែរ​ ដែល​បញ្ចប់​ការ​សិក្សា​ នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ ដែល​ចំណុច​​នេះ​លោក​ចង់​សំដៅ​ទៅ​លើ ការ​សាង​​សង់​ស្ថាបត្យកម្ម​ថ្មី​ៗ​​សម្រាប់​ទី​ក្រុង ក៏​​ប៉ុន្តែ​ត្រូវ​​ថែ​រក្សា​​​​​​​សំណង់​អគារ​ចាស់​ៗ​ពី​មុន​ផង​ដែរ ដើម្បី​ឲ្យ​ទីក្រុង​នោះ​មាន​ អគារ​ចម្រុះ​ មាន​​តុល្យភាព​ (អគារ​ថ្មី​ក៏​មាន សំណង់​អគារ​បុរាណ​ក៏​មាន)។

​​​​​ គិត​​​​បាន​គ្រប់​ជ្រុង​ជ្រោយ​៖ ត្រង់​ចំណុច​នេះ​ ប្រធាន​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ខ្មែរ​ Re-Edge Architecture +Design បាន​​លើក​ឡើង​ពី​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា មុន​នឹង​ធ្វើ​ការ​​សាង​សង់​​​សំណង់​អគារ​ថ្មី​ៗ​ ឬ​​​រុះ​រើ​ចាស់ គឺ​ត្រូវ​គិត​ឲ្យ​បាន​​ជ្រៅ​ ថា​តើ​វា​អាច​បង្ក​​​​ផល​ប៉ះ​ពាល់​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរ​ ​តើ​​​បំពាន​លើ​ផ្លូវ​ដើរ​សាធារណ​ឬ​ទេ? តើ​​វា​អាច​​មាន​ទី​កន្លែង​​ងាយ​ស្រួល​សម្រាប់​ចំណត​រថយន្ត​​ឬ​​ទេ? ដែល​ការ​គិត​បាន​សព្វ​គ្រប់​ទាំង​នេះ នឹង​ជួយ​ឲ្យ​ទី​ក្រុង​មួយ​​ប្រែ​ប្រួល​​មុខ​មាត់​​​ថ្មី គួរ​ឲ្យ​ចង់​រស់​នៅ​។

គួរ​រំលឹក​ដែរ​លោក ហ៊ុន ចាន់​សាន ​ជា​ស្ថាបត្យករ​ខ្មែរ​មួយ​រូប​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​​ស្ថាបត្យកម្ម​នៅ សាកលវិទ្យាល័យ​ Boston សហរដ្ឋអាមេរិក។ ហើយ​អតីត​​សិស្ស​វិទ្យាល័យ​បាក់​ទូក​រូប​នេះ សព្វ​​ថ្ងៃ​​គឺ​ជា​ប្រធាន ក្រុមហ៊ុន​ស្ថាបត្យកម្ម​ខ្មែរ​ Re-Edge Architecture +Design៕ ​

អត្ថបទ៖ មាន រតនា