ប្រវត្តិ​ Mane ​លួច​​​ទៅ​ប្រកប​អាជីព​បាល់ទាត់​​នៅ​អឺរ៉ុប ​ដោយ​មិន​ប្រាប់​ម្ដាយ

  • 2017-03-17 08:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane ​ជា​​តារា​ឆ្នើម​របស់​ក្រុម​ហង្ស​ក្រហម​ Liverpool ​នា​ពេល​បច្ចុប្បន្ន ​​និង​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ (Top Scorer) ​នៅ​ក្នុង​ក្រុម​រដូវ​កាល​នេះ។ ​

ខ្សែ​បម្រើ​ប្រយុទ្ធ ​វ័យ​២៤​ឆ្នាំ ​បាន​​ផ្ដល់​បទ​សម្ភាសន៍​ដល់​​វិបសាយ​ក្លឹប​ Liverpool ​ថា​ ​ឪពុក​ម្ដាយ​របស់​គេ ​មិន​ចង់​ឲ្យ​រូប​គេ​​លេង​បាល់ទាត់​ទេ ព្រោះ​គិត​ថា​ជា​រឿង​អត់​ប្រយោជន៍​ខាត​តែ​ពេល​វេលា។ ​ប៉ុន្តែ​​ Mane ​បាន​ចាក​ចេញ​ពី​​ភូមិ ​​Bambali ​ភាគ​និរតី​ប្រទេស​សេណេហ្គាល់ ​ទៅ​រស់​នៅ​ជាមួយ​ពូ​​​នៅ​ទីក្រុង​ Dakar ​ដើម្បី​ហាត់​បាល់ទាត់​នៅ​ឈុត​យុវជន​ Generation Foot ​នៅ​អាយុ​១៩​ឆ្នាំ ​ព្រោះ​​មាន​បំណង​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព​ល្បី​ល្បាញ​ម្នាក់។​

ចាក​ចេញ​ពី​សេណេហ្គាល់​ ទៅ​បារាំង​​ដោយ​មិន​ប្រាប់​ម្ដាយ

Mane បាន​ផ្ទេរ​មក​​ក្លឹប​​បារាំង​ Metz ​នៅ​ឆ្នាំ​២០១១ ​​លេង​នៅ​លីគ​លំដាប់​ទី​២ Lique 2 ​និង​លីគ​លំដាប់​ទី​៣ Championnat National ​រដូវ​កាល​ ​២០១២-១៣ បាន​តិច​តួច​។ ​២​រដូវ​កាល​លេង​ឲ្យ​ក្រុម​បារាំង ​សរុប​បាន​២៣​ប្រកួត ​ស៊ុត​បាន​២​គ្រាប់​ប៉ុណ្ណោះ។

“ខ្ញុំ​ចាក​ចេញ​មក​បារាំង​ ​ខ្ញុំ​ប្រាប់​តែ​ពូ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ។ សូម្បី​ម្ដាយ​របស់​ខ្ញុំ​ ក៏​គាត់​មិន​ដឹង​ដែរ។ ខ្ញុំ​ចាំ​ថា ​ថ្ងៃ​ដំបូង​ទៅ​ដល់​បារាំង ​ខ្ញុំ​ចង់​ហ្វឹកហាត់​ភ្លាម ​ប៉ុន្តែ​គ្រូ​បង្វឹក​​បាន​​ប្រាប់​ឲ្យ​ខ្ញុំ​សម្រាក​នៅ​ផ្ទះ​សិន ​ហើយ​ពេល​នោះ​ទូរស័ព្ទ​របស់​ខ្ញុំ​អស់​លុយ ពុំ​បាន​តេ​ប្រាប់​ម្តាយ​របស់​ខ្ញុំ​ទេ”។

“ថ្ងៃ​បន្ទាប់​ ខ្ញុំ​បាន​ទៅ​ជួប​មិត្តភ័ក្ដិ​របស់​ខ្ញុំ ​ដែល​ពួកគេ​នៅ​ក្លឹប​ Metz ដែរ ​ដើម្បី​ទិញ​កាត​ទូរសព្ទ។ ខ្ញុំ​បាន​តេ​ទៅ​គាត់ ​ហើយ​និយាយ​ថា ម៉ាក​ខ្ញុំ​នៅ​បារាំង។ គាត់​ឆ្លើយ​ថា បារាំង​​នៅ​ឯណា? ​ខ្ញុំ​តប​ បារាំង​នៅ​អឺរ៉ុប។ ​មាន​ន័យ​ម៉េច​នៅ​អឺរ៉ុប ​បើ​ឯង​នៅ​សេណេហ្គាល់? ខ្ញុំ​ថា អត់​ទេ​ខ្ញុំ​មក​ដល់​អឺរ៉ុប​ហើយ”។

Mane ​បន្ថែម​ថា ​ម្តាយ​របស់​គេ​ពិត​​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ ពេល​ដឹង​ថា​រូប​គេ ​មក​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​​នៅ​​អឺរ៉ុប។ ​"គាត់​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ ​ហើយ​តែង​តេ​សួរ​ខ្ញុំ​ស្ទើរ​រាល់​ថ្ងៃ ​​ដើម្បី​ចង់​ដឹង​ការ​ពិត។ ឪពុក​ម្តាយ​របស់​ខ្ញុំ​ ​មិន​ចង់​ឲ្យ​ខ្ញុំ​លេង​បាល់ទាត់​ទេ ​ព្រោះ​ពួក​គាត់​​​យល់​ថា ​វា​​ខាត​តែ​ពេល​វេលា​អត់​ប្រយោជន៍”។

ភាគ​ជោគជ័យ​​ និង​ល្បី​ឈ្មោះ​នៅ​ក្លឹប​អាជីព​លេង​នៅ​លីគ​កំពូលៗ៖

  • Red Bull Salzburg

រដូវ​កាល​២០១២-២០១៣​ Mane ​បាន​ចាក​ចេញ​ពី​ក្លឹប​បារាំង​ ទៅ​លេង​ឲ្យ​ក្លឹប​ Red Bull Salzburg ​និង​លេង​៣​រដូវ​កាល​ បង្ហាញ​ខ្លួន​៨៧​ប្រកួត​ ស៊ុត​​៤៥​គ្រាប់ ​ជួយ​ឲ្យ​ក្រុម​របស់​គេ​លើក​ពាន​កំពូល​លីគ​អូទ្រីស​ រដូវ​កាល​២០១៣-១៤ ​និង​ពាន​ Austrian Cup ​ក្នុង​រដូវ​កាល​នោះ​ផង​ដែរ។

  • Southampton

ខែ​កញ្ញា ឆ្នាំ​២០១៤ Mane ​បាន​ចុះ​កុងត្រា​លេង​ឲ្យ​ Southampton ​នៅ​លីគ​កំពូល​អង់គ្លេស​ Premier League។ នៅ​ Southampton ​២​រដូវ​កាល​ Mane ​​នៅ​តែ​បន្ត​ធ្វើ​បាន​ល្អ ​ដោយ​​៧៥​ប្រកួត ​ស៊ុត​បាន​២៥​គ្រាប់។

  • Liverpool

ខែ​មិថុនា ​ឆ្នាំ​២០១៦ Mane ​បាន​ផ្ទេរ​មក​​ក្លឹប​ Liverpool ​ក្នុង​តម្លៃ​៣៤​លាន​ផោន (ជា​​តម្លៃ​កីឡាករ​អាហ្វ្រិក​​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ) ​និង​បច្ចុប្បន្ន​​រូប​គេ​ ​បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​បំផុត​របស់​ក្រុម​ Liverpool ​និង​ជា​ Top Scorer ​រដូវ​កាល​នេះ​ ដោយ​២៤​ប្រកួត ​ស៊ុត​បាន​១១​គ្រាប់ ​លើ​ Roberto Firmino ៩​គ្រាប់ ​និង​ Adam Lallana ​៧​គ្រាប់។

ជម្រើស​ជាតិ​សេណេហ្គាល់

Mane ​បាន​ជាប់​​ឈ្មោះ​លេង​ឲ្យ​ជម្រើស​ជាតិ​សេណេហ្គាល់​ ​​ឈុត​អូឡាំពិក​ឆ្នាំ​២០១២ ​គ្រប់​ប្រកួត​នៅ​ពូល​ A ​និង​បាន​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ពូល​បន្ទាប់​ពី​អង់គ្លេស។ ​ប៉ុន្តែ​​នៅ​វគ្គ​៨​ក្រុម​​ ពួកគេ​បាន​ចាញ់​ក្រុម​ជើង​ឯក​ម៉ិកស៊ិក ​៤-២ ​នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង។

នៅ​ឈុត​ធំ​វិញ ​Mane ​​បាន​បង្ហាញ​ខ្លួន​នៅ​ពាន​ធំៗ​ដូច​ជា Africa Cup of Nations ចំនួន​២​លើក​គឺ​ឆ្នាំ​២០១៥ ​និង​​២០១៧​ថ្មីៗ​កន្លង​ទៅ​នេះ។ ប៉ុន្តែ​រូប​គេ​ស៊ុត​ប៉េណាល់ទី​មិន​ចូល​ ធ្វើ​ឲ្យ​សេណេហ្គាល់​ ចាញ់​ក្រុម​ជើង​ឯក​​កាមេរ៉ូន នៅ​វគ្គ​៨​ក្រុម ឆ្នាំ​២០១៧។

សរុប​មក​ ​​រយៈពេល​​មិន​ដល់​៦​ឆ្នាំ ​ដែល​ Mane ​ចាក​ចេញ​ពី​ស្រុក​កំណើត​ និង​ចាក​ចេញ​ពី​ឪពុកម្ដាយ ​​ពិត​ជា​មិន​ខក​បំណង​នោះ​ទេ ពោល​គឺ​រូប​គេ​បាន​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់​គេ ​មាន​​មោទនភាព​បំផុត​ ​​ដោយសារ​​​បច្ចុប្បន្ន​ ​​ខ្សែ​បម្រើ​ល្បឿន​លឿន​ និង​​មាន​បច្ចេកទេស​ញាក់​ល្អ​រូប​នេះ​ បាន​ក្លាយ​ជា​ Super Star ​​នៅ​ជម្រើស​ជាតិ​​សេណេហ្គាល់ ​និង​កីឡាករ​​ម្នាក់ ​ដែល​​មាន​តម្លៃ​​ខ្លួន​​ ថ្លៃ​​ជាង​គេ​បំផុត​​ប្រចាំ​ទ្វីប​អាហ្វ្រិក​ផង​​ដែរ៕

ប្រែ​សម្រួល៖ វិន ជីវ័ន្ត | ប្រភព៖ Mirror | Wiki