យឹង យន និង​តារា​ចម្រៀង​ស្រី​២​នាក់​ទៀត ទៅ​ច្រៀង​រក​បច្ច័យ​ឲ្យ​វត្ត​មួយ​នៅ​អូស្ត្រាលី

  • 2017-03-18 05:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​បញ្ចេញ​ឲ្យ​ដឹង​ពី​សាមី​ខ្លួន​បាន​ឲ្យ​ដឹង​ថា លោក យឹង យន រួម​ជាមួយ​ដៃគូ​តារា​ចម្រៀង​ស្រី​២​រូប​ទៀត ត្រៀម​នឹង​ហោះ​ទៅ​អូស្ត្រាលី​ជា​លើក​ដំបូង​ក្នុង​អាជីព​សិល្បៈ ដែល​ការ​ទៅ​នោះ គឺ​ដើម្បី​ចូល​រួម​ច្រៀង​រក​បច្ច័យ​វត្ត​ខ្មែរ​មួយ​ស្ថិត​នៅ​ទី​នោះ។

លោក យឹង យន និង​ដៃគូ​២​នាក់​ទៀត​មាន​កញ្ញា អ៊ុន ស្រីលីស ហៅ កល្បាណី ស្រីលីស រួម​ជាមួយ​តារា​ចម្រៀង គ្រីប លក្ខិណា ហៅ ចំប៉ី លក្ខិណា នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី៤ មេសា ឆ្នាំ​នេះ​ប្រសិន​មិន​មាន​អ្វី​ប្រែប្រួល។ នេះ គឺ​ជា​បេសកកម្ម​តន្ត្រី​របស់​លោក​ដើម្បី​បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​យើង​ខាង​មុខ តប​តាម​ការ​អញ្ជើញ​របស់​វត្ត​ខ្មែរ​មួយ ហើយ​លោក​គ្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ១៥ ឧសភា ២០១៧។

តាម​ការ​បញ្ជាក់​របស់​អតីត​ជយលាភី​លេខ​២​កម្មវិធី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" រដូវ​កាល​ទី​២​រូប​នេះ គឺ​បេសកកម្ម​របស់​លោក ដើម្បី​រក​បច្ច័យ​ខ្លះ​ចូល​វត្ត ដើម្បី​ទុក​ប្រើ​ប្រាស់​ក្នុង​កិច្ចការ​នានា​ក្នុង​ការ​កសាង​សមិទ្ធផល​ក្នុង​វត្ត​ខ្មែរ​នេះ ដែល​មាន​ឈ្មោះ​ហៅ​ថា វត្ត​ខ្មែរ មែលប៊ន រដ្ឋ​វិចតូរីយ៉ា។

ដោយ​សារ​តែ​នេះ​ជា​លើក​ទី​១ សម្រាប់​ខ្លួន លោក យឹង យន បាន​បង្ហាញ​ពី​ភាព​រីករាយ។ "ជា​លើក​ដំបូង​បង្អស់​ហើយ​ទៅ​អូស្ត្រាលី អីចឹង​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ និង​សង្ឃឹម​ថា​បាន​ផ្លែ​ផ្កា​ល្អ ហើយ​ពុក​ម៉ែ​បង​ប្អូន​នឹង​ជួយ​គាំទ្រ"។ លោក យឹង យន ថ្លែង។

ក្រៅ​ពី​ទើប​ចេញ​អូស្ត្រាលី​លើក​នេះ តារា​ចម្រៀង​និយម​ច្រៀង​បទ​មនោសញ្ចេតនា​លន្លង់លន្លោច​មក​ពី​ខេត្ត​កំពង់​ធំ​រូប​នេះ ធ្លាប់​បាន​ទៅ​ប្រទេស​ជា​ច្រើន​រួច​មក​ហើយ ដែល​មាន​ដូច​ជា អាមេរិក ថៃ សិង្ហបុរី និង​ប្រទេស​អូទ្រីស​ជា​ដើម៕

អត្ថបទ៖ ស៊ុនហួត