Man City & Liverpool ​ស្មើ​គ្នា ​១-១ ​​​ទាំង​​​មិន​អស់​ចិត្ត​រៀងៗ​ខ្លួន

  • 2017-03-19 23:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ធំ​ដ៏​ក្តៅ​គគុក​ Super Sunday ​នៅ​ Premier League ​រវាង​ក្រុម​មេឃ​ខៀវ​​ Manchester City ​ទល់​នឹង​ហង្ស​ក្រហម​ Liverpool ​​យប់​មិញ​ បាន​ត្រឹម​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ​១-១ ​ទាំង​មិន​អស់​ចិត្ត​រៀងៗ​ខ្លួន ​ព្រោះ​ពួកគេ​មាន​ឱកាស​ល្អៗ នៅ​មុខ​ទី​ដូច​គ្នា ប៉ុន្តែ​ធ្វើ​ពុំ​បាន​សម្រេច។

ក្រុម​ភ្ញៀវ​ហង្ស​ក្រហម​របស់​លោក​ Jurgen Klopp ​បាន​នាំ​មុខ​​ក្រុម​ម្ចាស់​ផ្ទះ​​របស់​លោក​ Pep Guardiola ១-០ ​មុន​នៅ​នាទី​៥១ ​បន្ទាប់​ពី​ខ្សែ​ការពារ James Milner ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ ​ក្រោយ​ Gael Clichy ​បង្ក​កំហុស​លើ​ Roberto Firmino ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។ ​ប៉ុន្តែ Sergio Aguero ​បាន​ស៊ុត​ឲ្យ​ Man City ​តាម​ស្មើ​ ១-១ ​វិញ នាទី​៦៩។ ​លទ្ធផល​នេះ​ បាន​បន្ត​រហូត​ចប់​ការ​ប្រកួត ​ប៉ុន្តែ​​ Adam Lallana ​របស់​ Liverpool ​និង​ Aguero ​​បាន​ត្រឹម​សោក​ស្តាយ ​និង​មិន​អស់​ចិត្ត​ទេ ព្រោះ​ពួកគេ​មាន​ឱកាស​ល្អៗ​បំផុត​នៅ​មុខ​ទី​​ ប៉ុន្តែ​បែរ​ជា​​ស៊ុត​មិន​ចូល។​​

រីឯ​គូ​​ផ្សេង​ទៀត​ Manchester United ​បាន​យក​ឈ្នះ​ Middlesbrough ​៣-១ ​ខណៈ​ដែល​ Tottenham Hotspur ​ឈ្នះ​ Southampton ​២-១។ ដូច្នេះ​ក្រុម​​ខ្លាំងៗ​ទាំង​​អស់​ចាប់​ពី​លេខ​២​​​ គឺ​ប្រដេញ​ពិន្ទុ ​និង​ឈរ​នៅ​លេខ​រៀង​បន្ត​បន្ទាប់​គ្នា ​ពោល​គឺ Spurs ​លេខ​២ ​មាន​៥៩​ពិន្ទុ, Man City ​លេខ​៣ ​មាន​៥៧​ពិន្ទុ, Liverpool លេខ​៤ មាន​៥៦​ពិន្ទុ ​និង​ Man Utd ​បាន​ឡើង​មក​លេខ​៥ ​មាន​​៥០​ពិន្ទុ ​ខណៈ​ដែល​ Arsenal ​ធ្លាក់​ទៅ​ដល់​លេខ​៦ ​មាន​​៥០​ពិន្ទុ ស្មើ​ Everton៕

អត្ថបទ៖ វិន ជីវ័ន្ត​