ដូណាល់ ត្រាំ ធ្វើមុខមាំ មិនព្រម​ចាប់ដៃ​ជាមួយ លោកស្រី​អធិការបតី​អាល្លឺម៉ង់

  • 2017-03-20 01:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូណាល់ ត្រាំ ហាក់​បី​ដូចជា​មិន​អើពើ​ទៅ​នឹង​សំណើ​ចាប់ដៃ​គ្នា ជាមួយ​អធិការបតី​របស់​ប្រទេស​អាល្លឺម៉ង់ លោកស្រី Angela Merkel មុន​ពេល​ចូលរួម​សន្និសីទកាសែត​រួមគ្នា​មួយ កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ​នេះ។

ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ត្រូវ​បាន​ចែកចាយ​យ៉ាង​សុះសាយ នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។

មេដឹកនាំ​ទាំង​២​រូប​ខាងលើ បាន​អង្គុយ​នៅ​ក្នុង​ការិយាល័យ Oval Office នៃ​សេតវិមាន នៅ​ចំពោះ​មុខ​កាមេរ៉ា​ជាច្រើន​ដើម្បី​ថត​រូប ហើយ​នៅ​ពេល​នោះ អ្នកកាសែត​ក៏​បាន​ស្នើសុំ​ឲ្យ​អ្នក​ទាំង​២ ចាប់​ដៃ​គ្នា។ លោកស្រី Merkel បាន​ងាក​ទៅ​មើល​លោក ត្រាំ តែ​លោក​មិន​បាន​តបត ឬ​សម្លឹង​មើល​មក​វិញ​ឡើយ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ថែមទាំង​មិន​អើពើ​មក​ចាប់ដៃ​ជាមួយ លោកស្រី Merkel ទៀត​ផង។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ត្រាំ បាន​ព្រមាន លោកស្រី Merkel នៅ​មុន​ពេល​សន្និសីទកាសែត អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង ប្រទេស​អាល្លឺម៉ង់ និង សហរដ្ឋអាមេរិក ថា​អាច​នឹង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ឡើងវិញ ក្នុង​ពេល​ឆាប់ៗ​នេះ។

ទោះ​ជា​យ៉ាង​ណា ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​ទាំង​២​រូបនេះ ក្រោយ​មក​បាន​ចាប់​ដៃ​គ្នា នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទកាសែត៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម​ទាំង​អស់​គ្នា៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សេង ឡុង