ប្រាក់ មុន្នីឧត្តម ​ថា​ស្វាយ​រៀង​មាន​គោល​ដៅ​យក​លេខ​១ ​ស្រួល​លេង​វគ្គ​៤​ក្រុម

  • 2017-03-20 02:18:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្វាយ​រៀង​បាន​ដាក់​គោល​ដៅ​ធ្វើ​យ៉ាង​ណា​យក​ចំណាត់​ថ្នាក់​លេខ​១​កំពូល​តារាង​លីគ​កំពូល​កម្ពុជា ​ដើម្បី​ជា​ទុន​មួយ​ងាយ​ស្រួល​ក្នុង​ការ​លេង​វគ្គ​៤​ក្រុម​ចុង​ក្រោយ។ ​នេះ​បើ​តាម​ខ្សែ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម បាន​បញ្ជាក់។

លីគ​កំពូល​កម្ពុជា​ឆ្នាំ​នឹង​ប្រើ​រូប​មន្ដ​ថ្មី​មួយ ​ដោយ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទាំង​ពីរ​ជើង​មក ​ក្រុម​មាន​ចំណាត់​ថ្នាក់​ក្នុង Top4 ​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​គ្នា​បន្ដ​ទៀត។ ដោយ​ការ​ប្រកួត​នោះ ​ក្រុម​លេខ​៤​ត្រូវ​ជួប​ជាមួយ​ក្រុម​លេខ​៣ ​ហើយ​ក្រុម​ណា​ឈ្នះ​ប្រកួត​នេះ ​នឹង​ត្រូវ​ទៅ​ប៉ះ​ជាមួយ​ក្រុម​លេខ​២​បន្ដ​ទៀត។ ​ខណៈ​ដែល​ក្រុម​ណា​ឈ្នះ ​នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​ក្រុម​កំពូល​តារាង​លេខ​១ ​ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​លើក​ពាន​លីគ​កំពូល​កម្ពុជា​តែ​ម្ដង។

ដោយសារ​តែ​លេង​ដោយ​ប្រព័ន្ធ​នេះ​ហើយ ​បាន​ជា​ធ្វើ​ឱ្យ ប្រាក់ មុន្នីឧត្តម ​យល់​ឃើញ​ថា​ខ្លួន​និង​សមាជិក​ក្រុម​ទាំង​អស់​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​យក​ចំណាត់​ថ្នាក់​លេខ​១​ឱ្យ​បាន ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រជែង​យក​ពាន​រង្វាន់​ក្នុង​រដូវ​កាល​នេះ។ គិត​ត្រឹម​៥​សប្ដាហ៍​មក​នេះ ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា ​ដោយ​មាន​១៣​ពិន្ទុ ​តាម​ពី​ក្រោយ​ដោយ​ក្រុម​ក្រសួង​ការពារ​ជាតិ​មាន​១១​ពិន្ទុ៕

អត្ថបទ៖ មុន្នីរម្យ