ជំងឺ​រ៉ាំ​រ៉ៃ​ ៨០​% កើត​ឡើង​ដោយ​សារ​សុខភាព​មាត់​ធ្មេញ​មិន​ល្អ

  • 2017-03-20 03:56:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​ បាន​លើក​ឡើង​ថា សុខភាព​មាត់​ធ្មេញ​មិន​ល្អ​ អាច​បង្ក​​ឲ្យ​មាន​​ជំងឺ​​ផ្សេង​ៗ​ជា​ច្រើន​ ​ជា​ពិសេស​ជំងឺ​​រ៉ាំ​រ៉ៃ​ប្រមាណ​ ៨០​ % កើត​ឡើង​ដោយ​សារ​​បញ្ហា​មាត់​ធ្មេញ​។ នេះ​បើ​តាម​​របាយការណ៍​ នៅ​ក្នុង​ទិវា​សុខភាព​មាត់​ធ្មេញ​ពិភព​លោក ២០​មីនា​ ២០១៧ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ កោះ​ពេជ្រ​ កាល​ពី​ពេល​ព្រឹក​​មិញ​នេះ​។

តាម​របាយការណ៍​ដដែល​បាន​​បង្ហាញ​ឲ្យ​ដឹង​ថា បញ្ហា​​មាត់​ធ្មេញ​​​កើត​ឡើង​ដោយ​សារ ការ​បរិភោគ​ចំណី​អាហារ​ដែល​ធ្វើ​ឲ្យ​ងាយ​រង​គ្រោះ​ ដូច​ជា​ អាហារ​មាន​ជាតិ​​ផ្អែម សូកូឡា ស្ករ​​គ្រាប់ ទឹក​ស៊ីរ៉ូ នំ​ផ្អែម​សិប្បកម្ម​ជា​ដើម​។ បន្ថែម​ពី​នោះ ​វិធី​សម្អាត​មាត់​​ធ្មេញ​ មិន​ត្រឹម​ត្រូវ​​ និង​មិន​គ្រប់​គ្រាន់​​ក៏​បង្ក​ឲ្យ​មាន​បញ្ហា​មាត់​ធ្មេញ​ផង​ដែរ តួ​យ៉ាង តាម​របាយការណ៍​ស្រាវជ្រាវ​​ទិវា​សុខភាព​មាត់​ធ្មេញ​ពិភព​លោក ​​ ក្នុង​ចំណោម​​ក្មេង​ ២៨៤​នាក់ មាន​៥៤% ដែល​ដុស​ធ្មេញ​​១​ថ្ងៃ​ ១​ដង ហើយ​ចំនួន​​ ៣៩​% ​ប៉ុណ្ណោះ​ដែល​​​មាន​ទម្លាប់​ដុស​ធ្មេញ​​ ២​ដង​ក្នុង​​​១​ថ្ងៃ​។

តាម​ការ​ណែ​នាំ​របស់​​ទន្តពេទ្យ​ជា​ច្រើន ការ​ដុស​ធ្មេញ​ក្រោយ​ពេល​ញ៉ាំ​អាហារ ឬ​ទម្លាប់​​ដុស​ធ្មេញ​​ឲ្យ​​បាន​២​ដង​ ក្នុង​មួយ​ថ្ងៃ​ គឺ​ពេល​ព្រឹក​ និង​ពេល​យប់​មុន​​ពេល​ចូល​គេង​​ គឺ​ជា​វិធី​សាស្ត្រ​​ដ៏​មាន​ប្រសិទ្ធ​ភាព​​​តែ​មួយ​​គត់​ ដើម្បី​​កាត់​បន្ថយ​​បញ្ហា​សុខភាព​មាត់​ធ្មេញ​​​ឲ្យ​នៅ​កម្រិត​ទាប​បំផុត​។ ​

តាម​​ការ​លើក​ឡើង​​របស់ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ខាង​លើ បាន​និយាយ​ថា៖ "ដោយ​សារ​បញ្ហា​មាត់​ធ្មេញ​នេះ ជា​បញ្ហា​មួយ​ បង្ក​ឡើង​ដោយ​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ ហើយ​ពិសេស​ វា​ពាក់​ព័ន្ធ​​ដល់​ឥរិយាបថ​ ទម្លាប់ និង​ការ​ប្រព្រឹត្ត​​ត​​ៗ​គ្នា​ រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ ធ្វើ​​ឲ្យ​ការ​ដោះ​ស្រាយ​បញ្ហា​​​​​​​មាត់​ធ្មេញ​នេះ​ ទាម​ទារ​​ឲ្យ​មាន​ការ​អនុវត្ត​ ជា​ដំណាក់​កាល​ៗ​ ក្នុង​រយៈ​ពេល​វែង ជា​មួយ​នឹង​ការ​ចូល​រួម ពី​សំណាក់​ប្រជាជន​ ស្ថាប័ន​ឯកជន និង​ដៃ​គូ ពាក់ព័ន្ធ​​ផ្សេង​​ៗ​ទៀត​"។

​​​​​​គួរ​រំលឹក​ផង​ដែរ​ថា បើ​តាម​លោក ទន្តបណ្ឌិត​ កោ ហុកស៊ីម ប្រធាន​សមាគម​ទន្តពេទ្យ​​កម្ពុជា​ ទិវា​​សុខភាព​មាត់​ធ្មេញ​​ពិភព​លោក​ ២០ មីនា បាន​រៀប​ចំ​​ក្នុង​បំណង​ បង្កើន​ការ​យល់​ដឹង​ពី​សារសំខាន់​​របស់​សុខភាព​មាត់​ធ្មេញ និង​ផល​ប៉ះពាល់​របស់​វា​​ដល់​សុខភាព​ទូ​ទៅ និង​គុណភាព​ជីវិត​។ ប្រធាន​បទ​ឆ្នាំ​នេះ​ គឺ "ការ​រស់​នៅ​​ជា​មួយ​សុខភាព​មាត់​ធ្មេញ​ល្អ ជា​ជម្រើស​​ដ៏​ឆ្លាត​វៃ​" ដើម្បី​ដាស់​តឿន​ បង្កើន​ការ​ចាប់​អារម្មណ៍ ដល់​សាធារណជន​​ឲ្យ​រស់​នៅ​​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ ក្នុង​ការ​ជ្រើស​រើស​​សុខភាព​ល្អ​សម្រាប់​ខ្លួន​ឯង តាម​រយៈ​ការ​យល់​ដឹង​ និង​ចាប់​ផ្តើម​ទម្លាប់​​អនាម័យ​មាត់​ធ្មេញ​​ល្អ ​ តាំង​ពី​​ក្មេង​ទៅ​៕

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម