ឈិត សុវណ្ណបញ្ញា ឆក់​បាន​តំណែង​​តួ​ឯករឿង​ភាគ​ទូរទស្សន៍​លើក​ដំបូង​(វីដេអូ)

  • 2017-03-20 04:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម Town ឈិត សុវណ្ណបញ្ញា ឆក់​​បាន​តំណែង​រឿង​ភាគ​​ទូរទស្សន៍​លើក​​ដំបូង​បន្ទាប់​ពី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ប្រមាណ​ជាង១១ ឆ្នាំ។

រឿង​ភាគ​ដំបូង​​របស់ ឈិត សុវណ្ណបញ្ញា ដែល​បាន​ក្រុង​ពាលី​ព្រឹក​មិញ​នេះ​មាន​ចំណង​ជើង​ថា "ពន្លក​ស្នេហ៍​យុវវ័យ" សហការ​ជាមួយ​តួឯក​ប្រុស ខាត់ វៃហាំង ដែល​​ជា​វណ្ណកម្ម​ថ្មី​របស់​ផលិតកម្ម 8 Production នឹង​ចាក់​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍ CTV8 HD ក្នុង​ពេល​ខាង​មុខ។

ម្ចាស់​បទ​ "ម្នាក់​ឯង​ម្ដង​ទៀត" បាន​លើក​ឡើង​ថា ដំបូង​ឡើយ​​​​នាង​ធ្លាប់​ថត​រឿង​ដុំ​បាន​មួយ​រឿង​ដែរ​គឺ​រឿង "ទេសចរណ៍​ឋាន​នរក" ពេល​នេះ​បាន​នាង​ទទួល​បាន​ឱកាស​ថ្មី​មួយ​ទៀត​ពី​អ្នក​ដឹកនាំ​គឺ​រឿង​ភាគ​ទូរទស្សន៍។ "រឿង​នេះ​ខ្ញុំ​មាន​ការ​បារម្ភ​ច្រើន​ព្រោះ​វា​មាន​រយៈពេល​វែង​ មិន​ដូច​រឿង​ដុំ​ហើយ​ម្យ៉ាង​ទៀត​ខ្ញុំ​មិន​មែន​ជា​តារា​សម្ដែង​អាជីព​ទៀត តែ​យ៉ាង​ណាក៏​ដោយ​ខ្ញុំ​នឹង​ខិត​ខំ​​ធ្វើ​ឲ្យ​​ល្អ​បំផុត"។

ចំណែក​អ្នកដឹក​នាំ​លោក គ្រិន វុទ្ធី វិញ​បាន​បញ្ជាក់​ថា រឿង​នេះ​មាន​ចំនួន​ ២៥ ភាគ ដែល​គ្រោង​ចំណាយ​នោះ​វិញ​គឺ​ច្រើន​ជាង​រឿង​ភាគ​ដែល​លោក​ធ្លាប់​បាន​ផលិត​មុន​ៗ​ព្រោះ​សាច់​រឿ​ង​ថ្មី​នេះ​រឿង​បែប​យុវវ័យ ដូច្នេះ​ត្រូវ​ចំណាយ​ច្រើន ជាពិសេស​មាន​តួអង្គ​សំខាន់ៗ​ច្រើន​ក្នុង​រឿង​នេះ៕

អត្ថបទ៖ Samedy