លួច​ស្រឡាញ់​គេ​មធ្យម ងំ​គេ​មាន​សង្សារ​ហើយ​

  • 2017-03-20 06:42:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហឹមម..​គិត​ៗ​ទៅ​រាល់​ថ្ងៃ​មិន​ដឹង​ជា​មាន​កម្ម​អី​ទេ ​បាន​ជា​លង់​ស្នេហ៍​​តែ​ជាមួយ​មនុស្ស​ដែល​គេ​មាន​ម្ចាស់​ហើយ ​ឯ​មនុស្ស​នៅ​ទំនេរ​​ម៉ា​គគោក​បែរ​ជា​មើល​មិន​ឃើញ​ មិន​ចាប់​អារម្មណ៍ ចូលចិត្ត​តែ​ស្រឡាញ់​អ្នក​ណា​ដែល​មិន​អាច​ទៅ​រួច​ ហើយ​វា​មិន​មែន​ជា​លើក​ទី​១​ទេ​ពីរ​បី​ដង​ហើយ​តែ​ហេតុ​អី​មិន​ចេះ​ចោះ​ត្រចៀក​ចឹង​?

រូប​តំណាង

ថ្ងៃ​នេះ​ចង់​និយាយ​រឿង​ពិត​មួយ មិន​ដឹង​ថា​គួរ​ប្រាប់​អ្នក​ណា​ មាន​តែ​ពឹង​បង​Sabayហើយ​។ ​និយាយ​ទៅ​ខ្ញុំ​បាន​លង់​ស្រឡាញ់​មនុស្ស​ម្នាក់​ដោយ​មិន​ដឹង​ខ្លួន ហើយ​ម្នាក់​នឹង​​គាត់​មិន​មែន​ជា​មនុស្ស​ប្រុស​សង្ហា​អី​ទេ តែ​គួរ​សម​ដែរ ​ប្រហែល​ខ្ញុំ​មិន​មែន​លង់​លើ​រូប​សម្បត្តិ​គាត់​ទេ តែ​អាចមកពីគាត់​ជា​មនុស្ស​ពូកែ​ មាន​សមត្ថភាព ​ទើប​បាន​ជា​អាច​ឆក់​យក​បេះ​ដូង​របស់​ខ្ញុំ​បាន​។

​លួច​ប្រចណ្ឌ​គេ លួច​ខឹង​គេ ​ចង់​ដឹង​រឿង​គេ​ ទាំង​គ្មាន​ត្រូវ​ជាមួយ​អ្វី​នឹង​គេ​ផង ជា​មិត្ត​ក៏​មិន​មែន ជាអីក៏មិនមែន តើ​ខ្ញុំ​ជា​មនុស្ស​ឆ្កួត​មែន​ទេ​? ​ប្រសិន​បើ​ខ្ញុំ​សារភាព​ប្រាប់​គាត់​ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​ទៅ?​ តែ​ខ្ញុំ​ពិត​ជា​ពិបាក​ប្រឈម​មុខ​ខ្លាំង​ណាស់​ពេល​ជួប​មុខ​គេ​ម្ដងៗ ចង់​នៅ​ក្បែរ​គេ ចង់​ស្និទ្ធស្នាល​ជាមួយ​គេ ទាំង​​ដឹង​ថា​វា​មិន​​អាច​ទៅ​រួច​ទេ ហឹមម.. តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ម៉េច​ទៅ​ ព្រោះ​ខ្ញុំ​ស្រឡាញ់​គេខ្លាំង​ណាស់​។ តាម​ពិត​ប្រសិន​បើ​គេជា​អ្នក​ដទៃ ខ្ញុំ​នឹង​សាកល្បង​សារភាព​មិន​​ខាន តែ​នេះ​យើង​ជា​មិត្ត​រួម​ការងារ​ ចុះ​បើ​ត្រូវ​គេ​បដិសេធ​ តើ​ខ្ញុំ​អាច​នៅ​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ជាមួយ​គ្នា​បាន​ទៀត​ទេ​? ចឹង​ហើយ​បាន​ជា​ត្រូវ​ខាំ​មាត់​សង្កត់​ចឹង​មិន​ហ៊ាន​សារភាព ​បាន​ត្រឹម​លួច​មើល​គេ​​តែ​ប៉ុណ្ណោះ​។

លួច​ស្រឡាញ់​គេ​មធ្យម​ទេ​ងំ​ គេ​មាន​សង្សារ​ហើយ​ទៀត​ ​តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ខ្លាំង​នោះ​ សង្សារ​គេ​ជា​មិត្ត​ជិត​ស្និទ្ធ​ខ្ញុំ​​ធ្វើ​ការ​ជាមួយ​គ្នា​ដែរ ឱ​ព្រះ​អើយ​ហេតុ​អី​ក៏​ចៃដន្យ​ម្ល៉េះ​? ​ហឹមម... ទោះ​ដឹង​ចឹង​ហើយ​នៅ​តែ​មិន​ព្រម​ដក​ចិត្ត​ទៀត កាន់​តែ​ដក​ចិត្ត​កាន់​តែ​នឹក កាន់​តែ​ឈឺ​ចាប់ ហើយ​ចង់​បំភ្លេច​គេ​ឱ្យ​បាន ​ធ្វើ​ម៉េច​បាន​ បើ​នៅ​តែ​ជួប​មុខ​គ្នា​រាល់​ថ្ងៃ​នឹង​? ចឹង​ខ្ញុំ​ត្រូវ​ប្ដូរ​ការងារ​មាន​ទេ? ​ហើយ​ប្ដូរ​យ៉ាង​ម៉េច​ទៅ បើ​ការងារ​នេះ​ខ្ញុំ​ស្រឡាញ់​ចង់​ស្លាប់​ទៅហើយ​។

ពេល​នេះ​ វេលា​នេះ សំណួរ​ចាក់​ស្រ្តេស​ពេញ​ខួរ​ក្បាល​ខ្ញុំ​ហើយ តើ​ខ្ញុំ​គួរ​ដោះ​ស្រាយ​យ៉ាង​ម៉េច​ទៅ? បើ​ខ្ញុំ​សារភាព​តើ​នឹង​​មាន​អ្វី​កើត​ឡើង​ទៅ? ប្រាកដ​ណាស់​ពិត​ជា​មើល​មុខ​គ្នា​លែង​ត្រង់​មិន​ខាន ព្រោះ​ខ្ញុំ​ដឹងថា​គាត់​គ្មាន​ចាប់​អារម្មណ៍​ខ្ញុំ​សូម្បី​ប៉ុន​ក្រចក កុំ​ថា​ឡើយ​ស្នេហា​ សូម្បី​ជា​មិត្ត​ក៏​គេ​មិន​ចង់​ផង​។ ហ៊ើយ.. ​បើ​នៅ​ទ្រាំ​សឹង​តែ​ដាច់​ខ្យល់​ម្ដងៗ​ តើ​ខ្ញុំ​ទ្រាំទ្រ​​បាន​យូរ​ប៉ុណ្ណា​?

និយាយ​ឱ្យ​អស់​ទៅ ថ្ងៃ​មុន​ទើប​តែ​ទៅ​ឱ្យ​លោក​ស្រោច​ទឹក​ ដើម្បី​លាង​ជម្រះ​បាបកម្ម​ដែល​លួច​ស្រឡាញ់​សង្សារ​គេ ហើយ​ក៏​ដើម្បី​ចង់​បំភ្លេច​គេ​តាម​រយៈ​ទឹក​មន្ត​ព្រះសង្ឃ​ តែ​គ្មាន​ទេ​យប់​ឡើង​នៅ​តែ​ស្រមៃ​ឃើញ​គេ នៅ​តែ​នឹក​គេ នៅ​តែចង់​ឃើញ​មុខ​គេ​ដដែល​។ ​ហឹមម..​កម្ម​ក្រាស់​ដល់​ហើយ​ខ្ញុំ​អាសូរ​តែ​ខ្លួន​ឯង​មិន​ស្អាត​អី​ទៅ ចាំ​ទៅ​លួច​ស្រឡាញ់​គេ តែ​នេះ​ស្អាត​ប៉ុណ្ណឹង​ដែរ បែរ​ជា​ទៅ​លង់​​ស្នេហ៍​មនុស្ស​មាន​ម្ចាស់​ ហើយ​ថែម​ទាំង​មិន​សូវ​ស្អាត​ទៀត​។ ​ពេល​នេះ​ខ្ញុំ​ជឿ​ហើយ​ថា លើ​លោក​នេះ​ពិត​ជា​មាន​កម្ម​មែន​។

តែ​សរុប​មក​វិញ​ការងារ​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ ខ្ញុំ​មិន​អាចដាក់​ពាក្យ​លា​ឈប់​ព្រោះ​តែ​រឿង​នេះ​ទេ។ ​ដូច្នេះ​ហើយ​មាន​តែ​ជូន​ពរ​គាត់ និង​នារី​ម្នាក់​នោះ​ស្រឡាញ់​គ្នា​រហូត​បាន​ដល់​ថ្ងៃ​រៀបការ​ជាមួយ​គ្នា ស្រឡាញ់លុះ​ដល់​ចាស់​កោង​ខ្នង​។ ​ចំពោះ​ខ្ញុំ​វិញ​មាន​តែ​កាត់​ចិត្ត​ហើយ យើង​គ្មាន​សិទ្ធិ​អី​ទៅ​ចង់​ហួង​ហែង​គេ​ទេ ព្រោះ​គ្មាន​​ត្រូវ​ជា​អ្វី​នឹង​គេ​ទេ ហើយ​គម្រោង​សារភាព​​ក៏​ត្រូវ​រំលាយ​ចោល​ដែរ ព្រោះ​ដឹង​ថា​គ្មាន​ផ្លូវ​​ទៅ​ហើយ។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ខ្ញុំ​នឹង​ធ្វើ​ខ្លួន​ឱ្យ​ឆ្ងាយ​ពី​គេ តាម​ដែល​អាច​ទៅ​រួច ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​បំភ្លេច​គាត់​ឱ្យ​ទាល់​តែ​បាន​៕

អត្ថបទ៖ មនុស្សមានកម្ម