បាន​តំណែង​តួឯក​ភ្លាម ដារ​ដ្ឋ ប្រកាស​ទិញ​ LEXUS 470 មុន​ចូល​ឆ្នាំ​ខ្មែរ(វីដេអូ)

  • 2017-03-20 09:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ដារដ្ឋ ដែល​ទើប​តែ​ទទួល​​បាន​​តំណែង​តួឯក​ក្នុង​​រឿង"ឈាម​ស្នេហ៍​ក្បត់​​បេះ​ដូង" របស់​ផលិតកម្ម B&S បាន​បង្ហើប​ឲ្យSabay ​ថា ឆាប់ៗ​ខាង​មុខ​នេះ​ខ្លួន​នឹង​ទិញ LEXUS 470 មួយ​គ្រឿង​​ឲ្យ​បាន​​មុន​ឆ្នាំ​ខ្មែរ​ចូល​មក​ដល់​តែ​ម្ដង។

រថយន្តLEXUS 470 ដែល​កំលោះ​វ័យ​ក្មេង​ខាង​លើ​គ្រោង​ទិញ​នោះ មាន​តម្លៃ​ប្រហែល​ជាង​២ម៉ឺន​ដុល្លារ ដោយ​ការ​ទិញ​នេះ លោក​ប្រាប់​ថា អាច​ទិញ​បង់​ផ្ដាច់​​ច្រើន​ជាង​រំលួស ត្បិត​អី​បច្ចុប្បន្ន​កំពុង​ប្រមូល​លុយ​ដើម្បី​បង្គ្រប់។ មូលហេតុ​ដែល​នាំ​ឲ្យ​លោក​សម្រេច​ចិត្ត​ទិញ​រថយន្ត​ដូច​បង្ហាញ​ខាង​លើ​បែប​នេះ ក៏​ព្រោះ​តែ​រាល់​ថ្ងៃ​ការងារ​សិល្បៈ​​កាន់​តែ​មមាញឹក​ច្រើន ហើយ​ឧស្សាហ៍​ចុះ​ថត​តាម​ខេត្ត ពិបាក​ខ្ចី​ឡាន​បង​ប្អូន​ជិះ។

លោក​បាន​បញ្ជាក់​ថា ប្រាក់​ដែល​​គ្រោង​យក​មក​ទិញ​រថយន្ត​នេះ គឺ​ជា​កម្លាំង​ញើស​ឈាម​របស់​លោក​ទាំង​អស់ មិន​មាន​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង​ឡើយ ត្បិត​អី​រាល់​ថ្ងៃ​ក្រៅ​ពី​​​តារា​សម្ដែង ខ្លួន​មាន​មុខរបរ​ពីរ​ទៀត គឺ​រកស៊ី​គក់​ជេរ​ឡាន និង លក់​គ្រឿង​សង្ហារិម​ជា​មួយ​បង​ប្អូន ដូច​នេះ​សម្រាប់​ប្រាក់​ទិញ​រថយន្ត​ថ្លៃ​ខ្ទង់​២ម៉ឺន​ដុល្លារ​ជាង​នេះ មិនមែន​ជា​រឿង​ពិបាក​សម្រាប់​លោក​ឡើយ។

លោក ដារដ្ឋ បាន​បោះជំហាន​ចូល​សិល្បៈ​ក្នុង​ឆ្នាំ២០១៤ មក​ទល់​បច្ចុប្បន្ន​តារា​ដែល​ធ្លាប់​មាន​ដំណឹង​​ស្នេហា​ជា​មួយ​តារា​កំប្លែង​ស្រី​អ៊ីត​រូប​នេះ ធ្លាប់​ថត​ភាពយន្ត​បាន​៧ទៅ​៨​រឿង​មក​ហើយ។ រឿង​ទាំង​នោះ​មាន​ដូច​ជា ​រឿង"បេះ​ដូង​ក្ដៅ​ទ្រូង",រឿង"ឋានសួគ៌​វណ្ណៈ",រឿង"បន្តោង​ខ្សែក​ពេជ្រ",រឿង"នំប៉័ង​សុបិន​​​​ស្នេហ៍",រឿង"ស្នេហ៍​បញ្ច្រាស​ទិស" និង រឿង"ឈាម​ស្នេហ៍​ក្បត់​​បេះ​ដូង" ជា​ដើម។

សូម​ស្ដាប់ វីដេអូ​របស់​លោក ដារដ្ឋ ពី​គម្រោង​ទិញ​រថយន្តLEXUS 470 មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​ចូល​​មក​ដល់​ទាំង​អស់​គ្នា៕

អត្ថបទ៖ ស៊ុនហួត

អត្ថបទពេញនិយម