វេទិកា​ឥទ្ធិពល​យុវជន​​ឲ្យឱកាសយុវជន​ពិភាក្សា​ និង បង្កើត​គម្រោងគោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​

  • 2017-03-20 08:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេទិកា​ឥទ្ធិពល​យុវជន​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​​​​កាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​ មីនា​ ឆ្នាំ​ ២០១៧​ ម្សិល​មិញ​នេះ​នៅ​ឯ​​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​​ដែល​​រៀប​ចំ​ឡើង​ដោយ​​សមាគម​និស្សិត​អន្តរជាតិ​ AIESEC Cambodia​។ ​វេទិកា​នេះ​ដែរ​បាន​​​ផ្ដល់​ឱកាស​អោយ​យុវជន​​ច្រើន​ជាង​១០០០​នាក់​ ​បាន​​រួម​គ្នា​ពិភាក្សា​ និង បង្កើត​ជា​គម្រោង​សម្រាប់​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​​ទាំង​១៧​​ តាម​រយៈ​​ការ​ចូល​រួម​សិក្ខា​សាលា​ដែល​ខ្លួន​ពេញ​ចិត្ត​​។​​​​

បើ​តាម​ការ​លើក​ឡើង​របស់​កញ្ញា​ ​ប៉ែន​ សី​ហ្សា​ណា​​ ​ជា​ប្រធាន​​សមាគម​និស្សិត​អន្តរជាតិ​ AIESEC Cambodia ​បាន​ថ្លែង​ថា​​​​សមាគម​​និស្សិត​អន្តរជាតិ​ ដែល​ហៅ​កាត់​ថា​ AIESEC ​​ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​១៩៤៨​ មក​ម្ល៉េះ​ដោយ​​បច្ចុប្បន្ន​មាន​១២០​ប្រទេស​ជា​សមាជិក​។​ ​ហើយ​សមាគម​ AIESEC​ នេះ​បានមក​ដល់​ប្រទេស​​កម្ពុជា​នៅ​ឆ្នាំ​ ២០០៩​ ។​ ​កញ្ញា​បន្ត​ថា​ ​សមាគម​នេះ​បង្កើត​ឡើង​ក្នុង​​គោល​ដៅ​បង្កើត​អោយ​មាន​​ សន្តិភាព​ ​ការ​អភិវឌ្ឍន៍​​ភាព​ជា​អ្នក​ដឹកនាំ​ និង សក្ដានុពល​របស់​យុវជន​ ​ថែម​ទៀត​ផង​។​

កិច្ចការ​នេះ​គឺ​​ធ្វើឡើងតាម​រយៈ​​សកម្មភាព​​ចម្បង​​ចំនួន​​៣​​​ដូច​ជា​ ការ​ចូល​ជា​សមាជិក​AIESEC​​ ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ទៅ​ក្រៅ​ប្រទេសដោយ​ស្ម័គ្រចិត្ត​ និង ​ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជាជីវៈ​ ​​។​ "នេះ​គឺ​​ជា​លើក​ទី​២​ហើយ​​ ដែល​វេទិកា​ឥទ្ធិពល​យុវជន​ត្រូវ​​បាន​ប្រព្រឹត្ត​ឡើង​នៅ​កម្ពុជា"។​​ ​កញ្ញា​បាន​បញ្ជាក់​​។​

​​បន្ថែម​លើ​នេះ​ដែរ​ ​វេទិកា​ឥទ្ធិពល​យុវជន គឺ​ជា​វេទិកា​ដែល​បាន​ប្រមូល​​ផ្ដុំ​​ដោយ​សិស្ស​ និស្សិត​ ​យុវជន​ ​និង​ វាគ្មិន​ដែល​មាន​បទ​ពិសោធន៍​មក​ពី​ស្ថាប័ន​សំខាន់​ៗ​​។​ ពួក​គាត់​រីក​រាយ​ក្នុង​ការ​​មក​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ គំនិត​យោបល់​នានា​ ​ដូច​ជា​ពិភាក្សា​វែក​ញែក​នូវ​ប្រធាន​បទ​ ដែល​ផ្ដោត​លើ​​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​​ចំនួន​២​។​ ​គោល​ដៅ​ទាំង​២​នោះ​​គឺ​​​មាន​គោល​ដៅ​ទី​៨​ និង ទី​១២​។​ គោល​ដៅ​ទី​៨​ ​គឺ​​ស្ដី​ពី​ការ​ជំរុញ​​អោយ​មាន​កំណើន​សេដ្ឋកិច្ច ​ការ​ងារ​សម​រម្យ​ ចំណែក​ឯ​គោល​ដៅ​ទី​១២​ វិញ​គឺ​​ ​ស្ដី​​ពី​ការ​ប្រើ​ប្រាស់​ដោយ​ទំនួល​ខុស​ត្រូវ​ នូវ​ផលិត​កម្ម​ ​ប្រកប​ដោយ​ចីរភាព​។​

​កញ្ញា​ហ្សាណា​បាន​ពន្យល់​ថា​ គោល​ដៅ​អភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព​​គឺ​ជា​​គោល​ដៅ​ជា​សកល​​ ចំនួន​១៧​​ដែល​បាន​កំណត់​ដោយ​​អង្គការ​​សហប្រជាជាតិ​ ដើម្បី​សម្រេច​អោយ​បាន​នៅ​ឆ្នាំ​២០៣០​ ដោយ​ផ្ដោត​ចម្បង​លើ​ការ​បញ្ចប់​នៃ​ភាព​ក្រី​ក្រ​ ការ​​ការ​ពារ​​បម្រែបម្រួល​អាកាស​ធាតុ​ និង ការ​កាត់​បន្ថយ​វិសមភាព​​​ជា​ដើម​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​​កម្មវិធី​នេះ​គឺ​មាន​វាគ្មិន​ដែល​មកពី​ស្ថាប័ន​ធំៗ​ចំនួន​៧​រូប ដែល​ទាក់ទង​ទៅ​នឹង​ទិសដៅ​ទី​៨ និង​ទី​១២​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។​ មាន​សិក្ខាសាលា​ចំនួន​២៤ ដែល​ចែក​ជា​​​២៤​ប្រធានបទ​ខុស​ៗ​គ្នា​ទាក់ទង​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ មាន​ការ​ដាក់​តាំង​ស្តង់​​ជាង​២០​ ហើយ​ចុង​ក្រោយ​គឺ​​តម្រូវ​អោយ​អ្នកចូលរួម​បញ្ចេញ​មតិ​ផ្ទាល់ខ្លួន​ទៅកាន់​បញ្ហា​ពិភព​លោក​ទាំង​១៧​គោលដៅ និង​រៀបចំ​គម្រោង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំងអស់​នោះ​ផង​ដែរ​។​

អត្ថបទ៖ ចន្ថា

អត្ថបទពេញនិយម