វត្ត​ល្បី​ឈ្មោះ​បំផុត​នៅ​មីយ៉ាន់ម៉ា មាន​មនុស្ស​ត្រៀប​ត្រា​ទៅ​បួង​សួង​រាល់​ថ្ងៃ

  • 2017-03-20 06:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ត Shwedagon គឺ​ជា​ទី​សក្ការ និង​ជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់​ទាញ​បំផុត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ក៏​ជា​កន្លែង​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ វត្ត​ដ៏​ចំណាស់​មួយ​នេះ មាន​ទី​តាំង​នៅ​ទី​ក្រុង​រ៉ង់ហ្គូន (បច្ចុប្បន្ន ប្ដូរ​ឈ្មោះ​ជា យ៉ាំងហ្គូន )។

មគ្គទេសក៍​ទេសចរណ៍​នៅ​វត្ត Shwedagon បាន​ឲ្យ​ដឹង​ថា វត្ត​នេះ​កសាង​ឡើង​នៅ​សតវត្ស​ទី១១ ពោល​គឺ​ក្នុង​អំឡុង​ឆ្នាំ១០៦០ ប៉ុន្តែ​បើ​តាម​ឯកសារ​មួយ​ចំនួន​បង្ហាញ​ថា វត្ត​នេះ​មាន​អាយុ​កាល ២៦០០​ឆ្នាំ​មក​ហើយ ដែល​ជា​វត្ត​ចំណាស់​បំផុត​លើ​លោក។ អ្វី​ដែល​ពិសេស​នៅ​ក្នុង​វត្ត​នេះ គឺ​មាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ ត្រូវ​បាន​លាប​ពណ៌​មាស។ នៅ​ក្នុង​បរិវេណ​វត្ត បាន​បន្សល់​ទុក​ប្រាសាទ​ចំណាស់ៗ​មួយ​ចំនួន។

ប្រាសាទ​ពណ៌​មាស ត្រូវ​បាន​សាង​សង់​ឡើង​ពី​ថ្ម​ភក់ ហើយ​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៣០​ឆ្នាំ​ដើម្បី​ជញ្ជូន​ថ្ម​ទាំង​នោះ ព្រោះ​ភ្នំ​ថ្ម​មាន​ចម្ងាយ​ដល់​ទៅ ៣០​គីឡូម៉ែត្រ។ ​អ្វី​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទេសចរ​ផង​ដែរ​នោះ គឺ​កូន​អណ្ដូង​មួយ​នៅ​ក្នុង​វត្ត មាន​ទំហំ​តូច ប៉ុន្តែ​ទឹក​ចេញ​ឥត​ដាច់ ដោយ​មិន​ដឹង​ថា​ប្រភព​ទឹក​មក​ពី​ណា​ឡើយ។

​វត្ត Shwedagon អាច​ចាត់​ទុក​ជា​ទី​ស័ក្ដិសិទ្ធិ​ដ៏​ចម្លែក​មួយ ព្រោះ​ប្រទេស​មីយ៉ាន់ម៉ា បាន​រង​គ្រោះ​រញ្ជួយ​ដី​ច្រើន​ដង​ដែរ​ហើយ ដូច​ជា​កម្រិត​ធ្ងន់​ក្នុង​ឆ្នាំ១៧៦៩ និង​រញ្ជួយ​ដី​កម្រិត​ស្រាល​ជា​ច្រើន​ដង​ទៀត​ក្នុង​សតវត្ស​ទី២០ ប៉ុន្តែ​សំណង់​ទាំង​អស់​នៅ​លើ​កំពូល​វត្ត នៅ​តែ​អាច​ឈរ​ជាប់​ដល់​សព្វ​ថ្ងៃ។ ​​​

ជា​រៀង​រាល់​ថ្ងៃ មាន​ប្រជាជន​មីយ៉ាន់ម៉ា​ជា​ច្រើន បាន​ទៅ​បួងសួង និង​សមាធិ សុំ​សេចក្ដី​សុខ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ក្រៅ​ពី​នេះ វា​ក៏​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​ចម្បង​មួយ​ផង​ដែរ ព្រោះ​អ្នក​ដែល​ទៅ​កម្សាន្ត​នៅ​រ៉ង់ហ្គូន មិន​ដែល​រំលង​កន្លែង​នេះ​ឡើយ៕

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម