ឧកញ៉ា លឹម ហេង៖ អាជីវកម្ម​លក់​រាយតាម​ផ្សារ​ទំនើប​ គួរ​ទូទាត់​ជា​ប្រាក់​រៀល​

  • 2017-03-20 08:59:18
  • ចំនួនមតិ

ចន្លោះមិនឃើញ

​ថ្លែង​នៅ​ក្នុង​ទិវា​ប្រាក់​រៀល​ ដើម្បី​អបអរ​សាទរ​ខួបទី៣៧ នៃការ​ដាក់​ឱ្យ​ប្រើប្រាស់​ឡើង​វិញ​ នៃ​ក្រដាស​ប្រាក់​រៀល​ដែល​រៀប​ចំ​ដោយ​ធនាគារ​ជាតិ ​កាល​ពី​ថ្មីៗ​នេះ លោក​ឧកញ៉ា លឹម ហេង អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ឡើង​ថា ដើម្បី​លើក​កម្ពស់​ប្រាក់​រៀល និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​លុយ​រៀល​នោះ អាជីវកម្ម​លក់​រាយ​ ​តាម​ផ្សារ​ទំនើបទាំងអស់ គួរ​កំណត់​តម្លៃ​និង​ទូទាត់​ជា​ប្រាក់​រៀល​។

ឧកញ៉ា លឹម ហេង (រូបភាព NBC)

​​ឧកញ៉ា លឹម ហេង បាន​លើក​ឡើង​ទៀត​​ថា រាល់​មុខ​ទំនិញ​ដែល​មាន​តម្លៃ​ក្រោម​ ៥០ ​ឬ ​១០០ ដុល្លារ​អាមេរិក គួរ​កំណត់​តម្លៃ​និង​ទូទាត់​ជា​ប្រាក់​រៀល​នៅ​លើ​ទីផ្សារ​កម្ពុជា។ បន្ថែម​លើស​ពីនេះ​ទៀត​លោក​សង្ឃឹមថា ប្រាក់​រៀល​នឹង​ត្រូវ​បាន​ប្រើប្រាស់​កាន់​តែ​ច្រើន​ឡើង​ជា​លំដាប់ ​ស្រប​តាម​គោលនយោបាយ​​ចតុកោណ​​ដំណាក់​កាល​ទី៣ របស់​រាជរដ្ឋាភិបាល និង​ការ​អនុវត្ត​គោល​នយោបាយ​ស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់​និង​ស្ថិរ​ភាព​ថ្លៃ​ដ៏​ត្រឹម​ត្រូវ​របស់​ធនាគារ​ជាតិ​ នៃ​កម្ពុជា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ជាខួប​ទី​៣៧​​ហើយនៃ​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ប្រាក់​រៀល​ឡើង​វិញ សម្រាប់​ឆ្នាំ ២០១៧ ​ដែល​រៀប​ចំ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​។ ជាពិសេស កន្លង​មក​ធនាគារ​ជាតិ​តែង​ធ្វើ​យុទ្ធនាការ "​តោះ​និយាយ​ពី​ប្រាក់​រៀល" ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ប្រាក់​រៀល​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​ប្រាក់​រៀល​ដែល​ជា​រូបិយវត្ថុ​ជាតិ​កម្ពុជា​។

តាម​រយៈ​សៀវភៅ​ដែល​បោះពុម្ព​ដោយ​ធនាគារ​ជាតិ​ដែល​និយាយ​ពី​សារៈសំខាន់​នៃ​ប្រាក់​រៀល បាន​បង្ហាញ​ថា ប្រាក់​រៀល​មាន​សារៈសំខាន់​ជា​ច្រើន​ដូចជា​៖ លើក​តម្កើង​អត្តសញ្ញាណ​ជាតិ រក្សា​ស្ថិរភាព​ថ្លៃ កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ ជំរុញ​ពាណិជ្ជកម្ម ជំរុញ​ការ​វិនិយោគ លើក​កម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ និង​សុខុមាលភាព​សង្គម ទទួល​បាន​ចំណូល​ពី​ការ​បោះពុម្ព​ក្រដាស​ប្រាក់ បង្ការ​ការ​ក្លែង​ក្រដាស​ប្រាក់៕ ​


អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ