KRE ជា​ស្ពាន​មួយ​សម្រាប់​កីឡាករ​បោះ​ជំហាន​ចូល​លីគ​កំពូល​កម្ពុជា​

  • 2017-03-20 08:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​​ Khmer Real Estate League 2017 ​រដូវ​កាល​​ទី​៦​បាន​ដំណើរ​ការ​សប្តាហ៍​ទី​១​ហើយ​កាល​ពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លង​ទៅ​​​ហើយ​ដោយ​ការ​ប្រកួត​ឆ្នាំ​នេះ​ហាក់​មាន​ភាព​ងាយ​ស្រួល​ជាង​​រដូវ​កាល​មុន​សម្រាប់​ក្រុម​នីមួយ។

ក្នុង​ពិធី​បើក​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​​១៩ មីនា លោក គឹម ហ៊ាង​ អគ្គនាយក​ក្រុម​ហ៊ុន​ខ្មែរ​រៀល​ អ៊ីស្ទេត​ និង​ជា​ស្ថាបនិក​​ពានរង្វាន់​ពាក់​កណ្តាល​អាជីព​មួយ​នេះ​​បាន​ឲ្យ​​ដឹង​ថា ការ​ប្រកួត​ឆ្នាំ​នេះ​ជា​លក្ខណៈ​ប្រកួត​សន្សំ​ពិន្ទុ​ដូច​លីគ​​កំពូល​ដែល​ខុស​ពី​ឆ្នាំ​មុន​ៗ​បែង​ចែក​ជា​ពូល។ ការ​ប្រកួត​រូប​មន្ត​បែប​នេះ​ដើម្បី​​ឲ្យ​មាន​លក្ខណៈ​ពេញ​លេញ​ និង​ងាយ​ស្រួល​ដល់​រៀប​ចំ​ការ​ប្រកួត។

ទន្ទឹម​ជា​មួយ​គ្នា​នេះ​​ លោក​ គឹម ហ៊ាង​បាន​និយាយ​ចំពោះ​មុខ​កីឡាករ​ថា​ លោក​មាន​ថវិកា​​​ផ្ទាល់​ខ្លួន​គ្រប់​គ្រាន់​សម្រាប់​រៀប​ចំ​ការ​ប្រកួត​រយៈ​ពេល​១០​ឆ្នាំ​ដែល​រហូត​ដល់​ពេល​នេះ​ឈាន​ដល់​ឆ្នាំ​ទី​៦​ហើយ។ លោក​គ្មាន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​គាំទ្រ​មក​ពី​ណា​ឡើយ​សម្រាប់​ការ​ចំណាយ​នេះ​ពោល​គឺ​ប្រាក់​ផ្ទាល់​ខ្លួន​ទាំង​ស្រុង។ ដូច្នេះ​លោក​សង្ឃឹម​ថា កីឡាករ​ម្នាក់​ៗ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​លេង​ឲ្យ​អស់​ពី​កម្លាំង​ចិត្ត​កាយ​ចិត្ត​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​លេង​លីគ​កំពូល​កម្ពុជា។

លោក​បញ្ជាក់​ថា​ ​ពិត​ណាស់​ពាន​ Khmer Real Estate League ជា​ស្ពាន​ដ៏​សំខាន់​មួយ​សម្រាប់​កីឡាករ​ម្នាក់​ៗ​មិន​ថា​កីឡាករ​ខ្មែរ​ ឬ​បរទេស​ទេ​គឺ​​ពេល​ចូល​លេង​ពាន​រង្វាន់​នេះ​ហើយ​​ជា​​ឱកាស​បង្ហាញ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ពិត​ដែល​ធ្វើ​ឲ្យ​ក្លឹប​ដែល​កំពុង​លេង​លីគ​ចាប់​អារម្មណ៍។ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ កីឡាករ​បរទេស​មួយ​ចំនួន​ជា​ពិសេស​មក​ពី​តំបន់​អាហ្វ្រិក​បាន​ចូល​លេង​ពាន​ KRE ហើយ​​ធ្វើ​ឲ្យ​ពួក​គេ​មាន​បទ​ពិសោធន៍​ក្នុង​ការ​ចរចា​ជា​មួយ​ក្លឹប​លីគ​​កម្ពុជា​ដើម្បី​បោះ ជំហាន​ទៅ​លេង​លីគ​កំពូល​កម្ពុជា។ ​ចំណែក​កីឡាករ​មួយ​ចំនួន​ដែល​កំពុង​លេង​លីគ​កម្ពុជា​សព្វ​ថ្ងៃ​នេះ​ក៏​ធ្លាប់​ឆ្លង​កាត់​លេង​ពាន​​ Khmer Real Estate League។

លទ្ធផល​សប្តាហ៍​ទី​​១កន្លង​ទៅ​ ​​ថ្ងៃសៅរ៍ ក្រុម​ Anvaya ១-០ ក្រុម​ Havas​ ក្រុម​ White Tiger ៣-០​ ក្រុ្ម​ HHK

ថ្ងៃអាទិត្យ ក្រុម​ Blue Dragon ២-៣ ក្រុ្មម​ Goodhill​ ក្រុម​ Kon Khmer ២–៦ ​ក្រុម​ Avatar ក្រុម​ Bayon ២-២ ក្រុម​ Khmer United​ ក្រុម​​ Glant FC ២-៤ ​ក្រុម​ Kampong Cham ក្រុម​ Nissay ៥-០ ក្រុម​ V.train ក្រុម​ Narita ៣-៣ ​ក្រុម​ Bassac​

ពាន​រង្វាន់​ Khmer​ Real​ Estate​ League 2017 នេះ​គឺ​មាន​១៦​ក្រុម​ចូល​រួម​ ហើយ​ត្រូវ​ធ្វើ​ការ​ប្រកួត​វិល​ជុំ​ សន្សំ​ពិន្ទុ​មួយ​ជើង​ ដើម្បី​ចម្រាញ់​រក​ក្រុម​ខ្លាំង​ជាង​គេ​ ៤​ក្រុម​ឡើង​ទៅ​វគ្គ​ខ្វែង​ និង​វគ្គផ្ដាច់​ព្រ័ត្រ​។ ចំពោះ​ប្រាក់​រង្វាន់​ជយលាភី​វិញ​ រួម​មាន​លេខ​១ នឹង​ទទួល​បាន​ប្រាក់​ ១០០០​ដុល្លារ​ ពាន​១​ មេដាយ​មាស​ និង​ សម្ភារៈ​កីឡា​ ដែល​សរុប​ថវិកា​១៧២០ដុល្លារ​អាមេរិក។ ​ក្រុម​លេខ​២ ​ទទួល​បាន​ ៧០០​ដុល្លារ​ មេដាយ​ប្រាក់​ និង​សម្ភារៈ​កីឡា​ ដែល​សរុប​ថវិកា​១០៧០​ដុល្លារ​អាមេរិក​ និង​លេខ​៣​ទទួល​បាន​៣០០​ដុល្លារ​ មេដាយ​សំរឹទ្ធ​ និង​សម្ភារៈ​កីឡា​ ដែល​សរុប​ថវិកា​៦៤៥ដុល្លារ ៕

អត្ថបទ៖ ជាន ចាន់រ៉ា