វីង បោះ​ទុន​ថែម ពង្រីក​វត្តមាន​ដល់​មីយ៉ាន់ម៉ា

  • 2017-03-20 09:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីង ហូលឌីង ភីធីអ៊ី អិលធីឌី (Holding Pte. Ltd) កាល​ពី​ថ្ងៃ​សុក្រ ទី​១៧ សប្ដាហ៍​មុន បាន​ប្រកាស​វិនិយោគ​រួម​គ្នា​ជាមួយ Mingalabar Pte. Ltd ពង្រីក​វត្តមាន​តែ​មួយ​គត់​របស់​ខ្លួន​ទៅ​កាន់​មីយ៉ាន់ម៉ា។

កិច្ច​ព្រម​ព្រៀង​វិនិយោគ​រួម​គ្នា​នេះ នឹង​នាំ​ឲ្យ​អាជីវកម្ម​មីយ៉ាន់ម៉ា​ឈាន​មុខ​គេ ព្រម​ទាំង​ចាប់​ផ្ដើម​ផ្ដល់​សេវាកម្ម​ហិរញ្ញ​វត្ថុ​តាម​ទូរសព្ទ​ដៃ​ល្អ​ដាច់​គេ​ក្នុង​ប្រទេស។ កិច្ច​សហការ​នេះ​បង្ហាញ​នូវ​ការ​ទទួល​ស្គាល់​ដែល​ថា វីង ជា​ធនាគារ​ឯកទេស​ឆ្នើម និង​មាន​គុណភាព​ជាង​គេ​លើ​សេវា​ធនាគារ​ចល័ត​នៅ​កម្ពុជា​ដែល​ឈរ​ជើង​ជាង ៧ ឆ្នាំ រួម​ទាំង​អ្នក​ជំនាញ​របស់ Mingalabar ដែល​មាន​ចំណេះ​ដឹង​ស៊ី​ជម្រៅ​លើ​ទីផ្សារ​ក្នុង​មីយ៉ាន់ម៉ា​លើ​វិស័យ​នេះ។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយក​ធនាគារ​ឯកទេស​វីង បាន​ឲ្យ​ដឹង​ថា៖ "វីង​មាន​គម្រោង​នាំ​យក​ម៉ាក​របស់​ខ្លួន​ទៅ​មីយ៉ាន់ម៉ា និង​ដាំ​គ្រាប់​ពូជ​ថ្មី​លើ​វិស័យ​ហិរញ្ញ​វត្ថុ ជាមួយ​គោលការណ៍​ឈាន​មុខ​គេ​ក្នុង​ប្រទេស។ នេះ​គឺ​ជា​បទ​ពិសោធន៍​របស់​វីង តាំង​ពី​ឆ្នាំ​២០០៩ ដែល​បាន​សាង​កេរ្តិ៍​ឈ្មោះ ហើយ​នឹង​បន្ត​ពង្រឹង​ស្តង់ដារ​តាម​ភ្នាក់ងារ​វីង ជាង ៥០០០ កន្លែង​នៅ​កម្ពុជា ដែល​ទាំង​នេះ​គឺ​ជា​សសរស្ដម្ភ​នៃ​ប្រតិបត្តិការ​របស់​វីង ក្នុង​ការ​រួម​វិនិយោគ​ជាមួយ​មីយ៉ាន់ម៉ា។

យើង​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា​ការ​ពង្រីក​ខ្លួន​នេះ នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​មីយ៉ាន់ម៉ា ក្នុង​ការ​ផ្តោត​លើ​តម្រូវ​ការ​សេវាកម្ម​ហិរញ្ញ​វត្ថុ​សម្រាប់​អតិថិជន​ដែល​ប្រើ​ធនាគារ និង​មិន​ប្រើប្រាស់​ធនាគារ តាម​រយៈ​សេវាកម្ម​ច្នៃប្រឌិត​ដែល​ជួយ​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​ការ​ងារ​របស់ Mingalabar ដឹកនាំ​ដោយ​លោក Kyaw Htoo Linn ដែល​ចូលរួម​អបអរសាទរ​សមិទ្ធផល​របស់ វីង នៅ​កម្ពុជា និង​ផ្តល់​ទំនុក​ចិត្ត​លើ​ពួក​យើង​ក្នុង​ការ​ផ្តល់​ជូន​សេវាកម្ម​វីង ទៅ​កាន់​មីយ៉ាន់ម៉ា តាម​រយៈ​ការ​ចាប់​ដៃ​គូ​នេះ"។

លោក Kyaw Htoo Linn ស្ថាបនិក​ក្រុមហ៊ុន Mingalabar Holding Ltd និយាយ​ថា៖ "ដោយ​ឃើញ​ការ​ទុក​ចិត្ត និង​ការ​យល់​ដឹង​ស៊ី​ជម្រៅ​ដែល​វីង បាន​សាង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​នៅ​កម្ពុជា ជាមួយ​សមិទ្ធផល និង​ភាព​ជោគ​ជ័យ​របស់​វីង ធ្វើ​ឲ្យ​យើង​សម្រេច​ចិត្ត​ជ្រើស​រើស​សេវាកម្ម​វីង ដើម្បី​ផ្ដល់​ជូន​ប្រជាជន​មីយ៉ាន់ម៉ា។ កិច្ច​សហការ​នេះ​នឹង​ជួយ​ដល់​មីយ៉ាន់ម៉ា​ក្នុង​ការ​ចាប់​ផ្ដើម​ជំពូក​ថ្មី ក៏​ដូចជា​ជួយ​ដាស់​តឿន និង​ពន្លឿន​ភាព​រីក​ចម្រើន ពង្រឹង​បន្ថែម​វិស័យ​សេវាកម្ម​ហិរញ្ញ​វត្ថុ​នៅ​មីយ៉ាន់ម៉ា។ ក្នុង​សង្គម​មួយ​ដែល​ប្រជា​ជន​ចូល​ចិត្ត​ប្រើ​សាច់​ប្រាក់ និង​មាន​បញ្ហា​ស្រដៀង​គ្នា​ដូច​កម្ពុជា ភាព​ច្បាស់​លាស់​របស់​វីង ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​លើ​ទីផ្សារ នឹង​នាំ​នូវ​ភាព​ជោគ​ជ័យ​មក​កាន់​មីយ៉ាន់ម៉ា​ជាក់​ជា​មិន​ខាន។ ខ្ញុំ​សូម​អរគុណ​ដល់​ធនាគារ​ឯកទេស​វីង ដែល​ពង្រីក​ប្រតិបត្តិការ​ខ្លួន​ចូល​មក​មីយ៉ាន់ម៉ា"។

Mingalabar ជា​ក្រុមហ៊ុន​ស៊ី​ជម្រៅ​ផ្នែក​តិចណូឡូជី IT និង​ពាណិជ្ជកម្ម​សារព័ត៌មាន មាន​បុគ្គលិក​ជំនាញ​លើ​ប្រព័ន្ធ​អេកូ មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​បទ​ពិសោធន៍​ទូលំ​ទូលាយ​លើ​គម្រោង​សេវា​ហិរញ្ញ​វត្ថុ​តាម​ទូរសព្ទ និង​ជា​ក្រុមហ៊ុន​បម្រើ​សេវា​ហិរញ្ញវត្ថុ​នៅ​មីយ៉ាន់ម៉ា ដូចជា គម្រោង​របស់ Turnkey និង EasyPay និង​ការ​ទូទាត់​តាម​អនឡាញ​នៅ​មីយ៉ាន់ម៉ា៕

ដោយ៖ សុផាត