ក្រុម​ហ៊ុន​មួយ​​ចេញ​មុខ​ធានា​ចេញ​ថ្លៃ​សំបុត្រ​ឡាន​ក្រុង​​​ទៅ​ស្រុក ពេល​ចូល​ឆ្នាំ​ខ្មែរ

  • 2017-03-20 11:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ចំណាយ​សរុប​ប្រមាណ​ជា ៥ ម៉ឺន​ដុល្លារ
  • ឡាន​ក្រុង ១០០ គ្រឿង​ត្រៀម​ដឹក​អ្នក​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ
  • សំបុត្រ ៥០០០ សន្លឹក សម្រាប់​ធ្វើដំណើរ​ទៅ ១៤ ខេត្ត-ក្រុង

អាច​និយាយ​បាន​ថា​ជា​ដំណឹង​ល្អ​មែន​ទែន​ដល់​និស្សិត អ្នក​ធ្វើ​ការ កម្មករ និង​អ្នក​ចំណូល​ក្រុង​ភ្នំពេញ​ទាំង​អស់ ព្រោះ​អី​ក្រុមហ៊ុន​មួយ​ចេញ​មុខ​ធានា​ចេញ​ថ្លៃ​សំបុត្រ​ឡាន​ក្រុង​ឲ្យ​ទៅ​ស្រុក ដោយ​ឥត​គិត​ថ្លៃ សម្រាប់​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

សំបុត្រ​ឡាន​ក្រុង ៥០០០ សន្លឹក នឹង​ត្រូវ​ចែក Free ឲ្យ​អ្នក​ចំណូល​ទីក្រុង​ភ្នំពេញ ដែល​ត្រូវ​ទៅ​លេង​ស្រុក​កំណើត​តាម​ខេត្ត ពេល​ចូល​ឆ្នាំ ខណៈ​ឡាន​ក្រុង ១០០ គ្រឿង ឈរ​ជើង​ត្រៀម​ចាំ​ដឹក​អ្នក​ដំណើរ។ ការ​ចំណាយ​លើ​ការ​ជួល​ឡាន​ក្រុង​ទាំង​នេះ សរុប​ប្រមាណ​ជា ៥ ម៉ឺន​ដុល្លារ។

រូបតំណាង

ការ​ផ្ដល់​សំបុត្រ​ឡាន​ក្រុង​ដោយ​ឥត​គិត​ថ្លៃ​នេះ គឺ​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ប្រជា​ពលរដ្ឋ ជា​ពិសេស និស្សិត និង​កម្មករ-កម្មការិនី ដែល​ត្រូវ​លេង​ស្រុក​កំណើត​ជួបជុំ​គ្រួសារ ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ និង​ដើម្បី​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​សំបុត្រ​ឡាន​ក្រុង​ផង​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​តំណាង​ក្រុមហ៊ុន Ganzberg។

តំណាង​ដដែល​បន្ត​ថា ឡាន​ក្រុង​ទាំង ១០០ គ្រឿង​នឹង​ចេញ​ដំណើរ​ព្រមៗ​គ្នា​តែ​ម្ដង​នៅ​ថ្ងៃ​ទី​១២ មេសា ដោយ​ចេញ​ពី​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

ព័ត៌មាន​ពី​ការ​ទទួល​យក​សំបុត្រ ម៉ោង​ចេញ​ដំណើរ និង​ខេត្ត​ក្រុង​ណា​ខ្លះ ជា​ទិសដៅ Sabay នឹង​ផ្សាយ​លម្អិត​ពេល​ក្រោយ៕

អត្ថបទ៖ លី សុផាត