សួង វីរៈ ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ តែ​នៅ​ខ្វះ​មួយ​ចំណុច​ត្រូវ​តែ​ពង្រឹង​ឱ្យ​មែនទែន

  • 2017-03-21 02:02:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​លោក មាស ចាន់ណា ​គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ សួង វីរៈ ​មាន​សមត្ថភាព​ល្អ​ហើយ ​ប៉ុន្តែ​រូបគេ​នៅ​ខ្វះ​ការ​ការពារ​ដែល​ចំណុច​នេះ​ត្រូវ​តែ​ពង្រឹង​បន្ថែម​ឱ្យ​មែនទែន។

វីរៈ ​ផ្លាស់​ទៅ​លេង​ឱ្យ​ណាហ្គាវើល​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​មិន​ទាន់​បាន​បង្ហាញ​សមត្ថភាព​រក​គ្រាប់​បាល់​បាន​ច្រើន​ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​រូបគេ​ទើប​តែ​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​បាន​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​ទាក់ទិន​នឹង​ទម្រង់​លេង​របស់​អតីត​កីឡាករ Cambodian Tiger ​នេះ​ដែរ ​លោក មាស ចាន់ណា ​មើល​ឃើញ​ថា​រូបគេ​ជា​កីឡាករ​ល្អ ​មាន​បច្ចេកទេស ​ប៉ុន្តែ​នៅ​ខ្វះ​ការ​ការពារ។

​គ្រូ​បង្វឹក​ណាហ្គាវើល​បាន​លើក​ឡើង​បន្ថែម​ថា​ អតីត​កីឡាករ​ភ្នំពេញ​ក្រោន​រូប​នេះ​ត្រូវ​តែ​ពង្រឹង​ការ​ការពារ​របស់​ខ្លួន​ឱ្យ​បាន​មែនទែន ​ព្រោះ​ចង្វាក់​លេង​របស់​គេ​ល្អ​ហើយ តែ​បើ​ការ​ការពារ​បាល់​មិន​ទាន់​បាន​ល្អ​ទេ ​វា​ងាយ​នឹង​ឱ្យ​ដៃ​គូ​មក​ដណ្ដើម​ណាស់។ មួយ​វិញ​ទៀត ​នេះ​គ្រាន់​តែ​បើក​រដូវ​កាល​បាន​ប៉ុន្មាន​ប្រកួត​ប៉ុណ្ណោះ ខណៈ​ដែល​រូបគេ​នៅ​មាន​ឱកាស​ច្រើន​ទៀត​ហ្វឹកហាត់​ជាមួយ​ណាហ្គា ​ហើយ​សង្ឃឹម​អ្វី​គ្រប់​យ៉ាង​នឹង​កាន់​តែ​ល្អ​ថែម​ទៀត។

នៅ​រដូវ​កាល​នេះ​ដែរ ​សួង វីរៈ ​មាន​ឱកាស​បាន​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Leonardo Vitorino ​ដែល​ជា​គ្រូ​បង្វឹក​ថ្មី​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ ​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​ក៏​បាន​សរសើរ​ដល់ វីរៈ ​ថា​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ផង៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី