មក​ដឹង​មូលហេតុ ក្រុម​អ្នក​លេង​ដ៏​ល្បី Yakuza កំពុង​បាត់ខ្លួន​ចេញ​ពី​ពិភព​គុន

  • 2017-03-21 03:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍ បាន​ឲ្យ​ដឹង​ថា សមាជិក​ក្រុម​អ្នក​លេង Yakuza ដែល​ប្រមូល​ផ្ដុំ​ដោយ​ពួក​ឧក្រិដ្ឋជន​ដ៏​ល្បី​របស់​ប្រទេស​ជប៉ុន បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា ជា​លើក​ទី​១២។

ទីភ្នាក់ងារ​ប៉ូលិស​ជាតិ បាន​ឲ្យ​ដឹង​ថា តួ​លេខ​នៃ​ចំនួន​សមាជិក​ចុងក្រោយ​បង្អស់​របស់​ក្រុម Yakuza ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រមាណ​ជា ៣៩ ១០០នាក់ តែ​ក្រោយ​មក​បាន​ថយ​ចុះ ៧ ៨០០​នាក់​វិញ។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ ដែល​ចំនួន​សមាជិក​របស់​ក្រុម​អ្នក​លេង​មួយ​នេះ ស្ថិត​ក្រោម ៤០ ០០០​នាក់ ចាប់​តាំង​ពី​ឆ្នាំ ១៩៥៨ មក។

ជា​មួយ​គ្នា​នេះ​ដែរ បច្ចុប្បន្ន Yamaguchi-gumi ដែល​ជា​ក្រុម​អ្នកលេង Yakuza ធំ​បង្អស់ បាន​បាត់បង់​សមាជិក​របស់​ខ្លួន ពី ១៤ ១០០នាក់ មក​សល់​ត្រឹម ១១ ៨០០​នាក់​ប៉ុណ្ណោះ។

ក្រុម​អាជ្ញាធរ​ជឿជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​ចំនួន​សមាជិក​ក្រុម​អ្នក​លេង Yakuza នេះ គឺ​បណ្ដាល​មក​ពី​ច្បាប់​ថ្មី ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១ ដោយ​ម្ចាស់​អាជីវកម្ម ដែល​បាន​បង់​ថ្លៃ​ការពារ​ឲ្យ​ក្រុម​អ្នក​លេង​ទាំងនោះ ត្រូវ​បាន​ចាត់​ទុក​ជា​អំពើ​ខុសច្បាប់។ មិនតែប៉ុណ្ណោះ ច្បាប់​នឹង​កាត់​ទោស មេ​ក្រុម​អ្នក​លេង ចំពោះ​បទឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ដោយ​សមាជិក​របស់​ពួកគេ​ទៀត​ផង។ នេះ​បើ​យោង​តាម​សារព័ត៌មាន South China Morning Post របស់​ប្រទេស​ចិន។

គួរ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១២ បន្ទាប់​ពី​ការ​កែប្រែ​ច្បាប់​បាន​ចូល​ជា​ធរមាន នៅ​ពេល​នោះ សមាជិក​ក្រុម​អ្នក​លេង Yakusa មាន​ចំនួន ៦៣ ០០០​នាក់។ នៅ​ឆ្នាំ​បន្ទាប់ ពួកគេ​នៅ​សល់​សមាជិក​ត្រឹមតែ ៥៨ ៦០០​នាក់​ប៉ុណ្ណោះ។

នៅ​ក្នុង​ឆ្នាំ​២០១៥ សមាជិក​ក្រុម​មួយ​នេះ​កាន់​តែ​ថយ​ចុះ ពោល​គឺ​នៅ​សល់​ត្រឹមតែ ៥៣ ០០០​នាក់ (បច្ចុប្បន្ន​នៅ​សល់​ជាង​៣​ម៉ឺន​នាក់) ខណៈ​សមាជិក​ចំនួន ២៣ ៤០០​នាក់ ស្ថិត​នៅ​ក្នុង​ក្រុម Yamaguchi-gumi ដោយសារ​តែ​ការ​បំបែក​ក្រុម​ជា​២ និង​ការ​ស្លាប់​របស់​មេ​ក្រុម​អ្នក​លេង មាន​ឈ្មោះ​ថា Tatsuyuki Hishida នៅ​ក្នុង​ឆ្នាំ​តែ​មួយ។ នេះ​បើ​តាម​សារព័ត៌មាន CNN៕

មេ​ក្រុម​អ្នក​លេង Yakusa ឈ្មោះ Tatsuyuki Hishida (កណ្តាល)

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ សេង ឡុង