ក្រៅពី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ប៊ិន ឈិន កាន់តំណែង​ទាំងអស់​របស់​សម្ដេច សុខ អាន​ ​

  • 2017-03-21 04:41:31
  • ចំនួនមតិ

ចន្លោះមិនឃើញ

(​ភ្នំពេញ​) ៖ ក្រៅពី​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ហើយ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏​នឹង​កាន់តំណែង​សំខាន់ៗ​ទាំងអស់​ជំនួស​សម្ដេច​វិបុល​បញ្ញា សុខ អាន ដែល​ធ្លាប់​បំពេញការងារ​កន្លងមក​ដែរ​។​

​តំណែង​ដែល​អតីតរដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច​វិបុល​បញ្ញា សុខ អាន ធ្លាប់​ទទួលបន្ទុក​កន្ល​ង​មក​មានដូចជា​ប្រ​ធាន​អាជ្ញាធរ​ជាតិ​អប្សរា​, ក្រុមប្រឹក្សា​កំណែទម្រង់រដ្ឋបាល ,​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា​ ​ក្រុមប្រឹក្សាភិបាល​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​​តុលាការ ,​ក្រុមការងារ​ពិសេស​ដើម្បី​កាត់ទោស​ខ្មែរក្រហម គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា​,​ក្រុមប្រឹក្សាភិបាល​សាលា​​ភូមិន្ទ​រដ្ឋបាល ,​កាយ​រឹទ្ធ​ជាតិ​កម្ពុជា​ជាដើម​។ តំណែង​ទាំងអស់នេះ នឹងត្រូវ​ប្រគល់​ឲ្យ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​និង​ជា​រដ្ឋមន្ត្រី​ស្តីទី​​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ប៊ិន ឈិន ជា​អ្នករ៉ាប់រង​ទទួលបន្ទុក​បំពេញការងា​រ​ចំពោះមុខ​រដ្ឋាភិបាល ជំនួស​សព​សម្ដេច​​វិបុល​បញ្ញា សុខ អាន វិញ​។​

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ពន្យល់​តាមរយៈ​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​តាម​គោលការណ៍​ច្បាប់​​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី រាល់​បុគ្គល​ណា​ម្នាក់​ដែល​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​ជំនួស​សម្ដេច សុខ អាន នោះ រូបគាត់​ក៏​នឹងត្រូវ​កាន់តំណែង​សំខាន់ៗ​ផ្សេងទៀត​ផងដែរ ។ ដូច្នេះ​លោក ប៊ិន ឈិន ដែល​កំពុង​ទទួលខុស​ត្រូវ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ នឹងត្រូវ​កាន់តំណែង​ទាំងអស់​ជំនួស​សម្ដេច សុខ អាន ជា​ស្វ័យប្រវត្តិ ។​

​លោក​បាន​និយាយ​ដូច្នេះ​ថា “​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ លោក ប៊ិន ឈិន គាត់​ជា​រដ្ឋមន្ត្រី​ទី​ស្តី​ជំនួស​សម្ដេច សុខ អាន​នៅពេល​​មានជីវិត​...​ហើយ​នៅពេលនេះ​គាត់​ជា​រដ្ឋមន្ត្រី​បណ្ដោះអាសន្ន ដែល​មានន័យថា គាត់​កាន់​តួនាទី​ជំនួស​សម្ដេច សុខ អាន​និង​មាន​​សិទ្ធិ​សម្រេចចិត្ត​គ្រប់​ការងារ​ទាំងអស់ ដើម្បី​ធានា​ប្រក្រតីភាព​ការងារ និង​រក្សា​កិច្ចការរដ្ឋបាល​ទីស្តីការគណៈរដ្ឋមន្ត្រី​…​ចំណែក​តួនាទី​​ផ្សេងៗ​របស់​សម្ដេច សុខ អាន ក៏ត្រូវ​ប្រគល់​ឲ្យ​ឯកឧត្តម ប៊ិន ឈិន គាត់​ទទួលខុសត្រូវ​និង​សម្រេចចិត្ត​ក្នុងការ​អនុម័ត​ការងារ​​នោះ​ផងដែរ លើកលែងតែ​មានការ​តែងតាំង​ជាថ្មី​ពី​នាយករដ្ឋមន្ត្រី​ទេ​...”​។​

​នៅពេល​សួរថា តើ​លោក ប៊ិន ឈិន នឹង​ក្លាយជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ផ្លូវការ​នេះ​តែម្ដង​? ឆ្លើយតប​សារព័ត៌មាន​ថ្មីៗ លោក ផៃ ស៊ី​ផាន បាន​និយាយថា គ្មាន​អ្នកណាម្នាក់​ដែល​អាចមាន​លទ្ធភាព​កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ ក្រៅពី​លោក ប៊ិន ឈិន នោះទេ ព្រោះ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​រូបនេះ ធ្លាប់​កាន់​ការងារ​មួយចំនួន​ជំនួស​សម្តេច សុខ អាន​នៅក្នុង​ទីស្តីការ​កន្លង​​មក​។​

​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« ក្រោយពី​ទទួលបន្ទុក​កាន់​មុខងារ​បន្ថែម​ទៀតហើយ ជាគោលការណ៍​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៊ិន ឈិន គាត់​គឺជា​រដ្ឋមន្ត្រី​ផ្លូវការ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​បន្តការងារ​ដោះស្រាយ​បញ្ហា​នានា​ជំនួស​សម្ដេច សុខ អាន តែម្ដង ដោយ​មិនចាំបាច់​សុំ​ពី​រដ្ឋសភា​ទេ​។ ប៉ុន្តែ​បើសិនជា​សម្ដេចនាយករ​ដ្ឋ​មន្ត្រី គាត់​ចង់​ឆ្លងទៅ​សភា ដើម្បី​ស្នើសុំ​ការបោះឆ្នោត​គាំទ្រ​ពី​រដ្ឋសភា ឲ្យ​ឯកឧត្តម ប៊ិន ឈិន កាន់​តួនាទី​ជា​រដ្ឋមន្ត្រី​នោះ យើង​នឹង​ជ្រើស​តាម​ការបោះឆ្នោត​ពី​រដ្ឋសភា​វិញ​»​។

ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ លោក ប៊ិន ឈិន ជា​ប្រធាន​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ដីធ្លី​និង​ជា​សមាជិក​នៃ​គណៈកម្មាធិការ​កណ្តាល​និង​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​រូបនេះ​ក៏​ធ្លាប់​កាន់​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​​ទៀតផង​។​ក្រៅពីនេះ​លោក ប៊ិន ឈិន ក៏មាន​តួនាទី​ជា​ប្រធាន​ក្រុម​ចរចា​សម្រាប់​គណបក្សកាន់អំណាច ដូច​សម្ដេច សុខ អាន កន្លងមក​ដែរ​។ លោក ប៊ិន ឈិន ក៏​ជា​បុគ្គល​ម្នាក់​ដែល​សម្ដេច ហ៊ុន សែន ជឿទុកចិត្ត​ទៀតផង​៕


ប្រភព៖ rasmeinews