ប៊ីល ហ្គេត រក្សាចំណាត់ថ្នាក់ជាមហាសេដ្ឋីលេខ១លើលោក តែត្រាំ ធ្លាក់ចុះរាប់រយ

  • 2017-03-22 02:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត រក្សា​បាន​ចំណាត់​ថ្នាក់​ជា​មហាសេដ្ឋី​លេខ​មួយ​លើ​លោក​ម្ដង​ទៀត ខណៈ​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ធ្លាក់​លេខរៀង​ជាង ២០០​ឯណោះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទស្សនាវដ្ដី Forbe ​ថ្មីៗនេះ។​

ប៊ីល ហ្គេត, រូបភាពផ្ដល់សិទ្ធិដោយ Reuters

ប៊ីល ហ្គេត បច្ចុប្បន្ន​មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៨៦ពាន់លានដុល្លារ​ កើន​ពី ​៧៥​ពាន់​លាន​​ដុល្លារ កាល​​ឆ្នាំ​២០១៦ បាន​នាំ​មុខ​គេ​ក្នុង​បញ្ជី​រយៈពេល​ ៤ឆ្នាំ​ជាប់​ៗ​គ្នា​។ លោក​ត្រូវ​​បានតាម​ពីក្រោយ​ដោយ​មហាសេដ្ឋី Warren Buffett មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៧៥,៦​ពាន់​លាន​ដុល្លារ និង​បន្តបន្ទាប់​ទៀត​ទាំង​១០​កំពូល​គេ ​ភាគច្រើន​ជា​ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា។

ក្នុង​នោះ​ស្ថាបនិក​ក្រុម​ហ៊ុន Amazon លោក Jeff Bezos ស្ថិត​នៅ​លេខ​រៀង​ទី​ ៣​ ជាមួយ​ទ្រព្យ​សម្បត្តិ​ ៧២,៨ពាន់លានុដល្លារ។ ​ម្ចាស់​ជំនួញ​ហាង​លក់​សំលៀកបំពាក់ Zara ​លោក Amancio Ortega ​សញ្ជាតិ​អេស្ប៉ាញ ធ្លាប់​ស្ថិត​នៅ​លេខរៀង​ទី​២​ ពេល​នេះ​​ធ្លាក់​មក​នៅ​លេខ ៤ ជាមួយ​ទ្រព្យ​ ៧១,៣​ពាន់លានដុល្លារ។​

ឯ​ម្ចាស់​បណ្ដាញ​សង្គម​យក្ស Facebook លោក Mark Zuckerberg ស្ថិត​នៅ​លេខ​រៀង​ទី ៥ ជា​មួយ​ទ្រព្យ ៥៦​ពាន់​លាន​ដុល្លារ។ ចំណែក​មហាសេដ្ឋី​លេច​ធ្លោ និង​ទើប​ជាប់​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥​ថ្មី​ៗ​នេះ លោក ដូណាល់ ត្រាំ បាន​ធ្លាក់​ចំណាត់​ពី​លេខរៀង​ទី ២២០ ទៅ ៥៤៤ ជាមួយ​ទ្រព្យ​សម្បត្តិ ៣,៥​ពាន់​លាន​ដុល្លារ​អាមេរិក។

ប្រភព​ Forbe ដដែល​រៀប​រាប់​ថា ការ​ធ្លាក់​ចុះ​​ទ្រព្យ​សម្បត្តិ​របស់​លោក​ ត្រាំ ប្រមាណ ១ពាន់​លាន​ដុល្លារ ​គឺ​ដោយ​សារ​​ការ​ធ្លាក់​ចុះ​ទីផ្សារ​អចលនទ្រព្យ​នៃ​ក្រុម​ហ៊ុន Manhattan ដែល​រ៉ាប់រង​ចំនួន​ទ្រព្យ​សម្បត្តិ​របស់​ត្រាំ ​មួយ​ភាគ​ធំ។ ទ្រព្យ​សម្បត្តិ​ ៤០% ​​របស់​ត្រាំ គឺ​ពាក់​ព័ន្ធ​ជាមួយ​អគារ Trump Tower និង​​ការ​វិនិយោគ​ជាមួយ​​សំណង់​អគា រ​​៨​កន្លែង​ ផ្សេង​ទៀត​នៅ​ក្បែរ​នោះ។

​ក្នុង​ឆ្នាំ​នេះ អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ គឺ​ចំនួន​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​​បាន​កើន​ឡើង ១៣% ​ធៀប​នឹង​ឆ្នាំ​មុន​ ដែល​ជា​ចំនួន​កើន​ឡើង​ច្រើន​បំផុត​មិន​ធ្លាប់​មាន​រយៈ​ពេល​ ៣១​ឆ្នាំ ពោល​ចាប់​តាំង​ពី​ទស្សនាវដ្ដី Forbe ចាប់​ផ្ដើម​ចង​ក្រង​មក។

មហាសេដ្ឋី​​ទ្រព្យ​ពាន់​លាន​ដុល្លារ​ទាំង​អស់​មាន​ចំនួន​ ២ ០៤៣​នាក់ ដោយ​អាមេរិក​មាន​ ៥៦៥​នាក់, ចិន​នៅ​លេខ​២​ មាន ៣១៩​នាក់ និង​លេខ ៣ ប្រទេស​អាល្លឺម៉ង់​មាន ១១៤​នាក់​៕

មហាសេដ្ឋី​កំពូល​គេ​ទាំង​១០៖

១. Bill Gates (Microsoft co-founder): $86bn

២. Warren Buffett (US investor): $75.6bn

៣. Jeff Bezos (Amazon founder): $72.8bn

៤. Amancio Ortega (Inditex founder): $71.3bn

៥. Mark Zuckerberg (Facebook founder): $56bn

៦. Carlos Slim (Mexican magnate): $54.5bn

៧. Larry Ellison (Oracle co-founder): $52.2bn

៨. Charles Koch (US businessman): $48.3bn

៩. David Koch (US businessman): $48.3bn

១០. Michael Bloomberg (Bloomberg founder): $47.5bn

ដូណាល់ ត្រាំ, រូបភាពផ្ដល់សិទ្ធិដោយ Reuters

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ