អតីត​សិស្ស​វិទ្យាល័យ​​ទួល​ទំពូង​​ រៀប​ចំ​ពិធី​ជួប​ជុំ​សិស្ស​គ្រប់​ជំនាន់​នៅ​ខែ​មេសា​នេះ

  • 2017-03-23 04:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អតីត​សិស្ស​វិទ្យាល័យ​​ទួល​ទំពូង​ នឹង​រៀប​ចំ​ព្រឹត្តិការណ៍​​​ពិធី​ជួប​ជុំ​​​ប្រចាំ​ឆ្នាំ​​​មួយ របស់​​អតីត​វិទ្យាល័យ​​ទួល​ទំពូង​​តាំង​ពី​ជំនាន់​​ឆ្នាំ​ ១៩៨០-២០១៦ នា​ថ្ងៃ​សៅរ៍​ ទី​០១ មេសា ឆ្នាំ​២០១៧​ខាង​មុខ​នេះ នៅ​សាល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​អគារ​ K L ចាប់​ពី​ម៉ោង​៥​ល្ងាច ដល់​ម៉ោង​១០​យប់​។

ការប្រជុំរបស់ក្រុមអតីតសិស្សវិទ្យាល័យទួលទំពូងដើម្បីពីភាក្សាអំពីដំណើរការកម្មវិធី

ព្រឹត្តិការណ៍​​ធំ​​ខាង​លើ​នេះ ត្រូវ​បាន​ផ្ដួច​ផ្ដើម​ រៀប​ចំ​ឡើង​ក្នុង​បំណង​សំខាន់​ៗ​ ៣គឺ ទី​មួយ ការ​ជួប​ជុំ​​ប្រចាំ​ឆ្នាំ​របស់​អតីត​សិស្ស​របស់​វិទ្យាល័យ ដើម្បី​រំលឹក​អនុស្សាវរីយ​​​សប្បាយ​រីក​រាយ កម្សត់ និង​រសជាតិ​ជា​សិស្ស​​កាល​ពី​នៅ​​វ័យ​សិក្សា​យូរ​យារ​ណាស់​មក​ហើយ​។

គោល​បំណង​ទី​២ គឺ​ជួប​ជុំ​ ដើម្បី​រៃ​អង្គាស​​​ថវិកា​ទ្រទ្រង់​ដល់​ការ​សាង​សង់​បណ្ណាល័យ​​ថ្មី​របស់​វិទ្យាល័យ​​ ឈ្មោះ​ថា បណ្ណាល័យ ព្រះ​កែវ​​មរកត និង​គោល​បំណង​ចុង​ក្រោយ​គឺ​ចង់​រៃ​អង្គាស​ថិវកា​ដើម្បី​​​ឧបត្ថម្ភ​​​ដល់​​លោក​គ្រូ​ អ្នក​គ្រូ ចាស់​ៗ​ដែល​បាន​ចូល​និវត្តន៍​។

បណ្ណាល័យព្រះកែវមរកតកំពុងសាងសង់

ពិធី​ជួប​ជុំ​អតីត​​សិស្ស​វិទ្យាល័យ​​ទួល​ទំពូង​សម្រាប់​ឆ្នាំ​២០១៧​​នេះ ក្លឹប​អតីត​​សិស្ស​វិទ្យាល័យ​​ទួល​ទំពូង​ គ្រោង​នឹង​រៀប​ចំ​ឲ្យ​​មាន​លក្ខណៈ​អធិកអធម​ ដោយ​រំពឹង​ថា​នឹង​មាន​​ការ​ចូល​រួម​ពី​ឯកឧត្ដម​ លោក​ជំទាវ​ អ្នក​ឧកញ៉ា មន្ត្រី ឥស្សរជន​ជាន់​ខ្ពស់​ និង​​លោក​ លោក​ស្រី​ អ្នក​នាង​ កញ្ញា​​ដែល​ជា​អតីត​សិស្ស​ គ្រប់​​ជំនាន់​​រហូត​ដល់​​ ១​ពាន់​នាក់​ ព្រម​ទាំង​មាន​វត្តមាន ពី​​លោក​គ្រូ​អ្នក​គ្រូ នាយក​ នាយិកា ពី​ជំនាន់​មុន​ និង​​បច្ចុប្បន្ន​ ប្រមាណ​ជាង​៣០០​នាក់​ ចូល​រួម​ជា​កិត្តិយស​​​​។

ក្រៅ​ពី​​ការ​ជួប​ជុំ​ ពិសារ​ភោជនីយ​អាហារ​ និង​មាន​ការ​រាំ​លេង​កម្សាន្ត​ អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​ ​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា សំបុត្រ​​ចូល​រួម​​ក្នុង​ព្រឹត្តិការណ៍​​ខាង​លើ​ ​​១​តម្លៃ​​៣០​ដុល្លារ តែ​លោក​អ្នក និង​បាន​ជួប​មិត្ត​រួម​ថ្នាក់ រួម​សាលា​ចាស់​ៗ ពិសេស​លោក​គ្រូ​ អ្នក​​គ្រូ​ជា​ទី​គោរព​ស្រលាញ់​ ដែល​ខិត​ខំ​បង្ហាត់​បង្រៀន​លោក​អ្នក​ផង​ដែរ​។ ដោយ​ឡែក​​ការ​ចូល​រួម​របស់​អតីត​នាយក នាយិកា និង​លោក​គ្រូ​ អ្នក​គ្រូ មិន​តម្រូវ​ឲ្យ​មាន​ការ​បង់​ប្រាក់​នោះ​ទេ។

សម្រាប់​សំបុត្រ​មាន​លក់​នៅ​វិទ្យាល័យ​​ទួល​ទំពូង​ផ្ទាល់​ជា​រៀង​រាល់​ថ្ងៃ ឬ​ទំនាក់​ទំនង​ទិញ​តាម​រយៈ​ទូរស័ព្ទ​លេខ ០១០ ២២១ ០៩៦ ឬ​ ០៩២ ៤២០ ៦៨៩​ ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ និង​ដឹក​ជូន​ដល់​ទី​កន្លែង​។

សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​ សូម​ទំនាក់​ទំនង​ទៅ​ក្រុម​ការងារ​រៀប​ចំ​ ​តាម​រយៈ​លេខ​ទូរស័ព្ទ​៖ ០៩៣ ៦០ ៧០ ៤២ ឬ​០៩៧ ៧៩០ ២៦០០ ឬ​តាម​រយៈ​អ៊ីម៉ែល៖ ttphsalumni@gmail.com ៕​​​​

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម