គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់​នៅ​តែ​ផ្ដល់​កម្ចី​ខ្នាត​តូច​ទោះ​អត្រា​ការប្រាក់​ត្រឹម​១៨%​​​

  • 2017-03-24 02:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ​បញ្ហា​ ការ​កំណត់​ពិដាន​អត្រា​ការប្រាក់​ត្រឹម​ ១៨% ចំពោះ​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់​ ដែល​ចេញ​ប្រកាស​ដោយ​ធនាគារ​ជាតិ​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ លោក​ឧកញ៉ា បណ្ឌិត ហួត អៀងតុង​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ឱ្យ​ដឹង​ថា អត្រា​ការប្រាក់​មិន​កំណត់​ចំពោះ​ទំហំ​កម្ចី​ទេ ទោះ​ទំហំ​ប៉ុណ្ណា​ក៏​ដោយ​ក៏​ត្រឹម​តែ​១៨%​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ប្រជាពលរដ្ឋ​។

ឧកញ៉ា ហួត អៀងតុង(កណ្ដាល) និង ឧកញ៉ាបណ្ឌិត ប៊ុន មុនី (ស្ដាំ)

លោក​បន្ថែម​ទៀត​ថា ទោះ​កម្ចី​ខ្នាត​តូច​ត្រឹម ៣០០០​ដុល្លារ ឬ​ក្រោម​នឹង​ទៀត​ដែល​ជា​កម្ចី​ខ្នាត​តូច​នៅ​តែ​បន្ត​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ដដែល​មិន​មាន​ការ​លប់​បំបាត់​ដូច​ការ​លើក​ឡើង​កន្លង​មក​របស់​​អ្នក​វិភាគ​សេដ្ឋកិច្ច​នោះ​ទេ។ លោក​ឧកញ៉ា ហួត​ អៀង​តុង បញ្ជាក់​ថា ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​កម្ចី​ធំ​ជាង​៣០០០​ដុល្លារ​ប្រហែល​ពី ៦០% ទៅ​៧០​ ចំណែក​ឯ​កម្ចី​ក្រោម​ចំនួន​នេះ​មាន​ចំនួន​តិច​តួច​។ ​ដូច្នេះ​ហើយ​​បណ្ដា​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់​ហាក់​មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​នេះ​ឡើយ​។

បន្ថែម​លើ​ពី​នេះ​ទៀត លោក​ឧកញ៉ា បណ្ឌិត​ ប៊ុន មុនី ​ទីប្រឹក្សា​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​លើក​ឡើង​​ទៀត​ថា ចំពោះ​បញ្ហា​បញ្ចុះ​អត្រា​ការ​ប្រាក់​ចំពោះ​បណ្ដា​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់ គឺ​មិន​មែន​ជា​រឿង​ថ្មី​ទេ ហើយ​មីក្រូហិរញ្ញវត្ថុ​ទាំង​អស់​ក៏​ចង់​បាន​បែប​នេះ​ដែរ​។ លោក​បន្ត​ទៀត​ថា កាល​ពី​១៥​ឆ្នាំ​មុន​អត្រា​ការប្រាក់​ទៅ​លើ​កម្ចី រហូត​ទៅ​ដល់ ៣៥%​ឯណោះ ទើប​ក្រោយ​មក​បញ្ចុះ​ត្រឹម​ ២០​%​។ ​ដូច្នេះ​ហើយ​ដើម្បី​កាន់​តែ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​  ឱ្យ​ទទួល​ប្រាក់​ទុន​ក្នុង​តម្លៃ​អត្រា​ការ​ប្រាក់​សមរម្យ​ទើប​រាជរដ្ឋាភិបាល​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​ត្រឹម​ ១៨​%​នេះ​ឡើង​។

លោក​ឧកញ៉ា បណ្ឌិត ហួត អៀងតុង និង លោក​ឧកញ៉ា បណ្ឌិត​ ប៊ុន មុនី​ ក៏​បាន​បន្ថែម​ទៀត​ផង​ដែរ​ថា ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ចំពោះ​ការ​ផ្ដល់​កម្ចី​ខ្នាត​តូច​នេះ គ្រប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​ត្រូវ​​មាន​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​ផ្សេង​ៗ ដូចជា​ចំណាយ​ទៅ​លើ​​ការងារ​រដ្ឋបាល​នានា​ក្នុង​ការ​ផ្ដល់​កម្ចី​ជា​ដើម​។ ​លោក​ទាំង​ពី​លើក​ឡើង​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​ប្រមែ​ប្រមូល​កម្ចី​ខ្នាត​តូច​ផ្សេងៗ​ពី​គ្នា ហើយ​បញ្ចូល​គ្នា​តែ​១​ បន្ទាប់​មក​ផ្ដល់​កម្ចី​ទាំង​នោះ​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​ពេល​តែ​មួយ​ មិន​ចាំបាច់​ធ្វើ​កម្ចី​ច្រើន​សារ​នាំ​ឱ្យ​មាន​ការ​ចំណាយ​រដ្ឋបាល​កាន់​តែ​ច្រើន​នោះ​ទេ​៕​ ​​​

អត្ថបទ៖ វឌ្ឍនៈ