បុរី​ប៉េង​ហួត​តំណាង​ឲ្យ​កម្ពុជា​បាន​ពាន​រង្វាន់​អចលន​ទ្រព្យ​ឆ្នើម​ប្រចាំ​ឆ្នាំ​ពី​ទីក្រុង​ហុងកុង

  • 2017-03-24 09:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរី ប៉េង ហួត ជា​បេក្ខភាព​តំណាង​កម្ពុជា ទទួល​បាន​ពាន​រង្វាន់​ជា​ក្រុមហ៊ុន​អចលន​ទ្រព្យ​ឆ្នើម ២០១៧ ( COMPANY OF THE YEAR) ដែល​ប្រកួត​ប្រជែង ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន ក្នុង​កម្មវិធី IAIR AWARD នៅ​សណ្ឋាគារ SHERATON ហុងកុង កាល​ពី​ថ្ងៃ​ទី១០ មីនា ២០១៧។

នេះ​ជា​មោទនភាព​របស់​កម្ពុជា​ដែល​ទទួល​ពាន​រង្វាន់​លើ​ឆាក​អន្តរជាតិ ធ្វើ​ឲ្យ​ពិភព​លោក​មើល​ឃើញ​កាន់​តែ​ច្បាស់ ពី​ឱកាស​វិនិយោគ​លើ​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា ថាកាន់តែ​មាន​សន្ទុះ​រីកចម្រើន។

កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន Le Fonty ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ លើ​វិស័យ​សំខាន់ ៗ​ជា​ច្រើន​ដូចជា សេដ្ឋកិច្ច បរិស្ថាន ការ​វិនិយោគ ជំនួញ​....​ក្នុង​នោះ​ក៏​មាន​វិស័យ​អចលន​ទ្រព្យ​ផង​ដែរ។

ការ​ជ្រើស​រើស​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ស្ទាប​ស្ទង់​មតិ​តាម​ប្រព័ន្ធ​អនឡាញ ពី​អ្នក​ចូលរួម​ប្រមាណ​១៥០.០០០ នាក់ និង​ទទួល​ព័ត៌មាន​ជាក់​ស្ដែង​ពី​បណ្ដាញ​ជុំវិញ​ពិភព​លោក ព្រម​ទាំង​ការ​សាក​សួរ​ផ្ទាល់​លើ​បុគ្គល​សំខាន់ៗ និង​ក្រុមហ៊ុន​ដៃគូ​សហការ។

មួយ​រយៈ​ចុងក្រោយ​នេះ វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ជាក់​ស្ដែង​កម្មវិធី Property Award របស់ Property Guru ជាដើម ហើយ​ប៉េង​ហួត បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដែល​​ទទួល​បាន​ពាន​រង្វាន់​ច្រើន​ជាង​គេ ពិសេស​ពាន​រង្វាន់​ធំ​ប្រចាំ​ឆ្នាំ។

អ្នក​រៀបចំ​កម្មវិធី IAIR AWARD បាន​ឲ្យ​ដឹង​ថា បុរី​ប៉េង​ហួត បាន​ទទួល​ពាន​រង្វាន់​ច្រើន​បែប​នេះ​ព្រោះ ជា​ក្រុមហ៊ុន​អភិវឌ្ឍ​ឈាន​មុខ​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា និង​បាន​ផ្ដល់​សេវាកម្ម​តាំង​ពី ២០០៥ មក​។ ពិសេស​បាន​អភិវឌ្ឍ​គម្រោង​លំនៅឋាន និង​ផលិត​ផល​មាន​ភាព​ច្នៃប្រឌិត ជាមួយ​នឹង​គុណភាព​ខ្ពស់ សុវត្ថិភាព សោភ័ណភាព និង​បង្កើត​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​អតិថិជន។

ដោយ​៖ វិទូ