ទិវា​មួយ​ម៉ោង​សម្រាប់​ផែន​ដី​ រំខាន​ដោយ​ភ្លៀង​ក្ដី តែ​​​បញ្ជ្រាប​អត្ថន័យ​​​​សំខាន់ដល់​សាធារណជន​

  • 2017-03-26 05:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដី នៅ​កម្ពុជា​ ​ប្រារព្ធ​ឡើង​​នៅ​ថ្ងៃ​ ២៥ មីនា​​ម្សិល​មិញ នៅ​​ក្នុង​បរិវេណ​​សួន​ច្បារ​វត្ត​បទុមវតី​ បាន​ទទួល​ការ​ចូល​​រួម​​ជា​ច្រើន​​ពី​សំណាក់​សាធារណជន​។

​ព្រឹត្តិការណ៍​​ខាង​​លើ​​​ក្រោម​ការ​រៀប​ចំ​របស់​ អង្គការ​ WWF សហការ​ជា​មួយ​ ក្រសួង​បរិស្ថាន​ ក្រុម​ប្រឹក្សា​យុវជន​ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ផ្ដោត​សំខាន់​លើ​​ប្រធាន​បទ "ការ​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​​ប្រកប​ដោយ​និរន្តរភាព​"។

ជា​មួយ​ប្រធាន​បទ​ខាង​លើ​នោះ បាន​ជំរុញ​ឲ្យ​កម្មវិធី​ទិវា​មួយ​ម៉ោង​សម្រាប់​ផែន​ដី ផ្សព្វ​ផ្សាយ​លើក​ទឹក​ចិត្ត​​ដល់​សាធារណជន​ដែល​ចូល​រួម​ មាន​ទំនួល​ខុស​ត្រូវ​​លើ​ការ​ប្រើ​ប្រាស់​ធន​ធាន​ធម្មជាតិ​ តាម​រយៈ​ពាក្យ "ជម្រើស​របស់​ខ្ញុំ ដើម្បី​បរិស្ថាន​"។ ទន្ទឹម​នឹង​នោះ​ ព្រឹត្តិការណ៍​ខាង​លើ​ក៏​​មាន​ កម្មវិធី​កម្សាន្ត ពី​ការ​ប្រគំ​តន្ត្រី សំណួរ​ចម្លើយ​យក​រង្វាន់ ដែល​សុទ្ធ​សឹង​តែ​បាន​បញ្ជ្រាប​សំខាន់​​ៗ ៣​​ផង​ដែរ គឺ​ ទី១ កុំ​បរិភោគ​សាច់​សត្វ​ព្រៃ ទី​២ មិន​ប្រើ​ប្រាស់​ឈើ​ប្រណិត និង​ទី​៣​ចូល​រួម​ប្រើ​ប្រាស់​ថាមពល​ដែល​កើត​​ឡើង​វិញ​។

កម្មវិធី​ខាង​លើ​​ចូល​រួម​​ពី​សាធារណជន​ ប្រព្រឹត្ត​ទៅ​ដោយ​​បរិយាកាស​សប្បាយ​រីក​រាយ​ តែ​យ៉ាង​ណា​មិញ ដោយ​សារ​វត្ត​មាន​ភ្លៀង​កក់​ខែ កម្មវិធី​ត្រូវ​បាន​ផ្អាក​​ផង​ដែរ ព្រោះ​មាន​ការ​រំខាន​ពី​​ភ្លៀង​ និង​ខ្យល់​ខ្លាំង។

យ៉ាង​ណា​មិញ កម្មវិធី​ខាង​លើ​បាន​បញ្ជ្រាប​សារ​សំខាន់​​ដល់​សាធារណជន ដោយ​​ការ​ចូល​រួម​ដើម្បី​ភព​ផែន​ដី ពុំ​មែន​តែ​​ត្រឹម​តែ​រយៈ​ពេល​១​ម៉ោង ឬ​១​ថ្ងៃ​​នោះ​ទេ គឺ​ជា​សកម្មភាព​ចូល​រួម​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ ដែល​គ្រប់​ៗ​គ្នា​ដោយ​ជួយ​​ដល់​ភព​ផែន​ដី​ដែល​យើង​រស់​នៅ​៕ ​​​​​

អត្ថបទ៖ មាន រតនា